ការបញ្ឈប់​ទាំងស្រុង​ទៅលើ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ធ្វើឱ្យ​កម្ពុជា​កាន់តែ​ទទួលបាន​កំណើន​ប្រាក់ចំណូល​ពី​វិស័យ​អេកូ​ទេ​សចរណ៍

បន្ទាប់ពី​រាជរដ្ឋាភិបាល បាន​បញ្ឈប់​ទាំងស្រុង​ទៅលើ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឱ្យ​ក្រុមហ៊ុន​វិនិយោគ បានធ្វើឱ្យ​កម្ពុជា​ទួលបាន​ចំណូល​កាន់តែច្រើន​ពី​វិស័យ​អេកូ​ទេសចរណ៍។

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​អាណ​ត្តិ​ទី5នេះ បា​នប​ញ្ឈ​ប់​ទាំងស្រុង​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឱ្យ​​ក្រុមហ៊ុន​វិនិយោគ។ គោលនយោបាយ​នេះ​បាន​កាត់បន្ថយ​កង្វល់ផ្សេងៗរបស់​ប្រជាពលរដ្ឋ និង​ជួយ​ប្រជាពលរដ្ឋ​ទទួលបាន​កំណើន​ជីវភាព​ប្រសើរ​ជាង​មុន​តាមរយៈ​ការពង្រឹង​ផលិតភាព​អាជីវកម្ម​របស់ខ្លួន និង​ចំណូល​ពី​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់ការពារធម្មជាតិ សំដៅ​ឆ្លើយតប​ទៅនឹង​គោលការណ៍​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍-អភិវឌ្ឍន៍​ដើម្បី​អភិរក្ស។

ក្រសួងបរិស្ថាន​សម្រេច​ជោគជ័យ​លើ​កំណែទម្រង់​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ ជាល​ទ្ឋ​ផល​តំបន់ការពារធម្មជាតិ​មាន​រហូតដល់ 45តំបន់​នៅ​ឆ្នាំ2016 ត្រូវបាន​កើនឡើង​ដល់ 49តំបន់ នៅ​ឆ្នាំ2017 និង​មាន​ផ្ទៃក្រឡា​ជាង7.5 លាន​ហិកតា ស្មើនឹង41% នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន ក៏បាន​បង្កើត​របៀប​អភិរក្ស​ជីវៈចម្រុះ​ប្រ​ព័​ន្ឋ​តំបន់ការពារធម្មជាតិ ក្នុង​គោលបំណង​ត​ភ្ជាប់​តំបន់ការពារធម្មជាតិ​ទាំងឡាយ ដើម្បី​ធានា​ទំនាក់ទំនង​ចលនា​ផ្លាស់​ទី​ជីវៈចម្រុះ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

គួរ​បញ្ជាក់ថា តំបន់ការពារធម្មជាតិ​ចែកចេញជា 8ប្រភេទ តំបន់​ឧទ្យាន​ជាតិ តំបន់​ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់​រាម​សារ តំបន់​ស្នូល​នៃ​ឋបនីយ​ជីវ​មណ្ឌល តំបន់​បេ​តិកភ័​ណ្ឌ​ធម្មជាតិ តំបន់​ឧទ្យាន​ជាតិ​សមុទ្រ។ បច្ចុប្បន្ន​វិស័យ​អេកូ​ទេសចរណ៍​មាន​កើតឡើង​រង្វង់20% គ្រា​ដែលវិស័យ​ទេ​សចរណ៍​វប្បធម៌​កើនឡើង​រង្វង់8%។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​បញ្ជាក់ថា៖ «សព្វថ្ងៃ​បើ​គ្មាន​សកម្មភាព​ទេសចរណ៍​នៅ (តំបន់​អេកូ​ទេស​ចរណ៍) ប្រជាជន​បាន​ចំណូល​ពី​ព្រៃឈើ​តាមរយៈ​បោចវល្លិ ៍(អនុផល) ប៉ុន្ដែ​ជួនកាល​ពួកគាត់​អាច​ទៅ​ហួស​ពី​ការ​បោច​វ​ល្លិ៍ ឈានទៅដល់​ការកាប់​ព្រៃឈើ និង​បាញ់​សត្វ ដូច្នេះ​យើង​អត់​ចង់​ឱ្យ​​ប្រជាជន​ធ្វើ​សកម្មភាព​បែបនេះ​ទេ គឺ​គេ​ត្រូវ​ទុក​ព្រៃឈើ ទុក​សត្វ​ឱ្យ​ភ្ញៀវ​ទេសចរ​មើល ព្រោះ​នៅពេល​ភ្ញៀវទេ​សចរទៅដល់​ ការចំណាយ​របស់​ពួកគាត់ នឹង​បាន​ចូលទៅ​ដល់ដៃ​របស់​ប្រជាជន​រស់នៅក្នុង​សហគមន៍»៕

Advertisement