ជីវិត និង​ស្នាដៃ​របស់​កំពូល​ស្ថាបត្យករ​កម្ពុជា ព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ

ស្ថាបត្យករ​កម្ពុជា​ដ៏​ឆ្នើម​ព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ បាន​ចូល​មរណកាល​ហើយ​នៅ​ព្រឹក​ថ្ងៃទី28 ខែកញ្ញា ឆ្នាំ2017 នេះ ក្នុង​ជន្មាយុ 91 ឆ្នាំ នៅក្នុង​ភូមិ​មណ្ឌល3 សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយសារតែ​រោគាពាធ។

លោកតា​ព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ កើត​នៅ​ថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ1926 នៅ​ស្រុក​រាម ខេត្តកំពត។ លោក​បាន​បញ្ជ​ប់​ការសិក្សា​ថ្នាក់មធ្យមសិក្សា​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ 1944 និង​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​បន្ត​ផ្នែក​ច្បាប់​នៅ​ប្រទេស​បារាំង 1946។

ទៅដល់​ប្រទេស​បារាំង លោក​បាន​ប្តូរ​ជំនាញ​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាលា​វិចិត្រសិល្បៈ​ក្នុង​ទីក្រុង​ប៉ារីស​វិញ ក្រោយ​ពេលដែល​លោក​ទៅ​សិក្សា​បាន​មួយឆ្នាំ​នៅ​ប្រទេស​បារាំង។ ក្រោយ​បញ្ចប់​ការសិក្សា លោក​បាន​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ឆ្នាំ 1955 មុនពេល​ដែល​លោក​ត្រូវបានតែងតាំង​ជា​ប្រធាន​ស្ថាបត្យករ​កម្ពុជា និង​ក្លាយជា​ព្រឹទ្ធបុរស​ទី1 នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នៅ​ឆ្នាំ 1965។

លោក វណ្ណ មូលី​វណ្ណ បាន​រចនា​គម្រោង​ស្ថាបត្យកម្ម​ជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ចន្លោះ​ទសវត្សរ៍ 60 និង​ទស្សវត្សរ៍ 70 ទាំង​នៅតាម​ទី​រួម​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ។ ស្នាដៃ​របស់លោក​នៅពេល​នោះ ជា​ស្ថាបត្យកម្ម​ដែល​ពោរពេញ​ទៅដោយ​ភាព​ច្នៃប្រឌិត និង​មាន​ភាព​ប្រណីត​ខ្ពស់ ដែលមាន​ដូចជា វត្ត​អារាម សាលសន្និសីទ​ចតុមុខ អគារ​គណៈរដ្ឋមន្ត្រី វិមាន​រដ្ឋ ស្ថានទូត​ខ្មែរ​នៅ​បរទេស វិមានឯករាជ្យ សាល​មហោស្រព​ជាតិ​ព្រះ​សុរាម្រិត អគារ​វិទ្យាស្ថាន​ជាតិ បច្ចេកវិទ្យា និង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រួមជាមួយ​នឹង​អគារសំខាន់ៗមួយចំនួនទៀត​ដែរ។

ក្រោយ​ពេលដែល​សង្គមរាស្ត្រនិយម​ត្រូវបាន​ផ្តួលរំលំ​ដោយ​ការធ្វើ​រដ្ឋប្រហារ​ដែល​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់ ក្នុង​ឆ្នាំ 1970 នៅ​ឆ្នាំ1972 លោក វណ្ណ មូលី​វណ្ណ និង​ក្រុមគ្រួសារ​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​ស្វ៊ី​ស និង​បានធ្វើ​ការឱ្យ​គម្រោង​មួយ​របស់​អង្គការសហប្រជាជាតិ​ដែលមាន​ឈ្មោះថា UN Human Settlements Program មុននឹង​លោក​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ 1991។ ក្រោយ​ពេលដែល​លោក​មកដល់​កម្ពុជា លោក​ព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ បាន​បម្រើ​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហើយ​លោក​ក៏​ជា​កម្លាំង​ដ៏​សំខាន់​ម្នាក់​ក្នុងការ​បង្កើត​អាជ្ញាធរ​អប្សរា​ផងដែរ។

ជា​ចុងក្រោយ​នៃ​ទីនេះ គេហទំព័រ ឡា​រ៉ែ​ន​សូម​សម្ដែង​នូវ​ក្ដី​សោកស្ដាយ​យ៉ាង​ក្រៃលែង​ចំពោះ​ដំណឹង​នៃ​ការចូល​មរណកាល​រប​ស់​លោកតា​ព្រឹទ្ធាចារ្យ មហា​ស្ថាបត្យករ​ខ្មែរ និង​សូម​ចូលរួម​សម្ដែង​មរណទុក្ខ​នាឱកាស​ដ៏​ក្រៀមក្រំ​នេះ​ផង។ សូម​វិញ្ញាណក្ខន្ធ​លោកតា​ព្រឹទ្ធាចារ្យ​អញ្ជើញ​ទៅកាន់​សុគតិភព​កុំបី​អាក់ខាន​ឡើយ៕

Advertisement