ម៉ូត​សំលៀកបំពាក់​ទាន់សម័យ​របស់​កម្ពុជា ទទួលបាន​កត្តិ​នាម​លើ​ឆាក​អន្ដរជាតិ

ម៉ូត​សំលៀកបំពាក់​ទាន់សម័យ​របស់​កម្ពុជា ដែល​បានបង្ហាញ​ក្នុង​កម្មវិធី​ពិព័រណ៍​សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” ត្រូវបាន​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប អាមេរិក អាស៊ី​ជាច្រើន ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង។

ម៉ូត​សំលៀកបំពាក់​កម្ពុជា​ដែល​ឌី​ហ្សា​ញ​ម៉ូត​ដោយ​ក្រុមហ៊ុន ក្រុមហ៊ុន​ឌី​ហ្សា​ញ និង​កាត់ដេរ​សម្លៀកបំពាក់ NATACHA VAN ដែលជា​ស្នាដៃ​កូន​ខ្មែរ តាមរយៈ​ក្រសួងពាណិជ្ជកម្ម និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ទទួលបាន​ការចាប់អារម្មណ៍ និង​កា​រស​សើ​រថា ការ​រចនា​ម៉ូត​បែប​ទាន់សម័យ​របស់​កូន​ខ្មែរ មិន​ចាញ់​សហគមន៍​អឺរ៉ុប ខណៈ​ម៉ូត​សំលៀកបំពាក់​កម្រិត​អន្តរជាតិ​ទាំងនោះ បានបង្ហាញ​វត្ដ​មាន​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត “READY-TO-WEAR CATWALK SHOW” នៅក្នុង​ឱកាស​ពិព័រណ៍​សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

នៅក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​នោះ មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​មកពី​សហគមន៍​អឺរ៉ុប កម្ពុជា វៀតណាម និង​មី​យ៉ាម៉ា។ គ្រាន់តែ​ដល់​វេន ការបង្ហាញ​ម៉ូត​សម្លៀកបំពាក់​របស់​កម្ពុ​ជា​ភ្លាម ភ្ញៀវ​ដែល​បាន​ចូលរួម​ទស្សនា បាន​ទះដៃ​អបអរសាទរ ជាពិសេស​គឺ គណៈកម្មការ​រៀបចំ​ក​ម្ម​វិធី បាន​ក្រោកឈរឡើង​ថ្លែង​កោតសរសើរ​យ៉ាងខ្លាំង​ដល់​កម្ពុជា ហើយ​នៅពេលនោះ​មានតែ​ប្រទេស​កម្ពុជា​តែមួយគត់ ដែលមាន ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម គណៈប្រតិភូ​កម្ពុជា និង​ម្ចាស់​ក្រុមហ៊ុន​ឌី​ហ្សា​ញ​ម៉ូត​សម្លៀកបំពាក់ NATACHA VAN ត្រូវបាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ឡើង​មកលើ​ឆាក ដើម្បី​ថតរូប​ជុំគ្នា​ទុកជា​អនុស្សាវរីយ។

ម៉ូត​សម្លៀកបំពាក់​ខ្មែរ​នាពេលនោះ ត្រូវបាន​គេ​វាយតម្លៃថា ស្អាត ទាន់សម័យ មានគុណ​ភាពល្អ ហើយ​អាច​ប្រកួតប្រជែង​បាន​ក្នុង​ទីផ្សារ​អឺរ៉ុប​ទៀតផង។ ភាពលេច​ធ្លោ​នៃ​សម្លៀកបំពាក់​កម្ពុជា​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​នោះ ភាពជោគជ័យ​ដ៏​ធំធេង​នេះ នឹង​ជួយ​ឱ្យ​កាន់តែ​មានការ​គាំទ្រ និង​មានការ​បញ្ជា​រទិញ​ផលិតផល​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​កម្ពុជា​កាន់តែច្រើនឡើងៗពី​បណ្តា​ប្រទេស​មកពី​សហគមន៍​អឺរ៉ុប អាមេរិក កាណាដា និង​អាស៊ី​ជាច្រើន​ទៀត៕

Advertisement