ការដើរ​កម្សាន្ត​ក្នុងឱកាស​ភ្ជុំបិណ្ឌ​ធ្វើ​ឲ្យ​ចរន្ត​ទិញ-លក់​ដីធ្លី​កើនឡើង

ភ្នំពេញៈ ការធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត និង​ដើរ​កម្សាន្ត​ទៅតាម​បណ្តា​ខេត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ​ជួយ​ធ្វើ​ឲ្យ​ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​កើនឡើង។

អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal លោក​ឧកញ៉ា នួន រិទ្ធី បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី18 កញ្ញា​នេះ​ថា អ្វី​ជា​កត្តា​ចម្បង គឺ​សន្តិសុខ​ដែល​នាំ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ ស្ថិរភាព​នយោបាយ​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច ជាក់ស្តែង​នៅ​ឆ្នាំនេះ​យើង​ឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​បានចេញ​ដើរ​កម្សាន្ត​ក្នុងស្រុក និង​ក្រៅប្រទេស​ច្រើនជាង​មុន​ខ្លាំង។ លោក​បន្តថា ក្រៅពី​ដើរ​កម្សាន្ត​ហើយ ប្រជាពលរដ្ឋ​ក៏​គិតពី​ការវិនិយោគ​ដែរ​ដោយសារ​ប្រាក់ចំណូល​របស់​ពួកគេ​កើនឡើង ហេតុនេះ​ពួកគេ​សម្លឹង​រកមើល​អចលន​ទ្រព្យ​សម្រាប់​កូនចៅ​របស់​ពួកគេ ហើយ​អ្នក​រៀបការ​ថ្មីថ្មោង​ក៏​គិតពី​ជម្រក​របស់​ពួកគេ​ដែរ។

លោក​បន្តថា “ការដើរ​កម្សាន្ត​នៅ​រដូវ​បុណ្យ​ភ្ជុំ​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ចរន្ត​ដីធ្លី​កើនឡើង​ដែរ ប៉ុន្តែ​កម្លាំងចលករ​សំខាន់បំផុត គឺ​កំណើនសេដ្ឋកិច្ច និង​ប្រាក់ចំណូល ព្រមទាំង​លំហូរ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ទៅវិញ​ទេ​ដែល​ធ្វើ​ឲ្យ​ចរន្ត​ទិញ​លក់​ដីធ្លី​កើនឡើង និង​ធ្វើ​ឲ្យ​តម្លៃ​ដី​កើនឡើង។

លោក​ គីម ហ៊ាង ​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ការ​ចេញពី​រាជធានី​ភ្នំពេញ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ទៅកាន់​ស្រុកកំណើត​នៅតាម​បណ្តា​ខេត្ត និង​ដើរ​កម្សាន្ត​ទៅកាន់​រមណីយដ្ឋាន​នានា​អាចធ្វើ​ឲ្យ​ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​កើនឡើង ព្រោះ​អ្នក​ទៅ​ពី​រាជធានី​ភ្នំពេញ អាច​ចំណាយ​ប្រាក់​ចន្លោះ​ពី5ពាន់​ទៅ1ម៉ឺន​ដុល្លារ​រក​ទិញ​ដី​ល្អ​បាន ផ្ទុយទៅវិញ​បើ​ចំណាយលុយ​ប៉ុណ្ណឹង​នៅ​រាជធានី​ភ្នំពេញ គឺ​មិនអាច​ទិញ​អ្វី​បាន​នោះទេ។

លោក​បន្តថា “អ្នកខ្លះ​មាន​ប្រាក់​ពួកគេ​ក៏​ចាប់អារម្មណ៍​ទិញ​ដី​ទុក​នៅ​ស្រុកកំណើត​របស់ខ្លួន ទុក​ធ្វើ​អ្វីមួយ​នាពេល​អនាគត ឬ​ដាំ​ដំណាំផ្សេងៗដែល​ធ្វើ​ឲ្យ​ចរន្ត​ទិញ​លក់​ដីធ្លី​កើនឡើង​ជា​ស្វ័យប្រវត្តិ។

 

ទោះជា​យ៉ាងណា​លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong មិនសូវមាន​សុទិដ្ឋិនិយម​ខ្ពស់​ឡើយ ដោយ​លោក​បាន​លើកឡើងថា នេះ​ជា​ពិធីបុណ្យ​ប្រពៃណីជាតិ​ដែលមាន​ការជួបជុំ​បងប្អូន​សាច់ញាតិ​ជាធម្មតា ដែល​មិន​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ណាមួយ​ជា​ដុំកំភួន​ក្នុង​ចរន្ត​នៃ​ការដោះដូរ​ដីធ្លី​នោះទេ ព្រោះ​ពេល​ភ្ជុំ​ជា​ពេល​សប្បាយរីករាយ​ច្រើនជាង ប៉ុន្តែ​ចរន្ត​នៃ​ការទិញ​ដូរ​អាច​កើតឡើង​ក្រោយ​ពិធីបុណ្យ​នេះ​បញ្ចប់។

លោក​បន្តថា “សម្រាប់​ខ្ញុំ​យល់ថា វា​មិនមាន​អ្វី​កើន​ឡើងជា​ដុំកំភួន​នោះទេ​ក្នុង​ចរន្ត​នៃ​ការទិញ​លក់ ឬ​ដោះដូរ​អចលនទ្រព្យ​ដទៃទៀត៕

Advertisement