ចំណុច​ដែល​អ្នក​ម្ដាយ​គ្រប់រូប​ត្រូវ​យល់ដឹង បន្ទាប់ពី​សម្រាលកូន​បាន 24ម៉ោង​

24 ម៉ោង​ដំបូង​ក្រោយពេល​ប្រសូត គឺជា​អំឡុង​ពេលដែល​អ្នក​ម្តាយ​ត្រូវ​មើលថែទាំ​ខ្លួនឯង និង​សម្រប​ខ្លួន​រួចជាស្រេច​ក្នុងការ​មើលថែទាំ​កូនតូច​ដែល​ទើបតែ​បើកភ្នែក​មើល​ពិភពលោក ដូចតទៅ​នេះ។

មើលថែ​សុវត្ថិភាព​របស់ខ្លួន

ខណៈពេល​ប្រសូត អ្នក​ម្តាយ​អាច​ជួបនឹង​បញ្ហា​ធ្លាក់ឈាម ឬ​ត្រូវ​ខាតបង់​ឈាម​យ៉ាងច្រើន បញ្ហា​នេះ​អាច​ការពារ​បាន​ដោយ​ខ្លួនឯង​ដោយ​ការធ្វើ​ម៉ាស្សា​បែប​លញ់​នៅលើ​ស្បូន។ ដោយសារតែ​ពេល​ប្រសូត សុក​នឹង​របូត​ធ្លាក់​ចេញមក​ធ្វើឱ្យ​អ្នក​ម្តាយ​បាត់បង់​ឈាម​ច្រើន ដែលជា​ប្រក្រតី​ស្បូន​នឹង​ច្របាច់​ខ្លួន​ឱ្យ​រឹង​ដើម្បី​ធ្វើឱ្យ​ឈាម​ឈប់​ហូរ តែបើ​ស្បូន​មិន​ច្របាច់​ខ្លួន​ទេនោះ អ្នក​ម្តាយ​គួរ​អង្អែល​លើ​ពោះ​បរិវេណ​ក្រោម​ផ្ចិត​ដែលជា​ទីតាំង​របស់​ស្បូន ហើយ​ធ្វើ​ម៉ាស្សា​លញ់ថ្នមៗ ដើម្បីឱ្យ​ដុំ​ស្បូន​ពង្រឹង​ខ្លួន ដែល​អាច​ធ្វើបាន​តាំងពី​នៅលើ​គ្រែ​ប្រសូត ដើម្បី​ជួយ​ខ្លួនឯង​ឱ្យមាន​សុវត្ថិភាព​ពី​ការ​ធ្លាក់ឈាម​ច្រើន។

ប្រយ័ត្នប្រយែង​លើ​ការធ្វើ​ចលនា

ផលប៉ះពាល់​ពី​ការបាត់បង់​ឈាម​ច្រើន​ខណៈពេល​ប្រសូត អាចធ្វើឱ្យ​អ្នក​ម្តាយ​មាន​សភាវ​សម្ពាធ​ឈាម​ទាប និង​រាងកាយ​នឿយ​ល្វើយ​គ្មាន​កម្លាំង  ដូច្នេះ​គួរ​ប្រយ័ត្ន​អាការ​ងងឹតមុខ ញ័រ​ដើមទ្រូង ញ័រ​ដៃ និង​អាច​ខ្យល់គ​បាន​យ៉ាង​ងាយ​នៅពេល​ផ្លាស់ប្តូរ​ឥរិយាបថលឿនៗ ដូចជា ក្រោក​ពី​គ្រែ​ដំណេក ឬ​ដើរទៅ​ចូល​បន្ទប់ទឹក​ជាដើម។ អ្នក​ម្តាយ​គួរ​ធ្វើ​ចលនាយឺតៗ រក​កន្លែង​កាន់​តោង​ឱ្យ​ជាប់ ឬ​គួរឱ្យ​ស្វាមី​ចាំ​ជួយ​ប្រគង​ទប់​ពេលដែល​ត្រូវធ្វើ​ចលនា​រាងកាយ។ បើ​អ្នក​ម្តាយ​មាន​អាការ​ងងឹតមុខ​ញឹកញាប់ គួរ​ប្រញាប់​គ្រូពេទ្យ ព្រោះ​អាច​នឹងត្រូវ​បញ្ចូល​សេរ៉ូម ឬ​បញ្ចូល​ឈាម​បន្ថែម។

