កម្ពុជា-ថៃ គ្រោង​បើក​ច្រកព្រំដែន​អន្ដរជាតិ​ចំនួន 4បន្ថែមទៀត

ភ្នំពេញ – ខណៈដែល​ថៃ និង​កម្ពុ​ជាមាន​គម្រោង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន​ដល់ 15,000លាន​ដុ​លា្ល​រ​អាមេរិក​ក្នុង​ឆ្នាំ 2020ខាងមុខ​នោះ ថ្មីៗនេះ​ភាគី​ទាំងពីរ​ក៏បាន​គ្រោង​នឹង​បើក​ច្រកព្រំដែន​អន្ដរជាតិ​ចំនួន4បន្ថែមទៀត​ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ដំណើរការផ្សេងៗ ខណៈ​គេ​មើលឃើញថា ច្រកព្រំដែន​អន្ដរជាតិ​ប៉ោយប៉ែត​ចាប់ផ្ដើម​មានការ​កកស្ទះ។

ឯកឧត្ដម Nuthavudh Photisaro ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើងថា ការបើក​ច្រកព្រំដែន​បន្ថែម​ទាំង​បួន​នេះ​នឹង​ធ្វើឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជួយ​សម្រួល​ដល់​ដំណើរ​ឆ្លងកាត់​របស់​ភ្ញៀវទេសចរ​ក្នុងការ​ចេញចូល​ឆ្លងកាត់​ទៅមក​រវាង​ប្រទេស​ទាំងពីរ។

ឯកឧត្ដម​បញ្ជាក់ថា ដោយសារតែ​កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ជា​បន្ដ​បន្ទាប់ និង​ដើម្បី​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​អាច​ដើរ​ទៅដល់​ផែនការ​ទើប​ធ្វើឱ្យ​មានការ​ឈានទៅ​បើក​ច្រកព្រំដែន​អន្ដរជាតិ​ទាំង​បួន​បន្ថែមទៀត​ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការ​ទាំងនោះ។

គួរ​បញ្ជាក់ថា ច្រកព្រំដែន​អន្ដរជាតិ​ទាំង​បួន​ដែល​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​រយៈពេល​ណាមួយ​ខាងមុខ​ទៀត​នោះ​មានដូចជា៖

ទី1 ច្រក​អានសេះ ខេត្ដ​ព្រះវិហារ ជាប់​ច្រក​អាន​ម៉ា ស្ថិត​ខេត្ដ​កាន់​វ័ន​ឡា​សុថា​នី។
ទី2 ច្រក​ជប់​គគី ខេត្ដ​ឧត្ដរមានជ័យ ជាប់​ច្រក​សែ​ទូ​គោ ខេត្ដ​ប៊ុ​រី​រ៉ាំ។
ទី3 ច្រក​ភ្នំ​ដី ខេត្ដ​បាត់ដំបង ជាប់​ច្រក​ខៅ​ឌី​ន ខេត្ដ​ស្រះកែវ ។
ទី4 ច្រក​ថ្មដា ខេត្ដ​ពោធិសាត់ ជាប់​ច្រក ថា​សេន ខេត្ដ​ស្រះកែវ៕

Advertisement