លែង​បារម្ភ​រឿង​អត់​ការងារ​ធ្វើ​ទៀតហើយ! ក្រុមហ៊ុន​ឯកជន​បារាំង​ជាង300 នឹង​មក​វិនិយោគ​នៅ​កម្ពុជា​ក្នុងពេល​ឆាប់នេះៗ

ពលរដ្ឋ​ខ្មែរ នឹង​ឈប់​ធ្វើ​ចំណាកស្រុក​បន្តទៀត​ហើយ ហើយ​មួយចំនួនទៀត​នឹង​ត្រឡប់មក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ ខណៈ​ក្រុមហ៊ុន និង​សហគ្រាស​ឯកជន​បារាំង​ជាង300ក្រុមហ៊ុន នឹង​ចូលមក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ក្នុងពេលឆាប់ៗនេះ។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​គណៈប្រតិភូ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នា​ថ្ងៃទី20 ខែកញ្ញា ឆ្នាំ2017កន្លងទៅនេះ  ដោយបាន​ជួបពិភាក្សា​ជាមួយ​លោក Jean-Pierre RAFFARIN ប្រធាន​មូលនិធិ FPI (Fondation Prospective Innovation) ដែលជា​អតីត​នាយករដ្ឋមន្ត្រី​បារាំង និង​ជា​សមាជិកសភា​កិត្តិយស​នៃ​ប្រទេស​បារាំង ដោយ​លោក​បាន​បញ្ជាក់ថា ឆាប់ៗខាងមុខនេះ សហគ្រាស និង​ក្រុមហ៊ុន​បារាំង​ជាង 300ស្ថាប័ន នឹង​ចូលមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ការងារ​ក្នុងស្រុក និង​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង។

នៅ​ចំពោះមុខ​អ្នកការទូត​ជាច្រើនរូប ប្រធាន​សមាគម​ពាក់ព័ន្ធ​នឹង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ដែល​មកពី​ប្រទេសផ្សេងៗ អ្នកបញ្ជារ​ទិញធំៗ (BUYER) និង​តំណាង​ក្រុមហ៊ុន​រៀបចំ​ពិ​ព័រ​ណ៌ MESSE FRANKFURT ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើងថា ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ដោយ​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម 7% ក្នុង​មួយឆ្នាំ​ក្នុង​រយៈពេល 10ឆ្នាំ​កន្លងទៅ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី3 សំដៅ​បង្ក​បរិយាកាស​ធុរកិច្ច​ដ៏​ល្អប្រសើរ ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​គោលដៅ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​វិនិយោគ​និង​ធ្វើ​ធុរកិច្ច។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា «ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា-បារាំង កន្លងមក​រហូតមក​ដល់ពេល​នះ ជាពិសេស​ផ្នែក​ការទូត សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដែល​ក្នុងនោះ​ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង​អំពី​ប្រព័ន្ធ​អនុគ្រោះ “EVERYTHING BUT ARMS (EBA)” ដែល​បាន​អនុញ្ញាតឱ្យ​កម្ពុជា​អាច​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ (លើកលែងតែ​អាវុធ) ទៅកាន់​សហគម​អឺរ៉ុប ដោយ​មិន​ជាប់ពន្ធ និង​កាតព្វកិច្ចផ្សេងៗឡើយ»។ ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​ភាគី​បារាំង ឱ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា ជាពិសេស​បាន​ជំរុញ​ភាគី​បារាំង ឱ្យមកធ្វើ​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា ទៅលើ​វិស័យ​កាត់ដេរ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ផលិតផល​កសិកម្ម និង​ផលិតផល​សក្តានុពល​ជាច្រើន​ទៀត។

ជាការ​ឆ្លើយតប លោក Jean-Pierre RAFFARIN បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​ប្រទេស​កម្ពុជា ដែលមាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស គួរឱ្យកត់សម្គាល់​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ថា​កម្ពុជា​ពិត​ជាមាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ មាន​ធនធានធម្មជាតិ​សម្បូរ​ណ៍​បែប និង​មាន​ទីតាំង​អំណោយផល​សម្រាប់​ធានា​ដល់​ការធ្វើ​វិនិយោគ​យូរអង្វែង​ផងដែរ។ លើសពីនេះទៅទៀត តាមរយៈ​មូល​នី​ធី FPI (Fondation Prospective Innovation) នៃ​ប្រទេស​បារាំង លោក Jean-Pierre RAFFARIN នឹង​ប្រមែប្រមូល​ក្រុមហ៊ុន និង​សហគ្រាស​ឯកជន​បារាំង ប្រមាណ​ជាង300ស្ថាប័ន​មក​សិក្សា​ពី​លទ្ធភាព​វិនិយោគ និង​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក​បាន​បញ្ជាក់ទៀតថា «ក្រុមហ៊ុន​និង​សហគ្រាស​ឯកជន​ទាំងនោះ នឹង​ទៅ​កម្ពុជា​ដើម្បី​បើក​ក្រុមហ៊ុន និង​វិនិយោគ​លើ​វិស័យ​កាត់ដេរ សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា»

ការវិនិយោគ​ដែល​នឹង​កើតឡើង​យ៉ាងពិត​ប្រាកដ​ខាងមុខនេះ នឹង​ជួយ​ឱ្យ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហគមន៍​អឺរ៉ុប មានការ​កើនឡើង​បន្ថែមទៀត ជាពិសេស​ការបញ្ជា​រទិញ​ផលិតផល​សម្លៀកបំពាក់ វាយនភ័ណ្ឌ និង​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​ពី​សហគមន៍​អឺរ៉ុប៕

Advertisement