ឆ្នាំ2017 ប្រជាជន​កម្ពុជា មាន​ចំណូល​ក្រោម 120ដុល្លារ​ក្នុង​មួយខែ

ភ្នំពេញ៖ របាយ​ការ​ណ៍​ថ្មី​មួយ​បាន​រកឃើញថា ទោះជា​កំណើនសេដ្ឋកិច្ច​ឆ្នាំ 2017 នឹង​នៅតែ​បន្ត​កើន​ក្នុង​រង្វង់7.0%ក៏ដោយ ក៏ប៉ុន្តែ​ផលិតផល​ក្នុងស្រុក​សរុប(ផសស) ឬ​ហៅថា​ចំណូល​ដុល​ប្រចាំឆ្នាំ​របស់​ប្រជាជន​ខ្មែរ​ម្នា​ក់មាន​ចំនួន​ត្រឹមតែ 1,422ដុល្លារ​អាមេរិក ប្រហែល118ដុល្លារ​ក្នុង​មួយខែ​តែប៉ុណ្ណោះ។

យោងតាម​របាយ​ការ​ណ៏​លទ្ធផល​នៃ​ការអនុវត្ត​ថវិកា​ឆមាស​ទី1 និង​លទ្ធផល​ប៉ាន់ស្មាន​នៃ​ការអនុវត្ត​ថវិកា​ឆ្នាំ2017របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា កំណើនសេដ្ឋកិច្ច​ឆ្នាំ2017 នៅតែ​បន្ត​រឹងមាំ​ក្នុង​រង្វង់7.0% ដែល​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប(ផសស) គិត​ជា​ទឹកប្រាក់​តាម​ថ្លៃ​បច្ចុប្បន្ន​មាន​ចំនួន 89,032,586លាន​រៀល ស្មើនឹង 21,983 លាន​ដុល្លារ​អាមេរិក ហើយ​ផលិតផល​សរុប​សម្រាប់​មនុស្ស​ម្នាក់​រំពឹងថា នឹង​ឡើងដល់1,422ដុល្លារ​ក្នុង​មួយឆ្នាំ​នេះ។

កាលពី​ឆ្នាំ2016កន្លងទៅ សេដ្ឋកិច្ចកម្ពុជា​នៅ​រក្សាបាន​កំណើន​ក្នុង​រង្វង់7.0% ដែល​គាំទ្រ​ដោយ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​កសិកម្ម កំណើន​រឹងមាំ​នៃ​វិស័យ​សំណង់ ទោះ​ជាមាន​កំណើន​ថយចុះ​បន្តិច និង​កំណើន​គួរឱ្យកត់សម្គាល់​នៃ​វិស័យ​មិនមែន​កាត់ដេរ​ក្ដី។ ប្រការនេះ​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប(ផសស) សម្រាប់​មនុស្ស​ម្នាក់​កើន​ពី1,216ដុល្លារ​នៅ​ឆ្នាំ2015 ដល់1,302 ដុល្លារ​នៅ​ឆ្នាំ2016 បើ​គិត​សរុប​សម្រាប់​មនុស្ស​ម្នាក់​ទទួលបាន​ប្រហែល108ដុល្លារ​ក្នុង​មួយខែ។

យោងតាម​ការប៉ាន់ស្មាន ដោយ​ផ្អែក​តាម​ទិន្នន័យ​ស្ថិតិ​ជាក់ស្តែង​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ2017នេះ សេដ្ឋកិច្ចកម្ពុជា​អាច​នឹង​នៅតែ​បន្ត​កំណើន​ក្នុង​រង្វង់ 6.9% ក្នុង​ឆ្នាំ2017 ដែល​ទាប​ជាង​ការប៉ាន់ស្មាន​កាលពីដើមឆ្នាំ ដែល​កំណើន​នេះ​ត្រូវបាន​គាំទ្រ​ដោយ​វិស័យ​សំណង់ និង​វិស័យ​កសិកម្ម និង​កំណើន​ខ្ពស់​លើសពី​ការរំពឹងទុក​នៃ​វិស័យ​ទេសចរណ៍។

វិស័យ​កសិកម្ម​ត្រូវបាន​ព្យាករ​ថា នឹង​បន្ត​កំណើន​រឹងមាំ​ក្នុង​រង្វង់ 2.0% នៅ​ឆ្នាំ2017 ចំណែក​វិស័យ​ឧស្សាហកម្ម​ត្រូវបាន​ព្យាករ​ដែរ​ថា នឹងមាន​កំណើន​ថយចុះ​បន្តិច​ក្នុង​អត្រា 9.2% នៅ​ឆ្នាំ2017 ដោយសារ​ការថយចុះ​នៃ​កំណើន​ក្នុង​វិស័យ​កាត់ដេរ។ វិស័យ​កាត់ដេរ​រំពឹងថា មាន​កំណើន​ថយចុះ​មក​នៅត្រឹម 5.8% ចំណែក​វិស័យ​សំណង់​ត្រូវបាន​ព្យាករ​ថា នៅ​បន្ត​រឹងមាំ និង​ស្ថិតនៅក្នុង​គន្លង​មួយ​ដែលមាន​និរន្តរភាព​ជាង​មុន ទោះបី​មានការ​ថយចុះ​បន្តិច​មក​នៅត្រឹម14.4% ដោយសារ​ការរង់ចាំ​មើល​របស់​វិនិយោគិន ចំពោះ​ព្រឹត្តិការណ៍​បោះឆ្នោត ដែល​ខិតជិត​មកដល់ និង​វិធានការ​រឹតត្បិត​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុងការ​ផ្តល់​ឥណទាន​ក្នុង​វិស័យនេះ។

យោងតាម​តួលេខ​នៃ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ (IMF)បាន​បង្ហាញថា កម្ពុជា​ជា​ប្រទេសមួយ​ដែល​ប្រជាជនមាន​ចំណូល​ទាប​ជាង​ប្រទេសជិតខាង​នៅក្នុង​តំបន់​អាស៊ី។ របាយការណ៍​ចេញផ្សាយ​កាលពី​ខែមេសា ឆ្នាំ2017 បង្ហាញថា ប្រជាជន​កម្ពុ​ជាមាន​ចំណូល​ត្រឹមតែ1,308ក្នុង​មួយឆ្នាំ ខណៈដែល​ឥណ្ឌូនេស៊ី​មាន​ចំណូល 3,895 ដុល្លារ​ក្នុង​មួយឆ្នាំ ថៃ 6,265ដុល្លារ/ឆ្នាំ ហ្វីលីពីន3,102ដុល្លារ/ឆ្នាំ ម៉ាឡេស៊ី 9,623ដុល្លារ/ឆ្នាំ សិង្ហបូរី 51,431ដុល្លារ/ឆ្នាំ វៀតណាម 2,305ដុល្លារ/ឆ្នាំ មី​យ៉ាន់​ម៉ា 1,374ដុល្លារ/ឆ្នាំ ឡាវ 2,051ដុល្លារ/ឆ្នាំ និង​ប្រ៊ុយណេ 28,740ដុល្លារ/ឆ្នាំ៕

Advertisement