ភោជនីយដ្ឋានតូប៉ាហ្សស្វាគមន៍មេចុងភៅលំដាប់ផ្កាយ 2 មកពីបារាំង

ជាមួយនឹងការបង្ហាញពីភាពស្វាគមន៍ចំពោះវត្តមានរបស់មេចុងភៅមកពីប្រទេសបារាំង ដែលមានបទពិសោធន៍ជាមួយការចម្អិនអាហារលំដាប់ផ្កាយ 2 លោកលោក GUY LASSAUSAIE ភោជនីយដ្ឋានតូប៉ាហ្ស មានកិត្តិយសសូមជម្រាបជូនដល់មហាជនទូទៅ ជាពិសេសអតិថិជនដែលតែងគាំទ្រជឿទុកចិត្តលើអាហាររបស់ភោជនីយដ្ឋានតូប៉ាហ្ស ថា នៅថ្ងៃទី១២ ខែតុលា ស្អែកនេះ មេចុងភៅលំដាប់ផ្កាយពីរ Michelin stars គឺលោក Guy Lassausaie. នឹងត្រៀមនូវមុខម្ហូបចំនួន 7 មុខសម្រាប់អាហារពេលល្ងាចដោយមានបន្ថែមជាមួយនឹងស្រាជាច្រើនប្រភេទ ដោយក្នុងមុខម្ហូបទាំងអស់សុទ្ធសឹងតែជាម្ហូបដែលត្រូវបានទទួលស្គាល់ពាសពេញពិភពលោក ។

លោក Arnaud DARC ជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ថាលាស និងជាសហស្ថាបនិកដែលបានបង្កើតភោជនីយដ្ឋាន តូប៉ាហ្ស ដំបូងក្នុងឆ្នាំ1997 បានមានប្រសាសន៍ថា « នេះជាលើកទីមួយសម្រាប់ភោជនីយដ្ឋាន តូប៉ាហ្ស និងជាកម្មវិធីដ៏កម្រមួយក្នុងទីក្រុងភ្នំពេញ ដែលយើងអាចអញ្ជើញអ្នកដែលល្បីល្បាញនិងប៉ិនប្រសប់ក្នុងការចម្អិនអាហារដូចជាលោក Guy Lassausaie ដើម្បីមកបង្ហាញពីជំនាញក៏ដូចជាបង្ហាត់បង្រៀនដល់ក្រុមមេចុងភៅក្នុងភោជនីយដ្ឋាន តូប៉ាហ្ស ហើយនេះក៏ជាការបង្ហាញឱ្យឃើញថាទីក្រុងភ្នំពេញសព្វថ្ងៃកំពុងតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំង»។

លោក Guy Lassausaie មានអាយុ 56 ឆ្នាំ មកពីខេត្ត Chasseley ក្នុងទីក្រុង Lyon នៃប្រទេសបារាំង ។ នៅតំបន់នេះ ក្នុងអំឡុងឆ្នាំ1984 លោក Guy Lassausaie បានរៀបចំភោជនីយដ្ឋាន ដែលជាបន្សល់ទុកពីដូនតារបស់លោកតាំងពីឆ្នាំ 1906 សាជាថ្មី និងបន្តរីកចម្រើនរហូតមកដល់សព្វថ្ងៃ។ លោកបានឈ្នះពានរង្វាន់ជា Michelin star លើកដំបូងក្នុងឆ្នាំ1994 ហើយលើកទី 2 ក្នុងឆ្នាំ 2009  រហូតបានក្លាយជាគំរូដល់អ្នកដែលប្រាថ្នាចង់ក្លាយជាមេចុង ។ លោកគឺជាអ្នកជំនាញដ៏ពិតប្រាកដ ដែលមិនត្រឹមតែមានសមត្ថភាពចម្អិនអាហារបែបបារាំងប៉ុណ្ណោះទេ ប៉ុន្តែលោកបានស្រាវជ្រាវ និងស្វែងរកនូវបទពិសោធន៍ជាច្រើនជុំវិញពិភពលោកផងដែរ។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជាលោកនឹងធ្វើដំណើរទៅខេត្តកំពតដើម្បីស្វែងយល់អំពីគ្រឿងទេសដ៏មានតំលៃរបស់ប្រទេសកម្ពុជា។

 

គួរបញ្ជាក់ផងដែរថា ខណៈពេលដែលមេចុងភៅ លោក Lassausaie ស្នាក់នៅក្នុងប្រទេសកម្ពុជា លោកនឹងធ្វើការងារយ៉ាងជិតស្និទ្ធិជាមួយនឹងលោកមេចុងភៅប្រចាំភោជនីយដ្ឋានតូប៉ាហ្ស លោក ពៅ សុភ័ក្រ្តនិងសហជីវិន សហជីវីនីរបស់លោកផងដែរ។ លោកនឹងចែករំលែកនូវបទពិសោធន៍ក៏ដូចជាចំណេះដឹងនិងគំនិតផ្សេងៗ។ ដូច្នេះក្រុមសហជីវិន សហជីវីនីរបស់ភោជនីយដ្ឋាន តូប៉ាហ្ស ទាំងអស់ នឹងបន្តខិតខំពង្រឹងបន្ថែមនូវសមត្ថភាពរបស់ពួកគេផងដែរ។  លោកមេចុងភៅលំដាប់ពិភពលោកម្នាក់នេះ នឹងរៀបចំនូវមុខម្ហូបពិសេសៗនៅក្នុងភោជនីយដ្ឋាន តូប៉ាហ្ស ដែលជារូបមន្ត និងជាចំណុចពិសេស ដែលធ្វើឱ្យលោកក្លាយជាអ្នកល្បីល្បាញ ដោយមុខម្ហូបនៅក្នុងពេលនោះមានដូចជាការរួមបញ្ចូលស្ទីលពងមាន់បាហ្គាន់ឌីជាមួយភ្លៅកង្កែប , ផ្សិតប៉ូឆីនី និងពពុះខ្ទឹមសបំពង រួមជាមួយនិងម្ហូបពិសេសៗជាច្រើនមុខទៀត៕

 

 

 

Advertisement