ចំណុចសំខាន់ៗនៅលើរថយន្តដែលអ្នកមិនគួរមើលរំលងមុនពេលធ្វើដំណើរផ្លូវឆ្ងាយ

ក្នុងការធ្វើដំណើរផ្លូវឆ្ងាយៗតើលោកអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់ដំណើរកម្សាន្ត ដើម្បីបញ្ជៀសរាល់បញ្ហាទាំងឡាយដែលអាចនឹងកើតឡើងក្នុងពេលធ្វើដំណើរ? ជាការពិតអ្នកគួរតែនាំយករថយន្តរបស់អ្នកទៅធ្វើការត្រួតពិនិត្យជាមុនសិនមុននឹងចេញដំណើរកម្សាន្តផ្លូវឆ្ងាយ។ តើមានចំណុចអ្វីខ្លះដែលអ្នកគួរត្រួតពិនិត្យមុនពេលដំណើរ?

ចំពោះរឿងនេះ អ្នកជំនាញផ្នែកជួសជុលរថយន្តនៃក្រុមហ៊ុន Ford បានឱ្យដឹងថា មុននឹងធ្វើដំណើរចេញខេត្តឆ្ងាយៗ អ្នកប្រើប្រាស់ថយន្តគួរតែត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តឱ្យបានយ៉ាងតិច  3 ចំណុចជាមុនសិន ដើម្បីចៀសវាកើតមានបញ្ហាផ្សេងៗពេលបើកបរ។

ត្រួតពិនិត្យភ្លើងរថយន្ត

អ្វីដែលងាយស្រួលបំផុតនិងចាំបាច់បំផុតដែលអ្នកគួរពិនិត្យលើរថយន្តរបស់អ្នកគឺប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្ត។ អ្នកត្រូវតែប្រាកដថាប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្តទាំងខាងមុខ និងខាងក្រោយដំណើរការធម្មតាពេលដែលអ្នកបើកបរ ពីព្រោះវាមានសារៈសំខាន់ណាស់ជាពិសេសនៅពេលអ្នកធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយទៅខេត្តនានាជាដើម។

ត្រួតពិនិត្យសភាពរបស់កង់រថយន្ត

តើអ្នកបានត្រួតពិនិត្យសំបកកង់រថយន្តរបស់អ្នកហើយរឺនៅ? ទាំងនេះជាចំណុចដែលអ្នកគួរតែត្រួតពិនិត្យនៅលើកង់រថយន្តមុនពេលចេញដំណើរ៖ សម្ពាធខ្យល់កង់ សំនឹកកង់ អាយុកាលនៃកង់រថយន្ត និងសភាពរបស់កង់សាគួរផងដែរ។ អ្នកគួរពិនិត្យសម្ពាធខ្យល់កង់រថយន្តជាប្រចាំរួមជាមួយនឹងស្ថានភាពរបស់កង់ផងដែរ។តើកង់សាគួររបស់អ្នកអាចប្រើប្រាស់បានដែររឺទេ? តើនៅលើសំបកកង់រថយន្តអ្នកមានស្នាម ឬរងការខូចខាតដែររឺទេ? តើក្រឡានៅលើសំបកកង់របស់អ្នកមានសភាពសឹក ឬចាស់ដែររឺទេ? បើដូច្នេះ តើអ្នកគួរតែប្ដូរសំបកកង់ថ្មីរឺយ៉ាងណា។ ហេតុនេះហើយ អ្នកគួរតែយករថយ្តទៅយានដ្ឋានត្រួតពិនិត្យសំបកង់មុនពេលធ្វើដំណើរកម្សាន្ត។

ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីនផ្សេងៗ

កម្រិតទឹកនិងប្រេងម៉ាស៊ីនផ្សេងៗនៅក្នុងរថយន្តគួរតែត្រួតពិនិត្យឲ្យបានត្រឹមត្រូវដើម្បីជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមាននៅពេលកំពុងបើកបរ ដូចជា កម្រិតប្រេងម៉ាស៊ីន ប្រេងចង្កូត ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង ធុងទឹក ទឹកលាងកញ្ចក់ខាងមុខ​ បូករួមទាំងខ្សែរពាននិងទុយោរផងដែរ។ អ្នកគួរតែយករថយន្តទៅយានដ្ឋានដើម្បីត្រួតពិនិត្យទៅលើចំណុចទាំងនេះឱ្យបានត្រឹមត្រូវដើម្បីជៀសវាងហានិភ័យផ្សេងៗ។

ត្រួតពិនិត្យអាគុយ

ប្រសិនបើអាគុយរថយន្តរបស់អ្នកប្រើប្រាស់រយៈពេលយូរមកហើយ អ្នកគួរត្រួតពិនិត្យឡើងវិញជាមុនសិនមុននឹងចេញដំណើរ។ អ្នកអាចពិនិត្យមើលស្នាមប្រេះខូចខាត ឬការហៀរទឹកចេញពីអាគុយ ប្រសិនបើប្រទះឃើញកត្តាទាំងនេះអ្នកគួរតែយករថយន្តទៅយានដ្ឋានដើម្បីប្ដូរអាគុយថ្មីជាបន្ទាន់។

ចំពោះការត្រួតពិនិត្យលក្ខណៈខាងលើ ម្ចាស់យានយន្ដគួរតែស្វែងរកយានដា្ធនជួសជុលរថយន្តដែលមានជំនាញច្បាស់លាស់ និងមានឧបករណ៍ទំនើបៗក្នុងការជួសជុល ហើយអ្នកប្រិយមិត្តទាំងអស់ក៏អាចទៅទទួលសេវាកម្មពីយានដា្ធនជួសជុលរថយន្ត Ford ផ្ទាល់ទាំង 3 ទីតាំង​ – ទីតាំងទី 1 តាមបណ្ដោយផ្លូវមហាវិថីព្រះមុនីរង្ស ក្បែរស្ថានទូតវៀតណាម, ទីតាំងទី 2 តាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានភ្នំពេញជិតស្ថានីយ៍ប្រេងតូតាល់ និងទីតាំងទី 3 ខេត្តសៀមរាប ផ្លូវជាតិលេខ 6 ៕

Advertisement