អ្នក​អប់រំ​ផ្តល់​ដំបូន្មាន​ឱ្យ​រៀន​តែមួយ​សាកលវិទ្យាល័យ​បើ​ចង់​អភិវឌ្ឍ​លឿន

ការសិក្សា 2 ឬ3 មហាវិទ្យាល័យ​ក្នុងពេល​តែមួយ ជា​រឿង​ដែល​និស្សិត​នៅ​កម្ពុជា ពេញនិយម​ណាស់​នៅពេល​បច្ចុប្បន្ននេះ ដោយ​អ្នកខ្លះ​ជ្រើស​រើសយក​មហាវិទ្យាល័យ​ជំនាញ​មួយ និង​ភាសារ ឬ​ជំនាញ​ណា​ដែល​គេ​គិតថា​មាន​គេ​រៀន​ច្រើន​ជា​ជម្រើស​បន្ទាប់បន្សំ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ស្ថាបនិក​នៃ​សាលា AIS និង AII លោក​ឧកញ៉ា គួច ម៉េង​លី បាន​លើកឡើងថា និស្សិត​កម្ពុជា​គួរ​ជ្រើសរើស​សិក្សា​តែមួយ​មហាវិទ្យាល័យ​បាន​ហើយ​បើ​ចង់​អភិវឌ្ឍ​ខ្លួន​បាន​លឿន ព្រោះ​ការសិក្សា​មហាវិទ្យាល័យ​ច្រើន​អាចធ្វើឱ្យ​យើង​រវល់​ខ្លាំង ហើយ​មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ស្រាវជ្រាវ​ពី​មេរៀន​ដែល​ស៊ីជម្រៅ និង​ស្ថានភាព​ជាក់ស្តែង​នៃ​ការអនុវត្ត​នៅក្នុង​ពិភព​ការងារ។

លោក​ឧកញ៉ា គួច ម៉េង​លី បា​និយាយថា៖ «ក្មួយៗគួរ​មុជ​ឱ្យ​ជ្រៅ បុកគ្រឹះ​ឱ្យ​មាំ ហើយ​ខិតខំ​ប្រឹងប្រែង​រៀន​អ្វីមួយ​ឱ្យ​ច្បាស់ បន្ទាប់មក​ប្រឡូក​ជាមួយនឹង​ការងារ​ជាក់ស្តែង​ដើម្បី​ទទួលបាន​បទពិសោធន៍ និង​រៀន​ពី​ការងារ​ឱ្យបាន​ច្បាស់លាស់»។

លោក សោម សុធា ប្រធាន​ផ្នែក​បណ្តុះបណ្តាល​នៃ​ក្រុមហ៊ុន Forvel Camodia បាន​លើកឡើងថា ការសិក្សា​នៅក្នុង​មហាវិទ្យាល័យ​ច្រើន​ក្នុងពេល​តែមួយ​អាចធ្វើឱ្យ​យើង​មិនមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ចូលប្រឡូក​ក្នុង​ការងារ ព្រោះ​ថាបើ​យើង​រៀន​ច្រើន​មហាវិទ្យាល័យ យើង​នឹង​ចំណាយ​ថាមពល​ច្រើន​ខ្លាំង​ទៅលើ​ការសិក្សា​តែ​ទ្រឹះ​ស្តី តែ​ស្ថានភាព​ជាក់ស្តែង​យើង​អាច​នៅ​ឆ្ងាយ​ពី​ចំណុច ហើយ​តាម​មិនសូវ​ទាន់។ ផ្ទុយទៅវិញ ប្រសិនបើ​យើង​សិក្សា​លើ​ជំនាញ​ណាមួយ​ដែល​ច្បាស់លាស់ និស្សិត និង​អាចមាន​ពេលវេលា​ច្រើន​ធ្វើ​ការងារ​ទាំងឡាយណា​ដែល​ខ្លួន​ពេញចិត្ត ដូចជា​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ឬ​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ណាមួយ​ដែល​ត្រូវ​នឹង​ជំនាញ បើទោះបីជា​ការងារ​ដំបូង​នោះ​មិនមែនជា​ការងារ​សំខាន់ភ្លាមៗក៏ដោយ៕

Advertisement