ការទិញ iPhone គ្មានការធានាពី Apple ផ្ដល់គុណវិបត្តិអ្វីខ្លះ?

ទោះបីជាកម្ពុជា ចាប់ផ្ដើមមានក្រុមហ៊ុននាំចូល និងចែកចាយផលិតផល Apple ធានាជាផ្លូវការពីរោងចក្រហើយក្ដី ប៉ុន្ដែអ្នកប្រើប្រាស់ភាគច្រើន ហាក់នៅមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍ និងគាំទ្រផលិតផលទាំងនោះច្រើនប៉ុន្មានទេ។ ដោយអ្នកប្រើខ្លះ នៅតែនិយមគាំទ្រផលិតតាមហាងដែលនាំចូលដោយឈ្មួញដែលមានតម្លៃមិនប្រាកដប្រជា មិនមានប្រភពច្បាស់លាស់ គ្មានការធានាជាលក្ខណៈស្តង់ដាពី Apple ដែលនាំឱ្យខាត់ប្រយោជន៍ និងផ្ដល់គុណវិបត្តិមួយចំនួន។

ការទិញផលិតផលទាំងនោះ អាចប៉ះចំផលិតផលដែលត្រូវបានគេវេចខ្ចប់សាថ្មី ឬត្រូវទិញចំផលិតដែលត្រូវបានគេផ្លាស់ប្ដូរ កាស ឆ្នាំងសាកថ្ម (Original Accessories) ដាក់របស់ចម្លងពីចិនជាដើម។ តាមការឱ្យពីម្ចាស់ហាង លក់ទូរស័ព្ទមួយនៅរាជាធានីភ្នំពេញ សូមមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កន្លងមកហាង លោកធ្លាប់ទទួលលក់ទូរស័ព្ទ iPhone, iPad, iPod និងផលិតផលជាច្រើនទៀតគ្មានការធានា ដោយនាំចូលដោយឈ្មួញនាំចូលក្រៅផ្លូវការ។ ប៉ុន្តែលោកមិនដឹងថា ផលិតទាំងនោះមានការបង់ពន្ធគយត្រឹមត្រូវ ឬយ៉ាងណាទេ។ លោកបន្ដថា ការលក់ផលិតគ្មានការធានាកន្លងមក ហាងលោកជួបបញ្ហាញច្រើនគួរសម ខណៈអតិថិជនទិញប្រើមិនទាន់បានប៉ុន្មានផង ស្រាប់តែជួបបញ្ហាដែលនាំឱ្យ មានការអន់ចិត្តពីភ្ញៀវ ថាហាងលោកលក់ផលិតផលមិនល្អ ហើយត្រូវដូរថ្មីជូនករណីទើបទិញថ្មីៗ ជាដើម។

ទីផ្សារទូរស័ព្ទកម្ពុជាកំពុងច្របូកច្របល់គ្នាចំពោះការលក់ផលិតផលផ្លូវការ និង​មិនផ្លូវការ។ ចំពោះការលក់ផលិតផលមិនផ្លូវការ ​បានធ្វើឱ្យបាត់បង់ចំណូលជាតិ និងធ្វើឱ្យអ្នកវិនិយោគស្របច្បាប់អស់ជំនឿ និងខាតបង់ប្រាក់កាក់។ ការចរាចរណ៍ផលិតផលមិនផ្លូវការកាន់តែច្រើន វាបានបង្កការលំបាក និងគ្រោះថ្នាក់ដល់អិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់។ ដោយ​សារតែចង់បានចំណេញច្រើនពីការលក់ផលិតផលមិនផ្លូវការ និងគេចពន្ធនោះ អ្នកលក់មួយចំនួនធំ​បានព្យាយាមប្រើនូវវិធីសាស្រ្ត និងការក្លែងបន្លំមួយចំនួនចំពោះអតិថិជនរបស់ខ្លួន។ ជាឧទាហរណ៍ការទិញផលិតផលរបស់ Apple ដែលគ្មានការធានាពីរោងចក្រ និងក្រុមហ៊ុននាំចូលស្រប់ច្បាប់ ប្រើប្រាស់អាចនឹងទទួលបាននូវបញ្ហាមួយចំនួនដូចជា៖

  • តម្លៃលក់ឡើងចុះអាស្រ័យលើមាត់អ្នកលក់ មិនមានការកំណត់ច្បាស់លាស់
  • ការលក់ផលិតផលក្លែងក្លាយក្នុងប្រអប់
  • ការផ្លាស់ប្តូរដូចជា កាស ឆ្នាំងសាក ខ្សែក្នុងប្រអប់ដោយដាក់ជំនួសរបស់ចម្លងពីចិន
  • ការផ្លាស់ប្តូរគ្រឿងបន្លាស់របស់ទូរស័ព្ទផ្ទាល់
  • ការលក់ផលិតផលដែលបាន Activated​​ ហើយ ឬផលិតផលមួយទឹកតែកុហកថាជាផលិតផលថ្មី
  • លក់ផលិតផលដែលជាប់ iCloud
  • ការយកផលិតផលចាស់មកតំឡើងថ្មី សំបកថ្មី ប្រអប់ថ្មី និងកាស ឆ្នាំសាក ខ្សែរបស់យ៉ាៗ
  • ផលិតផលមួយទឹកដែលកំពុងមានចរាចរណ៍នៅកម្ពុជា គឺមានច្រើនប្រភេទដំឡើងនៅក្នុងស្រុក​​  តំឡើង​នៅក្រៅស្រុក ដោយដាក់គ្រឿងបន្លាស់មួយទឹក​ ឬ​របស់យ៉ាៗ ដែលគ្មានការធានាត្រឹមត្រូវ
  • ការហែកប្រអប់ថ្មីដោយយក Original Accessories លក់ដោយឡែក
  • ការបំប៉ោងព័ត៌មានថាជា Original 100%​ ពី Apple និងបញ្ចុះបញ្ចូលឱ្យអតិថិជនថែមលុយពី $20-$50​ ដើម្បីទទួលបានការធានាពី Apple ជា Global ឬកុហកថាមានធានានៅហុងកុង ឬ សាំងហ្គាពួ

ដើម្បីចៀសវាងបញ្ហាទាំងនេះ ប្រិយមិត្តត្រូវស្វែងយល់ឱ្យច្បាស់មុនសម្រេចចិត្តទិញផលិតផល iPhone, iPad ឬ ផលិតផលApple និមួយៗ ព្រោះវាអាចជា ការចំណាយដោយឥតប្រយោជន៍ និងសូមសួររកការធានាដែលត្រឹមត្រូវរយៈពេលមួយឆ្នាំពី Apple និងមានបិទសញ្ញា ឬ Seal ពីរោងចក្រ ឬដៃគូអាជីវកម្មរបស់ Apple​ (i.e. Falcon Tech) ជាដើម។

ចំពោះការប្រើប្រាស់ផលិតផលដែលមិនស្របច្បាប់ ឬគេចពន្ធប្រៀបដូចជាយើងកំពុងលើកទឹកចិត្ត និងជំរុញឱ្យមានការលក់ និងចរាចរណ៍ផលិតផលខុសច្បាប់ដែលជាចំណែកធំធ្វើឱ្យខាតបង់ចំណូលជាតិ​ ហើយក៏កំពុងយកជីវិតខ្លួនឯងផ្ទាល់ទៅប្រថុយនឹងផលិតផលដែលគ្មានការធានាគុណភាពត្រឹមត្រូវដូច្នោះដែរ៕

Advertisement