ការចេញលិខិត​បញ្ជាក់​កម្មសិទ្ធិ​ច្រើន​សន្លឹក​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ខ្ចីប្រាក់ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ

0

ភ្នំពេញ – ស្រប​ពេលដែល​វិស័យ​មីក្រូហិរញ្ញវត្ថុ​កំពុងមាន​អត្រាកំណើន​នៃ​អ្នកប្រើប្រាស់ អគ្គទេសាភិបាល​នៃ​ធនាគារជាតិ​កម្ពុជា​បាន​ក្រើនរំឭក​ដល់​អាជ្ញាធរ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​នូវ​ការចេញលិខិត​បញ្ជា​ក់ក​ម្ម​សិទ្ធិ​ច្រើន​សន្លឹក​ឱ្យ​ប្រជាពលរដ្ឋ​សម្រាប់​ខ្ចីប្រាក់ ដើម្បី​ឈានទៅ​បញ្ជៀ​សប​ញ្ហា​ប្រឈម​នឹង​ហានិភ័យ​ទាំងឡាយ​ដែល​អាច​កើតឡើង​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ។

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​នៃ​ធនាគារជាតិ​កម្ពុជា បាន​មានប្រសាសន៍ថា  បច្ចុប្បន្ន​វិស័យ​មីក្រូហិរញ្ញវត្ថុ​មានការ​រីកចម្រើន​ដែល​អាច​មើលឃើញថា តាមរយៈ​អត្រាកំណើន​នៃ​អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ពិសេស​ប្រជាពលរដ្ឋ​ពេញវ័យ​ដែល​កំពុង​ប្រើប្រាស់​សាវា​នេះ មានការ​កើនឡើង​ប្រមាណ 51% នៅ​ឆ្នាំ2017 ធៀប​ទៅនឹង​ឆ្នាំ2016 មាន​ប្រមាណ 8,7%។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុ​ជាមាន​ចំនួន 76 ស្ថាប័ន និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​មាន​ចំនួន 286ស្ថាប័ន ដែលមាន​រហូតដល់​ថ្នាក់ឃុំ។ ទំហំ​ទឹកប្រាក់​កម្ចី​សរុប​ប្រមាណ 18,80 ទ្រី​លាន​រៀល ស្មើនឹង​ប្រមាណ 3,90 ប៊ី​លាន​ដុល្លារ ហើយ​ផ្តល់​ដល់​អតិថិជន​ចំនួន 1,8 លាន​នាក់ និង​ប្រាក់​បញ្ញើ​សរុប​ចំនួន 7,70 ទ្រី​លាន​រៀល ស្មើនឹង1,90 ប៊ី​លាន​ដុល្លារ និង​ទទួលបាន​អតិថិជន​ដែល​ផ្ញើ​ប្រាក់​ចំនួន1,7លាន​នាក់។

អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​កម្ពុជា បាន​បន្ត​លើកឡើងថា ទន្ទឹមនឹង​ភាព​រីកចម្រើន​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ ក៍មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ។  ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព អាជ្ញាធរ​ត្រូវ​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ច្បាស់​អំពី​ប្រភព​ស្របច្បាប់​នៃ​ដំណើរការ​ខ្ចីប្រាក់។ បន្ត​ការសហការ​អនុវត្តតាម​ផ្លូវច្បាប់​ទៅលើ​សមាគម អង្គការ ជនខិលខូច និង​អ្នករកស៊ី​ចងការ​ប្រាក់​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត។ ពិសេស​ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់ មុន​ចេញ​លិខិត​បញ្ជាក់ជូន​ប្រជាពលរដ្ឋ​ដើម្បី​ខ្ចីប្រាក់ និង​ចៀសវាង​ការចេញលិខិត​ឱ្យ​ច្រើន​សន្លឹក និង​បញ្ឈប់​ការសហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុងការ​ដើរទារ​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ។

ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ពិនិត្យ​ថ្លឹងថ្លែង​ប្រកបដោយ​សមភាព និង​ពង្រឹង​ប្រសិទ្ធភាព​អនុវត្តតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា ចាត់វិធានការ​ចំពោះ​អ្នកផ្តល់​ប្រាក់កម្ចី​ឱ្យបាន​ម៉ឺងម៉ាត់ និង​ជំរុញ​បន្ត​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្តល់​សេវា​កម្ចី ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​មាន​លក្ខណៈ​អនុគ្រោះ​សម្រាប់​ពលរដ្ឋ​ក្រីក្រ ព្រមទាំង​បន្ត​ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ជូន​សាធារណជន​បន្ថែមទៀត អំពី​ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ និង​បញ្ហាផ្សេងៗដែល​អាច​កើតឡើង​ពី​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នេះ៕

ចែករំលែក