អ្វីដែល​អ្នក​គួរ​ដឹង​ក្នុង​វិស័យ​អចលនទ្រព្យ

ដើម្បី​ឈរជើង និង​រកស៊ី​បានយូរ​នៅក្នុង​វិស័យ​អចលនទ្រព្យ អ្នក​ត្រូវតែមាន​ភាព​ឆ្លាត​វៃ​បំផុត​ក្នុង​ការបង្កើត​ទំនាក់ទំនង និង​ចេះ​វាយតម្លៃ​ទៅលើ​អចលនទ្រព្យ។ មនុស្ស​ជាច្រើន​បាន​និយាយថា ការរកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​គឺជា​រឿង​ងាយស្រួល និង​ឆាប់​មាន​បំផុត ប៉ុន្តែ​វា​មិនមែន​ងាយស្រួល​ដូច​ការគិត​នោះទេ។ តើ​អ្នក​គួរតែ​យល់ដឹង​អ្វីខ្លះ​នៅក្នុង​វិស័យ​អចលនទ្រព្យ?

1/ សិក្សា​ពី​តម្លៃ​ក្នុងស្រុក

នេះ​ជា​កិច្ចការ​ដំបូង​ដែល​អ្នក​ត្រូវ​ដឹង​តម្លៃ​អចលនទ្រព្យ​ក្នុងពេល​បច្ចុប្បន្ន នៅក្នុង​តំបន់នីមួយៗក្នុងប្រទេស​របស់​អ្នក ជាពិសេស​គឺ​តំបន់​កំពុងអភិវឌ្ឍន៍ និង​តំបន់​គ្រោង​អភិវឌ្ឍន៍ នៅពេលដែល​អ្នកដឹង​ពី​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​ណាមួយ​ច្បាស់ នោះ​អ្នកនឹង​ងាយស្រួល​ក្នុង​ការលក់ ឬ​ទិញ ដោយ​ទទួលបាន​ផលចំណេញ​ច្រើន។ អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា តម្លៃ​នៃ​អចលនទ្រព្យ​មួយ​នេះ វា​នឹង​កើន​តម្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នៅពេល​ខាងមុខ ជាពិសេស​ត្រូវ​ដឹងថា ហេតុអ្វី​តំបន់​នេះ​មានការ​អភិវឌ្ឍន៍​ច្រើន ប៉ុន្តែ​តម្លៃ​នៃ​អចលនទ្រព្យ​មិន​កើនឡើង​សោះ?

2/ មើលទៅ​តំបន់​ជាយក្រុង

ជាការ​ពិតណាស់ នៅពេល​ការអភិវឌ្ឍន៍​ក្នុង​ក្រុង​កាន់តែ​តូចទៅៗ នោះ​ក្រុម​អ្នកវិនិយោគ​នឹង​ងាក​ទៅ​ជាយក្រុង​វិញ​ម្ដង ដូច្នេះ អ្នក​ត្រូវ​ដឹងថា បច្ចុប្បន្ន​តើ​ការអភិវឌ្ឍន៍​នៅក្នុង​ទីក្រុង​ដល់​កម្រិតណា​ហើយ ហើយ​វា​នឹង​ជះឥទ្ធិពល​ទៅដល់​ជាយក្រុង​នៅពេលណា? នៅពេលដែល​អ្នក​ដឹងថា តំបន់​ជាយក្រុង​ណាមួយ នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​នោះ នោះ​អ្នកនឹង​មើលឃើញ​ពី​ការរកស៊ី និង​ទទួលបាន​ផលចំណេញ​ពី​ការរកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​នេះ។

3/ ត្រូវ​តាមដាន​ព័ត៌មាន​ឱ្យបាន​ល្អិតល្អន់

ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ស្ថាប័នឯកជន ឬ​រដ្ឋ ដើម្បី​ទទួលបាន​ព័ត៌មាន​នានា លើ​វិស័យ​អចលនទ្រព្យ ព្រោះ​អ្នកនឹង​ដឹងថា តំបន់​ណា​នឹង​ក្លាយជា​តំបន់​អ​ភ​វិ​ឌ្ឍ​ន៍ តំបន់​ណា​នឹងត្រូវ​រដ្ឋាភិបាល​កាត់​ធ្វើជា​របស់​រដ្ឋ។ មួយទៀត ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ស្ថាប័នរដ្ឋ អ្នក​អាចនឹងទទួល​បាន​ផលចំណេញ​ច្រើន ព្រោះ​នៅពេល​មាន​ក្រុម​វិនិយោគ​មក គេ​អាច​នឹង​រុញច្រាន​គម្រោង​ណាមួយ​ឱ្យមក​អ្នក៕

Advertisement