លោក Conte  ថ្លែងអំណរគុណ​ដល់ Costa ក្នុង​ការជួយ​ឲ្យ Chelsea ទទួលបាន​ជោគជ័យ

លោក Antonio Conte អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Chelsea បាន​ថ្លែងអំណរគុណ​ដល់ Diego Costa កាលពី​ថ្ងៃ​សុក្រ សម្រាប់​ការលះបង់​របស់គេ​នៅឯ​កីឡដ្ឋាន Stamford Bridge ក្រោយពី​ក្លិប​តោ​ខៀវ បាន​យល់ព្រម​លក់​ខ្សែប្រយុទ្ធ​រូបនេះ​ទៅ​ឲ្យ​ក្លិប Atletico Madrid។

Costa បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ចំនួន 52គ្រាប់​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League ដើម្បី​ជួយ​ឲ្យ​ក្រុម Chelsea ឈ្នះ​ពាន​កំពូល​របស់​អង់គ្លេស​ចំនួន2លើក ក្នុង​រយៈពេល 3ឆ្នាំ នៅមុន​ពេល​លោក Conte បាន​ប្រាប់​ខ្សែប្រយុទ្ធ​វ័យ 28ឆ្នាំ​តាមរយៈ​ការផ្ញើ​សារ​កាលពីដើម​ឆ្នាំនេះ​ថា រូបគេ​មិន​ស្ថិតក្នុង​គម្រោង​របស់​ក្លិប​នេះ​ទៀតឡើយ។

Chelsea បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​យល់ព្រម​ទៅលើ​លក្ខខណ្ឌផ្សេងៗជាមួយនឹង​ក្លិប Atletico របស់​ក្របខ័ណ្ឌ La Liga ដើម្បី​ផ្ទេរ Costa ស្រប​ពេលដែល​កាសែត​អេ​ស្ប៉ា​ញ El Mundo បាន​បញ្ជាក់ថា តម្លៃ​ខ្លួន​នៃ​ការផ្ទេរ​នេះ មាន​ចំនួន 55លាន​អឺរ៉ូ (ស្មើនឹង 65,7លាន​ដុល្លារ​អាមេរិក)។

នៅពេលដែល​ត្រូវបាន​ចោទសួរ​ពី​ទំនាក់ទំនង​ដែល​ត្រូវបាន​ប្រេះស្រាំ​ជាមួយនឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ លោក Conte បានជ្រើសរើស​យក​ធ្វើការ​ផ្តោតអារម្មណ៍​ទៅលើ​អនាគត​របស់​ក្លិប​របស់លោក​វិញ ដោយ​ចាប់ផ្តើម​ពី​ការធ្វើដំណើរ​ទៅ​ប្រកួត​នៅលើ​ទឹកដី​ក្រុម Stoke City នៅ​ពីថ្ងៃ​សៅរ៍​នេះ។

គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «យើង​ចង់​ថ្លែងអំណរគុណ​ដល់ Costa សម្រាប់​អ្វីដែល​រូបគេ​បានធ្វើ​ជាមួយនឹង​ក្លិប​នេះ។ យើង​សូម​ជូនពរ​ឲ្យ​រូបគេ​ជួបតែ​សំណាងល្អ​នៅ​ថ្ងៃ​អនាគត»។ លោក Conte បាន​បន្ថែមទៀតថា៖ «រឿង​អតីតកាល​មិន​សំខាន់​ឡើយ។ ប្រសិនបើ​អ្នកធ្វើ​បានល្អ​កាលពី​អតីត វា​មិន​អី​ទេ ប៉ុន្តែ យើង​ត្រូវតែ​ធ្វើការ​សម្រាប់​បច្ចុប្បន្នភាព និង​អនាគត»។

លោក Conte ជឿជាក់ថា ក្រុម Chelsea នឹងត្រូវ​ជួប​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​នៅ​កីឡដ្ឋាន bet365 ក្រោយពី​ក្រុម Stoke របស់លោក Mark Hughes រកបាន​ដល់​ទៅ 4ពិន្ទុ​ពី​ការប្រកួត២លើក​ជាមួយនឹង​ក្រុម Arsenal និង Manchester United។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង9យប់៕

ប្រភពពី៖ Reuters

Advertisement