រយៈពេល3ថ្ងៃ ប្រជាពលរដ្ឋ​ខ្មែរ​ចំណាយ​ជាង 52លាន​ដុល្លារ ដើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ភ្ជុំ

ភ្នំពេញៈ រយៈពេល​បី​ថ្ងៃ​នៃ​ការឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​ដើម​សប្តាហ៍​នេះ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង 52លាន​ដុល្លារ ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​នៅ​ទូទាំងប្រទេស។ នេះ​បើតាម​ការអះអាង​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ឯកឧត្តម ថោង ខុន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នាថ្មីៗនេះ​ថា ក្នុង​រយៈពេល​បី​ថ្ងៃ នៃ​ការឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ដើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ឈប់សម្រាក​ភ្ជុំបិណ្ឌ មាន​ចំនួន​ជាង 1លាន 5ម៉ឺន​នាក់ ដោយ​ពួកគេ​ចំណាយ​គិត​ជា​មធ្យម 50ដុល្លារ​ក្នុង​មនុស្ស​ម្នាក់ ហេតុនេះ​បើ​យើង​បូក​បញ្ចូល​គ្នា​ការចំណាយ​មាន​ទឹកប្រាក់​សរុប​ចំនួន 52,5លាន​ដុល្លារ​អាមេរិក។

យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា​ភ្ញៀវ​ទេស ចរ​ជាតិ-អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​បាន​កើនឡើង​ខ្ពស់ ដែលមាន​ចំនួន​ប្រមាណ​ជិត 1,050,000នាក់ កើនឡើង​ប្រមាណ 15,70ភាគរយ ធៀប​នឹង​ឆ្នាំមុន ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន 10,1000,00នាក់ កើនឡើង​ប្រមាណ15,30ភាគរយ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 4ម៉ឺន​នាក់ កើនឡើង​ប្រមាណ 6,20ភាគរយ។

លោក ធួន ស៊ីណាន ប្រធាន​សហ​ព័​ន្ឋ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ដើរ​កម្សាន្ត​ក្នុងឆ្នាំនេះ​ពិតជា​កើនឡើង​ខ្ពស់ ធៀប​នឹង​ឆ្នាំមុន ដោយសារ​ប្រាក់ចំណូល​របស់​ពួកគាត់​មានការ​កើនឡើង និង​ការអភិវឌ្ឍ​រមណីយដ្ឋាន​ថ្មី ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​កាន់តែ​មាន​ភាព​ងាយ​ស្រូល​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​បណ្តា​ខេត្ត​នានា ក៏ដូចជា ការផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​ទេសចរណ៍​នានា តាម​បណ្តាញ​សង្គម​មានការ​កើនឡើង។

លោក​បន្តថា “បើ​និយាយ​ពី​ការចំណាយ ខ្ញុំ​មិនមាន​ការអង្កេត​ច្បាស់់លាស់​នោះទេ ប៉ុន្តែ​ជាក់ស្តែង​ទំហំ​នៃ​ការចំណាយ​ក្នុង​ចំនួន​នេះ​អាច​ទទួលយកបាន ឬ​អាចមាន​ចំនួន​ច្រើនជាង​នេះ​ផង”៕

Advertisement