តើន​រណា​នៅ​ពីក្រោយ​នៃ​ពាន រង្វាន់ ICT AWARDS ឆ្នាំ2017?

កាលពីពេលថ្មីៗនេះ​កម្ពុជា​បានរៀបចំ​ការប្រកួតប្រជែង​ពានរង្វាន់ ICT Awards 2017 ដែលមាន​ស្ថាប័នឯកជន និង​ស្ថាប័នរដ្ឋ​ជាច្រើន​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់​យ៉ាង​សស្រោកសស្រាំ។

បន្ទាប់ពី​ការប្រកួត​គណៈកម្មការ​រៀបចំ​បាន​រកឃើញ​ម្ចាស់​ជ័យលាភី ICT Awards 2017 គឺ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ខណៈ​ក្រសួង​បានធ្វើ​កំណែទម្រង់​លើ​ការគ្រប់គ្រង​យានយន្ត​ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បំផុត ដែល​ផ្តល់​សេវា​ចុះបញ្ជី​យានយន្ត​ក្នុង​រយៈពេល​ត្រឹមតែ​ប្រមាណ2ថ្ងៃ​ប៉ុណ្ណោះ ជំនួស​ឱ្យ​ការប្រើប្រាស់​នីតិវិធី​ស្មុគស្មាញ​ចាស់ ដែល​ប្រើប្រាស់​ពេលវេលា​រាប់​ខែ។

ជាមួយគ្នានេះ​ក្រសួង​ក៏បាន​ដាក់ឱ្យ​ប្រើប្រាស់​នូវ QR Code លើ​ស្លាក​លេខ​ម៉ូតូ រថយន្ត ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និង​ដំបូង​គេ​នៅ​អាស៊ី​ផងដែរ។ ក្រោយពេល​ទទួល​ជ័យលាភី​ក្នុងការ​ប្រកួត​រួចមក ម្ចាស់​ជ័យលាភី​នៃ​ពានរង្វាន់​ខាងលើ​ក៏​កំពុង​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ថា្នក់​តំបន់​មួយទៀត គឺ ASEAN ICT Awards 2017 ដែល​បានចាប់ផ្តើម​ដំណើរការ​ដាក់ពាក្យ​ប្រឡង​កាលពី​ខែមេសា ឆ្នាំ2017 ហើយ​ត្រូវ​ប្រកួត​យក​ជ័យលាភី​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2017 ខាងមុខ។ តើ​តំណាង​ពី​កម្ពុជា​អាចនឹងទទួល​បាន​ជ័យជម្នះ​នៅលើ​ឆាក​អន្តរជាតិ​ដែរ ឬទេ?

តើ ICT Awards 2017 នេះ​បានផ្តល់​ប្រយោជន៍​ដូចម្តេចខ្លះ​ដល់​កម្ពុជា?

លោក ហ៊ាង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​នឹងចូលរួម​ប្រកួតប្រជែង ASEAN ICT Awards 2017 ដោយផ្ទាល់ បាន​និយាយថា ការចូលរួម​ប្រកួត​យើង​សម្រេចបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ។ កម្មវិធី​នេះ​សម្រេច​ទៅបាន​ក្រោម​គំនិត​ផ្តួចផ្តើម​ដឹកនាំ​ធ្វើកំណែទម្រង់ និង​ការផ្តល់​ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយពី​សំណាក់​ឯកឧត្តម​ទេសរ​ដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

កិច្ចខិតខំ​ប្រឹងប្រែង​នេះ​កំពុង​ជួយ​សម្រួល​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ពួកគាត់​មាន​ភាពងាយស្រួល​ក្នុងការ​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​រថយន្ត​តាម​អន​ឡាញ​ក៏បាន តាម​ហាង​ទិញ​រថយន្ត​ក៏បាន និង​តាមរយៈ​មន្ត្រី​នៅ​កន្លែងធ្វើការ​ផ្ទាល់​ក៏បាន ដែល​អាច​ចំណេញ​ទាំង​ពេលវេលា និង​ថវិកា មានន័យថា ប្រជាពលរដ្ឋ​លែង​ចំណាយ​សេវា​ក្រៅផ្លូវការ​ដូច​មុន​ទៀតហើយ។ អ្វីដែល​ពិសេស​ជាងនេះទៀត​នោះ​គឺ​ប្រព័ន្ធ​ចុះបញ្ជី​ស្វ័យប្រវត្តិកម្ម​ថ្មី​មាន​ដាក់ QR Code នៅលើ​ស្លាក​លេខ​រថយន្ត និង​ទោចក្រយានយន្ត ឬ​ម៉ូតូ តែម្តង​ដោយ​វា​នឹង​ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​ត្រួតពិនិត្យ​ព័ត៌មាន​ពាក់ព័ន្ធ​ទៅនឹង​ទោចក្រយានយន្ត ម៉ូតូ ឬ​រថយន្ត គឺ​មិនចាំបាច់​ចំណាយពេល​ទៅ​ឆែក​គល់បញ្ជី​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន ចៀសវាង​ការ​ក្លែងបន្លំ​ណាមួយ​ក្នុងការ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងបន្លំ​នោះ។

