សូម​រក​ខ្លួនឯង​ឱ្យឃើញ មុនពេល​សម្រេចចិត្តថា​រៀន​មុខវិជ្ជា​ណាមួយ

ការជ្រើសរើស​មុខវិជ្ជា​សិក្សា​នៅ​មហាវិទ្យាល័យ ជា​រឿង​ស្មុគស្មាញ​មួយ​សម្រាប់​សិស្ស​ដែល​ទើបនឹង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ ព្រោះថា​ពេលនេះ​ជា​ដំណាក់កាល​សម្រេច​ជោគវាសនា​ខ្លួនឯង​សម្រាប់​ថ្ងៃ​អនាគត ប្រសិនបើ​ពួកគេ​ជ្រើសរើស​ត្រូវ វា​ជា​គុណសម្បត្តិ​ដែលនាំឱ្យ​ជីវិត​ទទួលបាន​ជោគជ័យ តែ​ប្រសិនបើ​គេ​ជ្រើសរើស​ខុស​វិញ ពួកគេ​នឹងត្រូវ​ទទួល​នូវ​គ្រោះ​ធំ​មួយ​សម្រាប់​ជីវិត។

សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស បណ្ឌិត ឯក មនោ​សែន បាន​លើកឡើងថា​សិស្ស​ដែល​ចង់​ជ្រើសរើស​ជំនាញ​សិក្សា​ឱ្យបាន​ត្រឹមត្រូវ​គួរ​សិក្សា​ពី​ឧបនិស្ស័យ សមត្ថភាព និង​លទ្ធភាព​ជាមុនសិន ដើម្បីឱ្យ​ផ្លូវ​ដែល​ត្រូវ​ដើរ​មាន​ភាពរលូន និង​ទទួលបាន​ជោគជ័យ​ខ្ពស់​ក្នុង​ដំណើរ​ជីវិត។

លោក​បាន​បញ្ចាក់​ផងដែរ​ថា មនុស្សម្នាក់ៗមាន​ឧបនិស្ស័យ​ផ្សេងគ្នា ហេតុនេះ​ការដែល​គាត់​ជ្រើសរើស​មុខវិជ្ជា​ណាមួយ​ដែល​ត្រូវ​នឹង​ឧបនិស្ស័យ​ជា​ផ្នែក​មួយ​ជំរុញ​ឱ្យ​គាត់​ខិតខំ​ប្រឹងប្រែង​ខ្លាំង តែ​ក៏ត្រូវ​មើល​លើ​លទ្ធភាព​ផងដែរ ព្រោះ​មុខវិជ្ជា​ដែល​គាត់​ស្រឡាញ់​មួយចំនួន​ត្រូវ​ចំណាយ​ច្រើន ហេតុនេះ​សិស្ស​គួរ​គិតគូរ​ឱ្យ​ច្បាស់​មុនពេល​សម្រេចចិត្ត។

ស្រដៀង​គ្នា​នេះដែរ​លោក លោក ហួរ តុលា ស្ថាបនិក​កម្មវិធី​ជជែក​តស៊ូ​មតិ The Perspectives Cambodia បាន​លើកឡើងថា អ្នកសិក្សា​គួរ​គិតពី​ខ្លួនឯង​ឱ្យបាន​ច្បាស់​មុនពេល​ដែល​យើង​សម្រេចចិត្ត​ជ្រើសរើស​យកមុខ​វិជ្ជា​សិក្សា​ណាមួយ។ មនុស្សម្នាក់ៗមាន​ថាមពល និង​ចំណុចខ្លាំងរៀងៗខ្លួន ហើយ​ចំណុចខ្លាំង​របស់​មនុស្ស​ម្នាក់​អាចធ្វើ​ការងារ​បាន​ច្រើន​ប្រភេទ​ក្នុង​ទម្រង់​តែមួយ ដូចជា​មនុស្ស​ដែល​ស្រឡាញ់​វិទ្យាសាស្ត្រ​សង្គម​គាត់​អាចធ្វើ​ការងារ​បាន​ច្រើនបែប​នៅក្នុង​ជំនាញ​នេះ។

លោក ហួរ តុលា បាន​និយាយថា៖ «ជម្រើស​ល្អ​បំផុត​គឺ​ស្វែងរក​ខ្លួនឯង​ឱ្យឃើញថា​ស្រឡាញ់​ទម្រង់​បែបណា​បន្ទាប់មក សម្លឹងមើល​ទីផ្សារ​ស្របពេល​ជាមួយគ្នា ហើយ​ជ្រើសរើស​ជំនាញ​ណា​ដែល​ត្រូវ​ជាមួយ​ខ្លួនឯង ហើយ​មាន​ទីផ្សារ​ខ្ពស់»។

កញ្ញា អៀង លីន​ដា ប្រធាន​ក្រុម Life Group បាន​ថ្លែងថា សិស្ស​គួរ​ចំណាយ​ពេលវេលា​ដើម្បី​ស្តាប់​បេះដូង​ខ្លួនឯង ព្រោះ​រាល់​សំឡេង​ខាងក្រៅ​គ្រាន់តែ​ជា​យោបល់​ដែល​មនុស្ស​ដទៃ​មើលឃើញ​ពី​យើង​ខ្លួនឯង ប្រសិនបើ​យើង​រវល់​តែ​ស្តាប់​សំឡេង​គេ​ឱ្យយោបល់​ច្រើនពេក គាត់​អាច​ភ្លេច​ពី​ចំណង់​ចំណូលចិត្ត ឬ​ទេពកោសល្យ​ពី​ធម្មជាតិ​របស់​ខ្លួនឯង ហេតុនេះ​គាត់​គួរ​ចំណាយពេល​គិតពី​អ្វីដែល​គាត់​ស្រឡាញ់​ពិតប្រាកដ​ដើម្បី​ស្វែងរក​សក្តានុពល​ក្នុង​ខ្លួន​របស់​ខ្លួនឯង ហើយ​ទាញយក​យោបល់​ពី​ជុំវិញខ្លួន​មក​សំយោគ​ដើម្បី​ជា​ប្រភពព័ត៌មាន​សម្រាប់​ការពិចារណា​ក្នុង​ជីវិត មុនពេល​ជ្រើសរើស​ជំនាញ​សិក្សា៕

Advertisement