ការផ្លាស់ប្តូរ​ទម្លាប់​ដាំ​ដំណាំ​អាចជួយ​ឱ្យ​កសិករ​រកចំណូលបាន​កាន់តែ​ប្រសើរ

ការផ្លាស់ប្តូរ​ទម្លាប់​ដាំ​ដំណាំ មិន​ត្រឹមតែ​ជួយ​ឱ្យ​ដី​រក្សា​គុណភាព​បានយូរ​ទេ វា​ថែមទាំង​ជួយ​ឱ្យ​កសិករ ងាយស្រួល​រក​ទីផ្សារ​លក់​កសិក​ផល ដែល​អាច​រកចំណូលបាន​ប្រសើរ​ជាង​មុន។

តួយ៉ាង​អ្នកស្រី វ៉ាន់ សៀ​ប កសិករ​ម្នាក់​ក្នុងចំណោម​កសិករ​ជាង 200គ្រួសារ ដែល​ប្រក​បរបរ​ធ្វើ​ចំការ​នៅលើ​កោះតាង ដែលមាន​ព្រំប្រទល់​ជាប់​គ្នា 3ឃុំ-សង្កាត់ រួមមាន​ឃុំ​កោះ​ឧ​ញ៉ា​តី និង​ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នោះបាន​ប្រាប់​ឱ្យដឹងថា នៅលើ​ផ្ទៃដី​កោះ​ប្រមាណ 300ហិកតា ដើមឡើយ ភាគច្រើន​គេ​ដាំ​ល្ហុង និង​ពោត​យក​ផ្លែ ប៉ុន្តែ​ដោយសារ​ល្ហុង​ធ្លាក់​ថ្លៃ​ខ្លាំងពេក និង​គ្មាន​ទីផ្សារ​ផង​នោះ កសិករ​ក៏​នាំគ្នា​កាប់​ចោល​ងាក​មក​ដាំពោត​វិញ ហើយ​ដំបូង​គឺ​ដាំ​យក​គ្រាប់​លក់បាន​តម្លៃ​ថ្លៃ​គួរសម​ដែរ តែដោយសារថ្មីៗនេះ ទីផ្សារ​ស្នៀតពោត​ទូលំទូលាយ ហើយ​បាន​ថ្លៃ​ផង​នោះ ទើប​អ្នក​កោះតាង​លែង​ដាំ​យក​គ្រាប់ និង​ផ្លែ មក​ដាំ​យក​ស្នៀត​លក់​វិញ។

កសិករ​រូបនេះ​ក៏បាន​បន្ថែម​ដែរ​ថា «ដើមឡើយ​គ្រួសារ​ខ្ញុំ និង​អ្នកភូមិ​ផ្សេងទៀត ដាំ​ពូជ​ពោត​យក​គ្រាប់ សម្រាប់ធ្វើ​ចំណី​សត្វ  ព្រោះ​បាន​ថ្លៃ ប៉ុន្តែ​ក្រោយមក​ដោយសារ​តម្លៃ​មិន​ទៀត​ទាត់ គ្រួសារ​ខ្ញុំ​ក៏​ប្តូរ​មក​ដាំពោត​ពូជ​ហា​វៃ​យក​ផ្លែ​វិញ»។

លុះ​ក្រោយមក​ក៏​គ្មាន​ទីផ្សារ​លក់​មិន​ចេញ​ទៀត ទើប​កាប់​ដើម​ឱ្យ​គោ​ស៊ី​អស់​ទៅ និង​បាននាំគ្នា​ចាប់ផ្តើម​ដាំពោត​យក​ស្នៀត​នេះ​រហូតមក ព្រោះ​ពោត​យក​ស្នៀត​នេះ ដាំ​តែ 1ខែ 25ថ្ងៃ គឺអាច​កាច់​ស្នៀត​លក់បាន​ហើយ ខុសពី​ពោត​យក​ផ្លែ​ទាល់តែ 3ខែ​ទើប​អាច​កាច់​បាន។ អ្នកស្រី​បានបញ្ជាក់​ថា បើ​ដាំពោត​យក​ផ្លែ​ម្តង​គឺ​ដាំ​យក​ស្នៀត​បាន​ដល់​ទៅ 2ដង ហើយ​ដាំ​យក​ផ្លែ​ពិបាក​ថែ ណាមួយ​ត្រូវ​មើលថែ​ដង្កូវ ហើយ​ស្រួល​មិន​ស្រួល​ឆ្កួត ល្អ​តែ​ដើម​គ្មាន​ផ្លែ​ទៀត ។