លោកបាន​បន្តថា នីតិវិធីងាយៗក្នុងការ​ចុះបញ្ជី គឺ​ប្រជាពលរដ្ឋ​មាន​ជម្រើស3សម្រាប់​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ ទី1. អាច​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​ដោយផ្ទាល់​ជាមួយ​មន្ត្រី​នៅ​ការិយាល័យ​ផ្តល់​សេវា​របស់​ក្រសួង ទី2. អាចធ្វើ​តាមរយៈ​ហាង​ដែល​បាន​ទិញ​រថយន្ត ឬ​ទោចក្រយានយន្ត​នៅនឹងកន្លែង និង​ទី3. អាច​ចុះបញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ។ វិធីសាស្ត្រ​ដែល​ងាយស្រួល​ជាងគេ គឺ​ចុះបញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​គ្រាន់តែ​ចូលទៅ​កាន់​គេហទំព័រ​របស់​ក្រសួង តាមរយៈ​អាសយដ្ឋាន https://vehicle.mpwt.gov.kh ដែល​បានផ្តល់​លទ្ធភាព​ឱ្យ​ម្ចាស់​រថយន្ត​ជ្រើសរើស​លេខ​រថយន្ត និង​ប្រភេទ​ស្លាក​ខ្នាត​ធំ ឬ​វែង​ដែល​ខ្លួន​ពេញចិត្ត ហើយ​បង់ក​ម្រៃ​សេវា Online ឬ​ទៅកាន់​បញ្ជរ Wing, LyHour ឬ SmartLuy ជាការ​ស្រេច។ ក្រោយពី​បង់ប្រាក់​រួចរាល់​អតិថិ​ជន​អាច​ជិះ​រថយន្ត​ទៅ​កឹ​ប​ស្លាក​លេខ នៅ​ទីតាំង​ធ្វើ​ស្លាក​លេខ​រថយន្ត​រាជធានី-ខេត្ត ដោយ​គ្រាន់តែ​ធ្វើដំណើរ​ទៅដល់​ទីតាំង​នោះគេ​នឹង​ផ្ទៀងផ្ទាត់​ព័ត៌មាន ក៏ដូចជា​ទិន្នន័យ​ដែល​បាន​ចុះបញ្ជី​តាម​អន​ឡាញ​ដើម្បី​កឹ​ប​ស្លាក​លេខ ហើយ​ផ្តល់​កាត​គ្រី​ជូនភ្លាមៗតែម្តង មិនបាច់​ចំណាយ​ក្រៅផ្លូវការ និង​មិនបាច់​រង់ចាំ​យូរ​ដូចពេលមុន​ទៀត​ទេ។

ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្មនេះ នឹងត្រូវ​ដាក់ចូល​ប្រកួតប្រជែង​ក្នុង​កម្មវិធី ASEAN ICT Awards 2017 ដែល​នឹងត្រូវ​ប្រកាស​ជ័យលាភី​នៅ​ចុងខែ​វិច្ឆិកា ខាងមុខនេះ ហើយ​គេ​រំពឹងថា​កម្ពុជា​នឹង​អាច​ដណ្តើមបាន​ជ័យលាភី​នេះ ដោយសារ​ប្រព័ន្ធ​ចុះបញ្ជី​យានយន្ត​បែប​ថ្មី​នេះ ត្រូវបាន​រៀបចំឡើង​ប្រកបដោយ​តម្លាភាព សុវត្ថិភាព និង​ទើបត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​កម្ពុ​ជាដំបូង​បំផុត ក្នុងចំណោម​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន។

គួររំលឹកថា ក្រោយពេល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ហ៊ាង សុទ្ធា​យុ​ត្តិ បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​អភិវឌ្ឍ​កម្មវិធី​ព័ត៌មានវិទ្យា​ជាច្រើន​ដូចជា ក្រុមហ៊ុន I-ways ក្នុងតួនាទី​ជា​អ្នកគ្រប់គ្រង បន្ទាប់មក​លោក​ក៏​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន Khmer Dev Company ក្រុមហ៊ុន Angkor One LLC និង​ជាទី​ប្រឹក្សា​បច្ចេកវិទ្យា​ព័ត៌មាន​ថ្នាក់​តំបន់​របស់​អង្គការសហប្រជាជាតិ​ស្ថិតិ (UNSD) ហើយក៏​ជាទី​ប្រឹក្សា​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា រៀបចំ​កម្មវិធី​គ្រប់គ្រង​ការប្រឡង​បាក់​ឌុប​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​ផងដែរ។ ក្រោយមក​លោក​ក៏​ចូល​បម្រើ​ការងារ​នៅ​ក្រសួងពាណិជ្ជកម្ម ក្នុងតួនាទី​ជា​អនុប្រធាននាយកដ្ឋាន​អឺរ៉ុប មជ្ឈិមបូព៌ា និង​អាហ្វ្រិក។ ការងារ​បច្ចុប្បន្ន​រប​ស់លោក​គឺជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៕

Advertisement