ថែទាំ​អនាម័យ

ក្រោយពេល​ប្រសូត នឹងមាន​ទាំង​ស្នាម​ញើស ក្អែល ស្នាម​ឈាម និង​អាការ​នឿយ​ល្វើយ​ពី​ការ​ប្រសូត ដូច្នេះ​មុនពេល​អ្នក​ម្តាយ​បំបៅ​ទឹកដោះ​កូន​ដើម្បី​បង្កើន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​នោះ កុំភ្លេចថា ត្រូវ​មើលថែទាំ និង​សម្អាត​ខ្លួនឯង​ជាមុនសិន​ដើម្បី​ការពារ​កូនតូច​ពី​វត្ថុ​កខ្វក់ ឬ​មេរោគផ្សេង។ អ្នក​ម្តាយ​ដែល​ប្រសូត​តាម​ធម្មជាតិ​អាច​ងូតទឹក កក់សក់​បាន​តាម​ប្រក្រតី ចំណែក​អ្នក​ម្តាយ​ដែល​ប្រសូត​ដោយ​ការវះកាត់ បើ​មិនបាន​ប្រើ​ផ្លា​ស្ទើ​រ៍កា​ពារ​ទឹក​បិទ​ពីលើ​ស្នាមរបួស​ទេនោះ គួរប្រើ​វិធី​ជូត​សម្អាត​ឱ្យ​ស្អាត​ជាមុនសិន​ក្នុងអំឡុងពេល​ដំបូង ជាពិសេស​បរិវេណ​ដោះ និង​ក្បាលដោះ​មុននឹង​ឱ្យ​កូនបៅ។

ឱ្យ​កូនបៅ​ទឹកដោះ​ម្តាយ

គោលការណ៍​ក្នុងការ​បំបៅ​ដោះ​កូន​គឺ បៅ​រហ័ស បៅ​ញាប់ និង​បៅ​ត្រូវ​តាម​វិធី ក្រោយ​ប្រសូត គិលានុប្បដ្ឋាក​យិ​ការ​នឹង​ប្រញាប់​យក​ទារក​មកឱ្យ​បៅ​ទឹកដោះ​ម្តាយ​ភ្លាម គឺជា​ការជំរុញ​អ័រម៉ូន​ក្នុង​រាងកាយ​អ្នក​ម្តាយ​ឱ្យ​បង្ហូរ​ទឹកដោះ​ចេញមក ព្រោះ​មាន​អ្នក​ម្តាយ​ខ្លះ​អាច​ត្រូវ​ប្រើពេល​វេលា​ដល់​ទៅ 2 – 3 ថ្ងៃ​ឯណោះ ទំរាំ​នឹងមាន​ទឹកដោះ​ចេញ ទើប​ចាំបាច់​ណាស់​ដែល​ទារក​ត្រូវតែ​បៅ​ជំរុញ​ឱ្យបាន​ញឹកញាប់ ដើម្បីឱ្យ​អ្នក​ម្តាយ ជាមួយ​កូនតូច​បាន​រៀន​យល់ដឹង​ពី​វិធី​បៅ​ទឹកដោះ និង​ហ្វឹកហាត់​បីកូន​ទៅដំណាលៗគ្នា រួមទាំង​ជំរុញ​ឱ្យ​ទឹក​ដោះចេញ​កាន់តែ​លឿន​ឡើង។ ចំណែក​អ្នក​ម្តាយ​ដែល​វះ​ប្រសូត ហើយ​នៅ​មិនទាន់​អាច​បីកូន​បាន​នោះ ក៏​អាច​បំបៅ​ទឹកដោះ​កូន​បាន​ដោយ​ឥរិយាបថ​គេង​ផ្អៀង ដើម្បី​ចៀសវាង​ការឈឺ​ស្នាម​វះ​ប្រសូត។

មើលថែ​ស្នាមរបួស​ក្រោយ​ប្រសូត

របួស​នៅពេល​ប្រសូត​នេះ គ្រូពេទ្យ​នឹង​ដេរ​ដោយ​អំបោះ​រលាយ​ដោយ​ខ្លួនឯង ដោយ​ស្នាមរបួស​ម្តុំ​មាត់ស្បូន​នេះ​មាន​សរសៃប្រសាទ និង​សរសៃឈាម​ច្រើន ធ្វើឱ្យ​ស្នាមរបួស​ឆាប់​ជា​សះ គ្រាន់តែ​ត្រូវ​មើលថែទាំ​សម្អាត​ក្រោយពេល​អ្នក​ម្តាយ​ចូល​បន្ទប់ទឹក អាច​ប្រើ​ទឹក​លាង​សម្អាត​បាន​តាម​ប្រក្រតី និង​គួរ​ជូត​ផ្ដិត​ឱ្យ​ស្ងួត រួមទាំង​ឧស្សាហ៍​ផ្លាស់​សំលី​អនាម័យ​ឱ្យបាន​ញឹកញាប់ ដើម្បី​ការពារ​ការឆ្លង​មេរោគ និង​សើម​ផ្អាប់។ ចំណែក​ស្នាមរបួស​វះ​ប្រសូត គួរ​សង្កេតមើល​ខ្លួនឯង​ថា មាន​អាការ​ប្រតិកម្ម​ចាញ់​បន្ទះ​ផ្លា​ស្ទើ​រ៍​បិទ​ដំបៅ​ដែរឬទេ​បើ​អ្នក​ម្តាយ​មាន​អាការ​រមាស់ ឬ​ស្បែ​កមាន​ឡើង​កន្ទួល​ក្រហម ឬ​ឡើងពងៗនៅ​ម្តុំ​បរិវេណ​ដែល​បិទ​ផ្លា​ស្ទើ​រ៍​នោះ គួរឱ្យ​គ្រូពេទ្យ​ប្តូរ​ផ្លា​ស្ទើ​រ៍​ថ្មី​ឱ្យ និង​ត្រូវ​ប្រយ័ត្ន​កុំឱ្យ​ស្នាមរបួស​សើម​អាប់​ឱ្យសោះ។

