ការនាំចេញ​ផលិតផល​កាត់ដេរ​ទៅកាន់​សហគមន៍​អឺរ៉ុប​កំពុងតែបន្ត​កើនឡើង

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​តូច​មួយ​ក៏ពិតមែន ប៉ុន្តែ​កម្ពុជា ជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស គួរឱ្យកត់សម្គាល់​មួយ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ និង​ជំរុញ​កំណើនសេដ្ឋកិច្ច។

ឯកឧត្តម​បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន ដែល​រៀបចំឡើង នៅក្នុង​ពិធី​តាំងពិព័រណ៍​សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” នៅ​ក្រុងប៉ារីស ប្រទេស​បារាំង​ថា ការនាំចេញ​របស់​កម្ពុ​ជា មានការ​កើន​ឡើងជា​លំដាប់ ជាពិសេស​ការនាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ “Everything But Arms (EBA)” ដែល​ប្រព័ន្ធ​នេះ​បាន​អនុញ្ញាតឱ្យ​កម្ពុជា អាច​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ (លើកលែងតែ​អាវុធ) ទៅកាន់​សហគមន៍​អឺរ៉ុប ដោយ​គ្មាន​បង់ពន្ធ​និង​ជាប់​កាតព្វកិច្ចផ្សេងៗនោះទេ ។

ក្រោម​ប្រព័ន្ធ​អនុគ្រោះ GSP/MFN ផងដែរ ប្រទេស​កម្ពុជា​បាន​នាំ​ចេញទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ធំជាងគេ បន្ទាប់មក​គឺ​សហរដ្ឋអាមេរិក និង​កាណាដា ហើយ​ទំនិញ​ដែល​នាំចេញ​ច្រើនជាងគេ គឺ​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​តែម្តង។ ក្រៅពីនោះ មាន​ស្បែកជើង អង្ករ ស្ករត្នោត ម្រេច និង​ផលិតផលផ្សេងៗទៀត។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ពិព័រណ៍​សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” នេះ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ល្បីល្បាញ និង​ធំជាងគេ​បង្អស់​នៅក្នុង​តំបន់​អឺរ៉ុប ដូច្នោះ​ហើយ​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​ពេលនេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់។

គណៈប្រតិភូ​ពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ដឹកនាំ​ពាណិជ្ជករ​កម្ពុជា​ចំនួន09 ក្រុមហ៊ុន​មក​ចូលរួម​ព្រឹត្តិការណ៍​នេះ ដើម្បី​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-បារាំង ក៏ដូចជា​ដើម្បី​ស្វែងរក​ទីផ្សារ​អឺរ៉ុប និង​ជំរុញឱ្យមាន​ការកើនឡើង​បន្ថែមទៀត​នូវ​ការវិនិយោគ​នៅ​កម្ពុជា លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ។

ជាមួយគ្នានេះ ឯកឧត្តម​បាន​ជំរុញ​ឱ្យ​ភ្ញៀវ​ទាំងអស់​ដែលមាន​វត្ត​មាននៅ​ទីនោះ យក​ឱកាស​ដ៏​សំខាន់​នេះ ធ្វើ​ការជជែក​ពិភាក្សាគ្នា​ជាមួយ​កម្ពុជា ដើម្បី​បង្កើត​ទំនាក់ទំនង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា ព្រោះ​កម្ពុ​ជាមាន​កម្លាំង​ការងារ​គ្រប់គ្រាន់ ហើយ​តម្លៃ​ឈ្នួល​ពលកម្ម​ក៏​ទាប​ផងដែរ ហើយ​ការដឹកជញ្ជូន​ក៏បាន​តែមាន​ភាពប្រសើរ​ឡើង​ដែរ ដោយសារ​កម្ពុជា កំពុងមាន​ផ្លូវ​គមនាគមន៍​ជាច្រើន​នឹង​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ទៅកាន់​ប្រទេស​ក្នុង​តំបន់​ទៀតផង៕

 

Advertisement