រដ្ឋាភិបាល​គ្រោង​បង្កើត​ទីតាំង​ធ្វើលិខិត​ឆ្លងដែន 2កន្លែង​ថែមទៀត

0

ភ្នំពេញ៖ ក្នុង​គោលដៅ​ទប់ស្កាត់ ក៏ដូចជា​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បង្កើត​ទីតាំង​ធ្វើលិខិត​ឆ្លងដែន (Passport) ចំនួន 2កន្លែង​ថែមទៀត​នៅក្នុង​ខេត្ត​ជិត​ព្រំដែន​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ទទួលបាន​សេវា​នៅ​ទីតាំង​ថ្មី​នេះ។

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មានប្រសាសន៍ ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ កតិកាសញ្ញា​ជាស​កល ស្តីពី​ទេសន្តរប្រវេសន៍ ប្រកបដោយ​សុវត្ថិភាព នៅ​ព្រឹក​ថ្ងៃទី10 តុលា​នេះ​ថា ដើម្បី​ធ្វើការ​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់ ចៀសវាង​កើតមាន​គ្រោះថ្នាក់​ក្នុងពេល​ចេញទៅ​ធ្វើការ​ក្រៅប្រទេស  រដ្ឋាភិបាល​បានសម្រេច​បង្កើត​ទីតាំង​ធ្វើលិខិត​ឆ្លងដែន​ពីរ​កន្លែង​បន្ថែមទៀត​គឺ នៅក្នុង​ខេត្តបាត់ដំបង និង​ក្នុង​ខេត្តបន្ទាយមានជ័យ ជាទី​ដែល​ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ច្រើនជាងគេ និង​បន្តទៅ​ប្រទេស​ទី 3 ថែមទៀត។

ស្របពេល​ជាមួយគ្នានេះដែរ សម្តេច​ក៏បាន​ប្រកាស​ឱ្យ​អាជ្ញាធរ​ព្រំដែន​បិទ​ច្រករបៀង​នានា​នៅតាម​ព្រំដែន ព្រោះថា ទីតាំង​ទាំងនោះ​ហើយ​ដែល​ពលករ អាច​ចេញទៅ​ធ្វើការ​ដោយ​ខុសច្បាប់ និង​បង្កឱ្យមាន​គ្រោះថ្នាក់​កើតឡើងជារឿយៗនៅ​ប្រទេស​ផ្សេង ជួនកាល​ត្រូវបាន​មេខ្យល់​នាំយកទៅ​ធ្វើការ​ដោយ​មិនដឹង​គោលដៅ​ច្បាស់លាស់ ឬ​ពេលខ្លះ​ត្រូវ​សមត្ថកិច្ច​គេ​ចាប់​ដាក់​ពន្ធ​ធនាគារ ឬ​ចាប់​បញ្ជូនមក​ស្រុកកំណើត​វិញ មាន​ចំនួន​មិនតិចជាង100នាក់​ទេ​ក្នុងមួយថ្ងៃ។

សម្តេច​ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​គួរ​កុំ​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន ព្រោះថា​អាច​នឹងមាន​គ្រោះថ្នាក់​កើតឡើង​ដល់​ខ្លួន ហើយ​ករណីនេះ អាជ្ញាធរ​ព្រំដែន​ត្រូវតែមាន​វិធានការ​រឹតបន្តឹង ចៀសវាង​ការធ្វើ​ចំណាកស្រុក​ដោយ​គ្មាន​ឯកសារ​ច្បាស់លាស់៕

ចែករំលែក