មើលថែទាំ​ផ្លូវចិត្ត​ខ្លួនឯង

ក្រោយ​ប្រសូត អ្នក​ម្តាយ​អាច​សភាវ​សោកសៅ មាន​អារម្មណ៍​ឯកោ ឬ​អស់សង្ឃឹម សភាវ​នេះ​កើតចេញពី​ការប្រែប្រួល​របស់​អ័រម៉ូន​យ៉ាង​ទាន់ហន់ ព្រោះ​អំឡុងពេល​មានគភ៌ អ័រម៉ូន​ពី​សុក​នឹង​ធ្វើឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ស្រស់ស្រាយ ស្វាហាប់ ក្លៀវក្លា តែ​ក្រោយ​ប្រសូត​រួច អ័រម៉ូន​ទាំងនោះ​នឹង​បាត់អស់​ភ្លាម ទើប​អ្នក​ម្តាយ​អាចមាន​អារម្មណ៍​ប្រែប្រួល សោកសៅ​ឡើង​បាន។

បើ​អ្នក​ម្តាយ​ជាម​នុស្ស​ដែលមាន​គ្រឹះ​រាងកាយ​រឹងប៉ឹង​មាំមួន សម្រប​ខ្លួន សម្រួល​ចិត្ត​បានល្អ​នោះ​នឹងមិន​កើតមាន​បញ្ហា​នេះ​ទេ​តែបើ​អ្នក​ម្តាយ​មាន​ភាព​តានតឹង​ធុញថប់​ក្នុង​អារម្មណ៍​ស្រាប់​ហើយ​នោះ ពេល​អ័រម៉ូន​ផ្លាស់ប្តូរ អារម្មណ៍ និង​ផ្លូវចិត្ត​ក៏​នឹង​ងាយ​ប្រែប្រួល​បាន​ដូចគ្នា។

ដូច្នេះ គួរ​មើលថែទាំ​ផ្លូវចិត្ត​ខ្លួនឯង​ឱ្យបាន​ធូរស្រាល អាច​ប្រើ​វិធី​ការ​ស្តាប់​បទ​ភ្លេង ធ្វើ​កិច្ច​ការដែល​ជួយ​ឱ្យ​ផ្លូវចិត្ត​មាន​សេចក្តីសុខ រក​មិត្ត​ភ័ក្តិ ឬ​មនុស្ស​ដែល​ជិតស្និទ្ធ​មក​ជជែក​លេង ឬ​ពិភាក្សា​រឿង​ការចិញ្ចឹម​មើលថែទាំ​កូន ក៏​អាចជួយ​កាត់បន្ថយ​ភាព​តានតឹង​ធុញថប់ ក្តីកង្វល់ និង​ធ្វើឱ្យមាន​អារម្មណ៍​សប្បាយ​ចិត្តបាន​ច្រើនឡើង​ដែរ។

បង្កើន​ភោជនាហារ

រាងកាយ​របស់​អ្នក​ម្តាយ​ក្រោយ​ប្រសូត​នឹងមាន​អាការ​នឿយ​ល្វើយ​ដោយសារ​ការបាត់បង់​ឈាម និង​អ័រម៉ូន​ដែល​ប្រែប្រួល​ដូច្នេះ អ្នក​ម្តាយ​គួរ​ស្តា​សុខភាព​ខ្លួនឯង​ឱ្យ​ល្អ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ដោយ​ជ្រើសរើស​ញ៉ាំ​អាហារ​ដែលមាន​ប្រយោជន៍​ឱ្យ​គ្រប់​ទាំង 5ប្រភេទ​ក្រុម ដើម្បីឱ្យ​សារធាតុ​អាហារ​ទៅ​ជួយ​ជួសជុល​សាច់​ភ្នាសផ្សេងៗក្នុង​រាងកាយ​ឱ្យ​ត្រឡប់​ទៅរក​សភាព​ប្រក្រតី​វិញ​យ៉ាង​ឆាប់រហ័ស និង​នៅបាន​ហុច​ផល​ល្អ​ដល់​សារធាតុ​អាហារ​ដែល​កូនតូច​នឹង​បានទទួល​តាមរយៈ​ទឹកដោះ​អ្នក​ម្តាយ​ទៀតផង។

មើលថែទាំ​រាងកាយ​ឱ្យ​រឹងមាំ មើលថែទាំ​ផ្លូវចិត្ត​ឱ្យ​ធូរស្រាល ដើម្បី​អ្នក​ម្តាយ​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​មើលថែទាំ​កូនតូច​បាន​យ៉ាង​ពេញទំហឹង​ចាប់ពីពេលនេះ​តទៅ៕

Advertisement