ស្ថិរភាព​ថ្លៃ និង​តម្លៃ​ប្រាក់រៀល​រួមចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច 

ភ្នំពេញ៖ នៅក្នុង​រយៈពេល​ពី​រទ​ស​វត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​រក្សាបាន​ស្ថិរភាព​ថ្លៃ និង​តម្លៃ​ប្រាក់រៀល​ល្អប្រសើរ​ដែល​បានរួម​ចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា។

របាយការណ៍​បង្ហាញថា អតិផរណា​មាន​អត្រា​ជា​មធ្យម 3,8% ហើយ​អត្រា​ប្តូរប្រាក់​មាន​កម្រិត​ជា​មធ្យម 4,000 រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក។ ក្នុងស្ថានភាព​ដែល​សេដ្ឋកិច្ចកម្ពុជា​មាន​កម្រិត​ដុល្លា​រូបនីយកម្ម​ខ្ពស់ គោលនយោបាយ​រូបិយវត្ថុ​ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ ពឹងផ្អែក​ជា​ចម្បង​លើ​ការរក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់។

ស្ថិរភាព​អត្រា​ប្តូរប្រាក់​រក្សា​អំណាច​ទិញ​របស់​ប្រាក់រៀល និង​រួមចំណែក​រក្សា​អត្រា​អតិផរណា​ឱ្យ​ស្ថិតក្នុង​កម្រិត​ទាប​អាច​គ្រប់គ្រង​បាន។ ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់ ធនាគារជាតិ​នៃ​កម្ពុជា​បានធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់​ដោយ​ផ្គត់ផ្គង់​ប្រាក់រៀល​ស្របតាម​ស្ថានភាព​ទីផ្សារ ក្នុង​គោលបំណង​បញ្ចៀស​នូវ​បម្រែបម្រួល​ខ្លាំង​នៃ​អត្រា​ប្តូរ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក ដែល​កើតចេញពី​កត្តា​រដូវ​កាល ដូចជា​តម្រូវ​ការប្រាក់​រៀល​សម្រាប់​ការបង់ពន្ធ និង​ការទិញ​កសិផល ជាដើម។

គួរ​បញ្ជាក់ថា នៅក្នុង​រយៈពេល6ខែ ដើមឆ្នាំ2017នេះ អត្រា​អតិផរណា​មាន​កម្រិត​ជា​មធ្យម 3,5% ដោយបាន​ថយចុះ​ពី​ប្រមាណ 4,4% កាលពី​ខែមករា មក 2,3% នៅ​ខែមិថុនា ឆ្នាំ2017។ ទន្ទឹមនេះ អត្រា​ប្តូរ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​ជា​មធ្យម​មាន​កម្រិត 4,037 ដោយមាន​ការប្រែប្រួល​ត្រឹមតែ -0,2% ប៉ុណ្ណោះ ធៀប​នឹង​ឆ្នាំមុន។ នៅ​ឆ្នាំ2017 អត្រា​អតិផរណា​ជា​មធ្យម​រំពឹងថា មាន​កម្រិត 3%។

ដើម្បី​បន្ត​រួមចំណែក​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ពង្រឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន និង​ទន់ភ្លន់ ដើម្បី​បន្ត​រក្សា​អត្រា​អតិផរណា​ឱ្យ​ស្ថិតក្នុង​កម្រិត​ទាប តាមរយៈ​ការរក្សា​ស្ថិរភាព​អត្រា ប្តូរប្រាក់ និង​គ្រប់គ្រង​ការផ្គត់ផ្គង់​រូបិយវត្ថុ ស្របតាម​ការរីកចម្រើន​សកម្មភាព​សេដ្ឋកិច្ចជាតិ៕

Advertisement