ឧកញ៉ា គួច ម៉េង​លី៖ «អ្នករៀន​គ្រប់គ្រង តិច​ណាស់​ដែល​រកស៊ី​ខ្លួនឯង»

សហគ្រិន​ភាពជា​មុខវិជ្ជា​ដែល​សិស្ស​នាពេល​បច្ចុប្បន្ន​ចាប់អារម្មណ៍​ច្រើន​បំផុត ហើយ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​សិស្ស​ជាង 60% ចាប់ផ្តើម​ជ្រើសរើស​មុខវិជ្ជា​គ្រប់គ្រង​ដែល​ក្នុងនោះ​មាន​និស្សិត​មួយចំនួន​បានសម្រេច​គោលដៅ​របស់ខ្លួន​ជា​ម្ចាស់​អាជីវកម្ម និង​មួយចំនួន​ផ្សេងទៀត​បាន​ចូលទៅ​ធ្វើការ​ឱ្យគេ​នៅតាម​ក្រុមហ៊ុន ឬ​សហគ្រាស​នានា។

លោក​ឧកញ៉ា គួច ម៉េង​លី អគ្គនាយក​ក្រុមហ៊ុន Mengly J Qouch Group បាន​បង្ហាញថា តាម​ការស្រាវជ្រាវ​បានបង្ហាញ​ឱ្យដឹងថា អ្នករៀន​ផ្នែក​ពាណិជ្ជកម្ម​ភាគតិច​ណាស់​ដែល​ធ្វើ​ជំនួញ​ខ្លួនឯង តែ​ពួកគេ​ភាគច្រើន​គឺ​ធ្វើការ ឬ​គ្រប់គ្រង​អាជីវកម្ម​ឱ្យគេ។

លោក​ឧកញ៉ា គួច ម៉េង​លី បាន​មានប្រសាសន៍ថា៖ «បើ​ចង់​រកស៊ី ត្រូវ​រៀន​អ្វីដែល​ថ្មី​ជាងគេ ហើយ​មិនទាន់​មាននៅ​ស្រុក​ខ្មែរ មិនមែន​រៀន​តែ​គ្រប់គ្រង​នោះទេ។ ម្យ៉ាងវិញទៀត អ្នក​ដែល​ជំនាញ​លើ​ផ្នែក​អ្វីមួយ​ទើប​អាចបង្កើត​ផលិតផល​ថ្មី​មួយ​សម្រាប់​រកស៊ី​បាន ហេតុនេះ​សូម​ព្យាយាម​ចាប់យក​ជំនាញ​ណាមួយ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ចេញមក​រកស៊ី»។

សហគ្រិន​ល្បីឈ្មោះ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ជា​ឧទាហរណ៍ នៅ​ជុំវិញខ្លួន​យើង យើង​ឃើញថា​ទឹក​សុទ្ធ​ដែល​យើង​ទទួលទាន រួមទាំង​របស់របរ​ទាំងអស់​ទៀត​កើតចេញពី​អ្នកជំនាញ ហេតុនេះ​បើ​គ្មាន​ជំនាញ ក៏​គ្មាន​អ្វីដែល​ត្រូវ​រកស៊ី​ដែរ។ បើ​មិន​សិក្សា​ពី​ជីវវិទ្យា ហើយ​គ្មាន​អ្នកស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ក៏​គ្មាន​ផលិតផល​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​យើង​បានដែរ។ ហេតុនេះ​បើ​ចង់​រកស៊ី ត្រូវ​បង្កើន​ចំណេះដឹង​ខ្លួនឯង​ឱ្យ​ច្បាស់ ហើយ​បង្កើត​អ្វីមួយ​ឱ្យបាន បន្ទាប់មក​យក​វា​ធ្វើជា​ផលិតផល​សម្រាប់​រកស៊ី​ដែល​ប្លែក និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត៕

Advertisement