អភិបាលខេត្ត​ព្រះសីហនុ​អំពាវនាវ​ឲ្យ​មានការ​វិនិយោគ​សណ្ឋាគា​រ​បន្ថែម

ភ្នំពេញៈ ស្របពេល​កំណើន​នៃ​ការ​ទៅដល់​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ អភិបាលខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ​ចូលទៅ​វិនិយោគ សាងសង់​សណ្ឋាគារ​ក្នុង​ខេត្ត​នៃ​តំបន់ឆ្នេរ​នេះ។

លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នាពេលថ្មីៗនេះ​ថា ខេត្ត​ព្រះសីហនុ​កំពុង​ខ្វះ​បន្ទប់​សម្រាប់​ភ្ញៀវ​ស្នាក់នៅ​ជាប្រចាំ ពិសេស​ចុង​សប្តាហ៍ និង​ពិធី​បុណ្យទាន​នានា ហេតុនេះ​បើ​អ្នកវិនិយោគ​ណា​មាន​ល​ទ្ឋ​ភាព​សូម​មក​វិនិយោគ​សាងសង់​សណ្ឋាគារ ឬ​ផ្ទះសំណាក់​នៅក្នុង​ខេត្ត​នេះ ហើយ​លោក​ជឿជាក់ថា ការវិនិយោគ​បែបនេះ​នឹង​ទទួលបាន​ជោគជ័យ និង​ប្រាក់ចំណេញ​ខ្ពស់។

លោក​បន្តថា “បច្ចុប្បន្ន​សណ្ឋាគារ​ជាច្រើន ត្រូវបាន​ជួល​ដោយ​ជនជាតិ​ចិន ធ្វើ​កាស៊ីណូ ដែល​ធ្វើ​ឲ្យ​ចំនួន​បន្ទប់​សណ្ឋាគារ​មានការ​ខ្វះខាត​ខ្លាំង ស្របពេល​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បានមក​ទស្សនា​ខេត្ត​នេះ កើនឡើង​ជាប្រចាំ។

លោក​បន្តថា “ខេត្ត​ព្រះសីហនុ កំពុង​បង្ហាញ​សក្តានុពល​លើ​វិស័យ​ជាច្រើន ដែល​ខ្ញុំ​គិតថា​រយៈពេល 5ឆ្នាំ​ខាងមុខ ខេត្ត​នេះ​នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី2បន្ទាប់ពី​រាជធានី​ភ្នំពេញ។

ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​ថ្លែងថា ចំនួន​សណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ ពិតជា​ប្រឈមមុខ​នឹង​ការខ្វះខាត​មែន​នាពេល​បច្ចុប្បន្ននេះ ប៉ុន្តែ​សណ្ឋាគារ​ចន្លោះ​ពី 2000 ទៅ 3000បន្ទប់​ទៀត​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ 2018- 2019ខាងមុខនេះ ដែល​ធ្វើ​ឲ្យ​ចំនួន​សណ្ឋាគារ​លែង​សូវ​ចោទ​ជា​បញ្ហា​ហើយ។

លោក​បន្តថា “ចាប់តាំងពី​តំបន់ឆ្នេរ​ត្រូវបាន​ដាក់​ប​ញ្ចួ​ល​ជា​សមាជិក​ក្លឹប​ឆ្នេរ​ស្អាត​ជាងគេ​នៅលើ​ពិភពលោក ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មានការ​កើនឡើង​យ៉ាងច្រើន។ លោក​បន្តថា “ខេត្ត​ព្រះសីហនុ កំពុង​បង្ហាញ​សក្តានុពល​យ៉ាងខ្លាំង រាប់​តាំងពី​កំពង់ផែ ព្រលានយន្តហោះ ការតភ្ជាប់​ផ្លូវគោក ផ្លូវទឹក និង​ការមកដល់​នូវ​អ្នកវិនិយោគ​កាន់តែច្រើន។

ទោះជា​យ៉ាងណា​លោក​ថោង ខុន​បាន​សម្តែង​កង្វល់​ជាច្រើន​ផងដែរ​ទាក់ទង​នឹង​ការបំពុល​បរិស្ថាន​នៅ​តំបន់ឆ្នេរ នៅពេល​មាន​វត្តមាន​អ្នក​ទេសចរណ៍​កាន់តែច្រើន នៅពេល​មានការ​អភិវឌ្ឍ​កាន់តែច្រើន ដែល​ទាមទារ​ឲ្យ​មានការ​គិតគូ​យ៉ាង​ម៉ត់ចត់​ផងដែរ ពី​ស្ថាប័ន​ពាក់​ព័​ន្ឋ ដើម្បី​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​មាន​និរន្តរភាព៕

Advertisement