ជាងនេះទៅទៀត​នៅលើ​ដី​កោះ ប្រសិនបើ​ទឹកធំ​លិច​កាច់​ផ្លែ​មិនបាន​ទៀត តែ​វា​អំណោ​យ​ផល​ដល់​ពោត​ស្នៀត ទើបបានជា​អ្នករស់នៅ​លើ​កោះ ងាក​មក​ដាំពោត​ស្នៀត​ស្ទើរតែ​ទាំងអស់គ្នា​វិញ។

កសិករ​ម្នាក់ទៀត​គឺ​អ្នកស្រី ចក់ នាង ដែល​កាប់​ល្ហុង​ចោល​មក​ដាំពោត​យក​ស្នៀត​នេះដែរ​នោះ បាន​និយាយថា ពោត​យក​ស្នៀត​គឺ​យើង​កាច់​លក់បាន​រាល់ថ្ងៃ បាន​ចំណូល​ជាប្រចាំ​មិន​ដូច​ដំណាំផ្សេងៗនោះទេ ហើយ​បើ​ថោក​ណាស់ ក៏1ស្លឹក​ចំនួន 500ស្នៀត ក៏​អាច​លក់បាន​ពី 30.000 ទៅ 40.000រៀល​ដែរ ប៉ុន្តែ​បើ​ខែ​អុំទូក​មិនសូវ​សំបូរ​វិញ​នោះ 1ស្លឹក​អាច​បាន​តម្លៃ​ដល់​ទៅ 50.000រៀល​ឯណោះ «សព្វថ្ងៃនេះ ជា​មធ្យម​អ្នកស្រី​អាច​កាច់​លក់បាន​ប្រមាណ 7 ទៅ 8ម៉ឹ​ន​រៀល​ដែរ ហើយ​ឱ្យតែ​យកទៅ​ដល់ត្រើយ​ម្ខាង​គឺមាន​ម៉ូយ​ចាំ​ដណ្តើម​គ្នា​ទិញ មិន​ព្រួយ​រឿង​សល់​ឡើយ ហើយ​ស្នៀតពោត​នេះ​គេ​យកទៅ​ធ្វើ​បន្លែ​ស្ល ឬ​ឆា មាន​រសជាតិ​ឆ្ងាញ់​ម្យ៉ាងដែរ»។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តកណ្តាល លោក ប៊ុន ទូ​ន​ស៊ី​បូ​ណា បាន​លើកឡើងថា វា​ពិតជា​ចំណុច​វិជ្ជមាន​មួយ​ផងដែរ ដែល​កសិករ​នៅ​កោះតាង​ចេះ​ស​ម្លឹ ង​មើល​អំពី​តម្រូវការ​ទីផ្សារ ហើយ​បោះបង់​ទម្លាប់​ចាស់ ងាក​មក​ដាំ​ដំណាំ​ដែល​កំពុងមាន​តម្រូវ​ការដែល​អាច​លក់​បាន​តម្លៃ​ខ្ពស់។ ករណីនេះ​លោក​អំពាវនាវ ឱ្យ​កសិករ​នៅ​តំបន់ផ្សេងៗទៀត ត្រូវ​ចេះ​ស្វែងយល់​ពី​តម្រូវការ​ទីផ្សារ​មុននឹង​ដាំ​ដំណាំ​អ្វីមួយ ជៀសវាង​ការខាតបង់​បាន​ផល​ហើយ​គ្មាន​ទីផ្សារ​លក់​ចេញ៕

Advertisement