ចូលរួម​សារ​ទ​ដល់​កម្ពុជា ដែល​អាមេរិក និង​សហភាព​អ៊ឺរ៉ុប​នៅតែ​បន្ដ​បញ្ជា​ទិញ​ទំនិញ

ខណៈ​ការនាំចេញ​ផលិតផល​វាយនភ័ណ្ឌរ​បស់​កម្ពុជា​នៅក្នុង​ឆ្នាំនេះ​មានការ​ធ្លាក់ចុះ ធ្វើឱ្យ​សេដ្ឋកិច្ច​ទាំងមូល​មានការ​ថមថយ​មក​នៅ​ត្រឹម6.8% ដែល​ធ្វើឱ្យ​កម្ពុជា​ត្រូវ​ប្រឹងប្រែង​ពង្រឹង​លើ​ផលិត​ឧស្សាហ៍កម្ម​ដទៃ​សម្រាប់​នាំចេញ​ធ្វើយ៉ាងណា​ជួយ​ទប់ទល់​នូវ​ការ​ថមថយ​កំណើនសេដ្ឋកិច្ច។ ថ្មីៗកម្ពុជា​បានទទួល​ដំណឹង​ល្អ ដោយសារតែ​អាមេរិក និង​សហភាព​អ៊ឺរ៉ុប​នៅតែ​បន្ត​បើក​ទីផ្សារ​របស់ខ្លួន​ដល់​កម្ពុជា និង​បង្កើន​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា។

ក្នុងជំនួប​រវាង​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ ឯកឧត្តម​ទាំងពីរ​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប នឹងមិន​ភ្ជាប់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុង​ការគោរព​លក្ខខណ្ឌ​ការងារ ទៅនឹង​ភាព​តានតឹង​ផ្នែក​ផ្សេង​ទៀតឡើយ។ សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប​នឹង​បន្ត​បើក​ទីផ្សារ​របស់ខ្លួន​ដល់​កម្ពុជា និង​បង្កើន​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា។

ឯកឧត្ដម​ទាំង​ពីរបាន​សាទរ​ដល់​កម្ពុជា ដែល​ទើប​សម្រេចបាន​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ2018 ចំនួន 170ដុល្លារ ប្រកបដោយ​រលូន និង​កុងសង់ស៊ីស​គ្នា​ពី​គ្រប់ភាគី​នា​ឆ្នាំនេះ។ ជាមួយគ្នានេះ ឯកឧត្តម​ទាំងពីរ​ក៏បាន​លើកទឹកចិត្ត​ឱ្យ​កម្ពុជា​បន្ត​ប្រកាន់​ភ្ជាប់​នូវ​យន្តការ​ត្រីភាគី ការសន្ទនា​សង្គម ការគោរព​លក្ខខណ្ឌ​ការងារ ការគោរព​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ និង​ការដោះស្រាយ​បញ្ហា​ទំនាក់ទំនង​វិជ្ជាជីវៈ និង​វិវាទ​ការងារ​ឱ្យបាន​លឿន និង​មាន​តម្លាភាព។

ជាការ​ឆ្លើយតប ឯកឧត្តម អ៊ិត សំហេង ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ទាំងពីរ​ដែល​បានរួម​ចំណែក​ក្នុងការ​លើកកម្ពស់​លក្ខ​ខណ្ឌ​ការងារ​នៅ​កម្ពុជា ព្រមទាំង​ធានាថា កម្ពុជា​នឹង​បន្ត​គោលនយោបាយ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ទៅនឹង​លក្ខខណ្ឌ​ការងារ ដោយ​បន្ត​សហការ​ជាមួយ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO-BFC) អង្គការ GIZ និង​អង្គការ​អន្តរជាតិ​ផ្សេងទៀត​ដែល​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​កម្ពុជា៕

Advertisement