លោក សោម សុធា៖ « មនុស្ស​ដែល​គ្រាន់តែ​ចែកពេល​រៀន និង​ស្ម័គ្រចិត្ត​ឱ្យ​ប៉ះពាល់​ដែរ អន់​បំផុត»

ការធ្វើការងារ​ស្ម័គ្រចិត្ត ជាការ​ងារ​ដែល​គ្មាន​ចំណូល តែ​ការងារ​នេះ​ជាទូទៅ​គេ​សង្កេតឃើញថា​មាន​យុវជន​មួយចំនួនធំ​ចូលចិត្ត​ធ្វើ​វា ខណៈ​មាន​យុវជន​មួយចំនួនទៀត​គិតថា​ការធ្វើការងារ​ស្ម័គ្រចិត្ត​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ការសិក្សា ហើយ​មិនគួរ​ធ្វើ​វា​នោះទេ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សោម សុធា  ប្រធាន​ផ្នែក​បណ្តុះបណ្តាល​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន Forval (Cambodia) Co., Ltd បាន​លើកឡើងថា ការធ្វើការងារ​ស្ម័គ្រ​ចិត្តជា​ចំណុច​អាទិភាព​មួយ​ដែល​និស្សិត​គួរ​ធ្វើ​ព្រោះថា ភាពជា​និស្សិត​មិនមែន​ត្រូវធ្វើ​ការងារ​យក​មានបាន​នោះទេ តែ​ត្រូវធ្វើ​ការងារ​ដើម្បី​ស្វែងរក​បទពិសោធ​សម្រាប់​ជីវិត​សិក្សា និង​ការងារ​នៅ​ថ្ងៃ​អនាគត។ នៅក្នុង​ដំណើរ​ជីវិត​ត្រូវ​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន​ដែល​មនុស្សម្នាក់ៗត្រូវ​ប្រឈម និង​មាន​ភាព​តស៊ូ ហើយ​ជីវិត​សិក្សា គ្រាន់តែ​ជា​ដំណាក់កាល​ចាប់ផ្តើម​តែប៉ុណ្ណោះ។

លោក សោម សុធា បាន​និយាយថា៖ «អ្នក​ដែល​គ្រាន់តែ​ចែកពេល​រៀន និង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ឱ្យ​ប៉ះពាល់​ដល់​ខ្លួនឯង​ដែរ​ជា​មនុស្ស​អន់​បំផុត ព្រោះ​ពួកគេ​មិនអាច​ធ្វើបាន​សូម្បីតែ​រឿង​តូច​មួយ​ក្នុង​ជីវិត​សិក្សា។ តើ​ពួកគេ​អាច​នឹង​ប្រឈមមុខ​ជាមួយនឹង​បញ្ហាធំៗនៅ​ថ្ងៃ​អនាគត​យ៉ាងម៉េច​នឹង​កើត?»។

អ្នកជំនាញ​បណ្តុះបណ្តាល​ធនធានមនុស្ស​ខាងលើ​បានលើកឡើង​ផងដែរ​ថា យុវជន​គួរ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ឱ្យបាន​ច្រើន តែ​ធ្វើឱ្យ​ត្រូវ​នឹង​អ្វីដែល​យើង​កំពុង​រៀន ហើយ​កុំ​បារម្ភ​ពី​ផលប៉ះពាល់ ព្រោះ​បើ​គ្រាន់តែ​រៀន​សោះ ហើយ​ឆ្លៀត​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ឱ្យ​ប៉ះពាល់​ដល់​ការសិក្សា​ដែរ អ្នកនោះ​មិនទាន់​រាប់​ថា​ខ្លាំង​នោះទេ។ ការដែល​សិក្សា​ផង និង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ក្នុងពេល​តែមួយ គឺ​រាប់​ថា​យើង​កំពុងធ្វើការ​ងារ​តែ2 ប៉ុណ្ណោះ បើ​យើង​ធ្វើ​មិនកើត នោះ​វា​បង្ហាញ​ពី​ចំណុច​មិន​រឹងមាំ​របស់​យើង ព្រោះថា​នៅ​ថ្ងៃ​អនាគត យើង​ត្រូវ​ទទួលបន្ទុក​ច្រើនជាង 2 ហើយ​មាន​ការងារ និង​ដំណាក់កាល​តស៊ូ​ជម្នះ​ជាច្រើន​ផ្សេងទៀត​ដែល​ត្រូវធ្វើ។

បើតាម​លោក​សុធា លោក​ជំរុញ​ឱ្យ​យុវជន​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឱ្យបាន​ខ្លាំង និង​តស៊ូ​ជម្នះ​ឧបសគ្គធំៗក្នុង​ជីវិត​ដោយ​ខ្លួនឯង ដើម្បី​ត្រៀមខ្លួន​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ដែល​ពោរពេញ​ទៅដោយ​ថាមពល​សម្រាប់​បម្រើការ​ងារ ឬ​បង្កើត​អាជីវកម្ម​ប្រកបដោយ​សក្តានុពល​នៅក្នុង​សង្គម៕

Advertisement