ទុនវិនិយោគ​លើ​វិស័យ​សំណង់​នៅ​ត្រីមាស​ទី1ធ្លាក់ចុះ​ជាង20%

0

ភ្នំពេញ៖ នៅក្នុង​ត្រីមាស​ទី1 ឆ្នាំ2017នេះ ទុនវិនិយោគ​នៃ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា សរុប​មាន​ចំនួន1,200លាន​ដុល្លារ ពោលគឺ​បាន​ធ្លាក់ចុះ​ប្រមាណ​ជា 22% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016។

លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ទិដ្ឋភាព​ច្បាប់ បទដ្ឋាន​គតិយុត្ត​លើ​ការវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ថា  ទោះជា​ទុនវិនិយោគ​លើ​វិស័យ​សំណង់​មានការ​ធ្លាក់ចុះ​ដូច្នេះ​មែន ប៉ុន្តែ​បើ​យើង​ក្រឡេកមើល​គម្រោង​សំណង់​លំនៅឋាន និង​បុរី គិត​ត្រឹម​ខែ​មិនា ឆ្នាំ2017 ការវិនិយោគ​មាន 670គម្រោង ដែលមាន​ទុន​សរុប 939លាន​ដុល្លា មានការ​កើនឡើង 33.18% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ លោក​ឧកញ៉ា បញ្ជាក់ថា វិស័យ​សំណង់ បច្ចុប្បន្ន​អគារ​ចាប់ពី5ជាន់ឡើង​មាន​ចំនួន​ជាង600អគារ និង​បុរី​ជាង110ទីតាំង។

ចំណែក​លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ចាប់ពី​ឆ្នាំ 2010 រហូតដល់​ខែកញ្ញា ឆ្នាំ2017 ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានផ្តល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​សរុប​បាន​ចំនួន 213គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជា 3,375លាន​ដុល្លារ​អាមេរិក។

លោកជំទាវ​មានប្រសាសន៍ថា វិស័យ​សំណង់​នៅ​កម្ពុជា​គឺមាន​ការរីកចម្រើន​ខ្លាំង តែ​ចំនួន​ក្រុមហ៊ុន​ដែល​ក្រសួង​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យបាន213គម្រោង​ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ 3,375លាន​ដុល្លារ​អាមេរិក។ ក្នុងចំណោម​គម្រោង​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ ក្នុងនោះ​គម្រោង​បុរី​មាន​ចំនួន 132 គម្រោង ស្មើនឹង 31,997ផ្ទះ និង​អគារ​សហកម្មសិទ្ធិ មាន​ចំនួន 81 គម្រោង ស្មើនឹង 29,612បន្ទប់។

លោកជំទាវ​បាន​រំឭកថា ឧស្សាហកម្ម​សំណង់​នៅ​ប្រទេស​កម្ពុជា​បាន​បង្កើត​រហូតដល់​ប្រមាណ1/10(មួយ​ភាគ​ដប់)នៃ​ផលិតផល​ក្នុងស្រុក​សរុប(ផសស)នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​បង្កើត​ការងារ​ដោយផ្ទាល់ និង​មិនផ្ទាល់​សម្រាប់​ប្រជាពលរដ្ឋ​ជាច្រើន។ លើសពីនេះ​ដោយសារ​វិស័យ​សំណង់​មានការ​ចូលរួម​ជាច្រើន​ពី​សំណាក់​សហគ្រាស​ធុន​តូច និង​មធ្យម ដូច្នេះ​វិស័យនេះ​បាន​បង្កើត​ប្រាក់ចំណូល​ដែល​ត្រូវបាន​បែងចែក​ទូលំទូលាយ ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា​កា​ន់​តែ​ប្រសើរឡើង។

របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យដឹងថា វិស័យ​សំណង់​នៅតែ​បន្ត​កំណើន​រឹងមាំ និង​ស្ថិតក្នុង​គន្លង​ដែលមាន​និរន្តរភាព​ជាង​មុន ទោះជា​មានការ​ថយចុះ​មក​នៅត្រឹម 14.4% ក៍ដោយ។ នៅ​ត្រីមាស​ទី1 ឆ្នាំ2017នេះ សកម្មភាព​សាងសង់​នៅតែ​បន្ត​កំណើន​ខ្ពស់ ទោះបី​មានការ​ថយចុះ​នៃ​គម្រោង​សំណង់​លំនៅឋាន ដែលមាន​តម្លៃ​ខ្ពស់ ប៉ុន្តែ​ត្រូវបាន​ជំនួស​វិញ​ដោយ​សំណង់​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ និង​សំណង់​ផ្សារ​ទំនើប ព្រម​ជាមួយនឹង​កំណើន​វិនិយោគសាធារណៈ លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​រូបវន្ត៕

ចែករំលែក