វា​រី​អគ្គិសនី​ធំជាងគេ​នៅ​កម្ពុជា នឹងត្រូវ​សម្ពោធ​ដាក់​ដំណើរការ ជា​ផ្លូវការ​នៅ​ថ្ងៃស្អែក​នេះ

វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ ស្ថិតនៅក្នុង​ខេត្ដ​ស្ទឹងត្រែង​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចំនួន​បី នឹងត្រូវ​បិទទ្វា​ទឹកជា​ផ្លូវការ​ដើម្បី​ដាក់ឱ្យ​ដំណើរការ​តួប៊ីន​ទី1 នៅ​ថ្ងៃទី25 ខែកញ្ញា ស្អែក​នេះ ក្នុងការ​បង្កើន​ថាមពល​អគ្គស​នី​បន្ថែម​សម្រាប់​បង្គ្រប់​កង្វះខាត​ថាមពល​អគ្គិសនី​ទូទាំងប្រទេស។

ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​បញ្ជាក់ថា៖ «វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ ប្រើ​ទឹក យើង​បិទ​ទប់ទឹក​ឱ្យ​បង្វិល​ទៅ​តួប៊ីន​ដើម្បី​ទទួលបាន​ថាមពល​អគ្គិសនី ប្រសិនបើ​យើង​មិន​បិទ​ទេ​ទឹក​វា​ហូរ​ចោល។ ការបិទ​ទឹក​គឺជា​កាលបរិច្ឆេទ​នៃ​ការចាប់ផ្ដើម​ដំណើរការ​វា​រី​អគ្គិសនី​របស់​យើង ដូច្នេះ​នៅ​ទន្លេ​នេះ​បិទ​ទឹកជា​ផ្លូវការ​គឺ​បិទ​រហូត​ហើយ»។

វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ គម្រោង​ដ៏​ធំ​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​កម្ពុជា​នឹងត្រូវ​បិទទ្វារ​ទឹកជា​ផ្លូវការ​នៅ​ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ2017។ បន្ទាប់​តួប៊ីន​ទី1ដំណើរការ​នៅ​ចុងឆ្នាំ នឹង​អាច​ទទួលបាន​ថាមពល​អគ្គិសនី​កម្លាំង 50MW។ រហូតដល់​ឆ្នាំ2018 ដំណើរការ​តួប៊ីន​ចំនួន​បួន​អាច​ទទួលបាន​ថាមពល​អគ្គិសនី​កម្លាំង​រហូតដល់ 400MW។

លោក​រដ្ឋមន្ត្រី បាន​បន្ដថា វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ នឹង​ជួយ​ចូលរួមចំណែក​ដល់​វិស័យ​ថាមពលអគ្គីសនី​នៅ​កម្ពុជា និង​វិស័យ​ពាក់ព័ន្ធ​ទាំងអស់​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី លែងឱ្យ​មានការ​ខ្វះខាត​តទៅទៀត​ហើយ។

វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ រួមចំណែក​ជាមួយ​ប្រភព​ថាមពល​ដែលមាន​វា​រី​អគ្គិសនី6 និង​រោងចក្រ​ធ្យូងថ្ម នឹង​បំពេញបន្ថែម​សេចក្ដីត្រូវការ​ថាមពល​សម្រាប់​បម្រើ​ដល់​សេដ្ឋកិច្ច វិស័យ​សង្គមកិច្ច រួម​នឹង​វិស័យផ្សេងៗ ។ ពិសេស​វា​អាច​បង្គ្រប់​នូវ​កង្វះខាត​ថាមពល​អគ្គិសនី​នូវ​ទូទាំងប្រទេស​កម្ពុជា ខណៈ​កំណើន​នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុងប្រទេស​កម្ពុជា​កើនឡើង​រង្វង់ 20% ជា​រៀងរាល់ឆ្នាំ។ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ  គឺជា​គម្រោង​អភិវឌ្ឍ​រួមគ្នា​រវាង​ក្រុមហ៊ុន​កម្ពុជា Royal Group សហការ​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន និង​វៀតណាម​ក្រោម​ទុនវិនិយោគ​ជាង 800លាន​ដុល្លារ៕

Advertisement