ការងារ​ស្ម័គ្រ​ចិត្តបាន​លុយ​តិច តែ​អាច​បាន​ទាំង​អាហារូបករណ៍ និង​ការងារ​ល្អ

ការងារ​ស្ម័គ្រចិត្ត ជាការ​ងារ​ដែល​សិស្ស​និស្សិត​មួយចំនួនធំ​មិនសូវ​ចូលចិត្ត​ធ្វើ ព្រោះ​មិន​ទទួលបាន​ផល​ច្រើនភ្លាមៗតាមរយៈ​ការទទួលបាន​ចំណូល ឬ​ទទួលបាន​នូវ​កិត្តិយស​សម្រាប់​ខ្លួនឯងភ្លាមៗនោះទេ។

លោកស្រី សា​យ៉ា លីន​ដា មន្ត្រី​នៃ​ក្រសួង​មុខងារសាធារណៈ​បាន​លើកឡើងថា ការងារ​ស្ម័គ្រចិត្ត គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ជីវិត​ការងារ​តែប៉ុណ្ណោះ។ ថ្វីត្បិតតែ​ការងារ​ស្ម័គ្រចិត្ត​មិន​ផ្តល់​ផល ឬ​មិន​ផ្តល់​លុយកាក់​ច្រើនភ្លាមៗដល់​សិស្ស និស្សិត​ក៏ពិតមែន តែ​វា​ជាកា​ងារ​ដែល​អាច​ទាញយក​ប្រយោជន៍​ច្រើន​សម្រាប់​ការងារ​នា​ថ្ងៃ​អនាគត។

លោកស្រី​បាន​និយាយថា៖ «ធ្វើ​ការងារ​ស្ម័គ្រចិត្ត​មួយចំនួន​អាច​មិនសូវ​ត្រូវ​នឹង​ជំនាញ​ដែល​យើង​ចង់​ធ្វើ​នៅ​ថ្ងៃ​អនាគត តែ​គុណប្រយោជន៍​របស់​វា​ផ្នែក​ខ្លះ អាចជា​ចំណុច​អភិវឌ្ឍ​ជំនាញ​របស់​យើង​បាន​យ៉ាង​ល្អ​ដោយ​មិនដឹង​ខ្លួន»។

ស្រដៀង​គ្នា​នេះដែរ និស្សិត​ដែល​ធ្លាប់​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស លោក ឌុ​ច ឡា​លីន បាន​លើកឡើងថា ការងារ​ស្ម័គ្រចិត្ត​ក៏មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយនឹង​អាហារូបករណ៍​នៅ​បរទេស​ផងដែរ ព្រោះថា​ការងារ​ស្ម័គ្រចិត្ត​អាចធ្វើឱ្យ​យើង​មានបទពិសោធន៍​នៅក្នុង​សង្គម​ជាក់ស្តែង ហើយ​អ្នក​ជ្រើសរើស​អាហារូបករណ៍​ក៏ត្រូវ​ការ​មនុស្ស​ដែលមាន​បទពិសោធន៍​ការងារ​នេះ​ខ្លះ​ដែរ។

លោក ឌុ​ច ឡា​លីន បាន​និយាយថា៖ «ប្រសិនបើ​ចង់​ជាប់​អា​ហ​រូបករណ៍​ទៅ​សិក្សា​នៅ​បរទេស សូមកុំ​គិតថា​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ដើម្បី​តែ​បង្ហាញ​គេ​ជ្រើសរើស តែ​អ្វីដែល​សំខាន់​គឺ ការចេះ​ទាញយក​បទពិសោធន៍​ជីវិត​ជាក់ស្តែង​ពី​ពិភព​ការងារ​ដែល​ធ្លាប់ធ្វើ ដើម្បី​ចំណេះដឹង​ជាក់ស្តែង​សម្រាប់​ជីវិត ព្រោះ​អាហារូបករណ៍​គឺ​គេ​ជ្រើសរើស​មនុស្ស​ណា​ដែលមាន​ចិត្ត​ចង់​ជួយ​សង្គម​ពិតប្រាកដ»៕

Advertisement