កម្ពុជា​ទទួលបាន​ទឹកប្រាក់ 7.5លាន​ដុល្លារ សម្រាប់​ពង្រឹង​សុវត្ថិភាព​ម្ហូបអាហារ 

ភ្នំពេញ៖ ដើម្បី​អភិវឌ្ឍ​ផលិតកម្ម និង​សេវាកម្ម និង​ការពង្រឹង​សុវត្ថិភាព​ម្ហូបអាហារ​ឱ្យ​កាន់តែ​ប្រសើរឡើង កម្ពុជា​ទទួលបាន​ជំនួយឥតសំណង​ប្រមាណ​ជា 7.5 លាន​ដុល្លារ ពី​គម្រោង​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម (EIF) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

ថ្លែង​ក្នុង​កិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល​នៃ​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម (EIF) លើក​ទី25 ដោយមាន​ការចូលរួម​ពី​តំណាង​ឯកអគ្គរដ្ឋទូត​អ៊ឺរ៉ុប និង​តំណាង​បេសកកម្ម​អចិន្ត្រៃយ៍​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅឯ​ខេត្តសៀមរាប នៅ​ថ្ងៃទី11 ខែតុលា​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បានឱ្យដឹងថា កម្មវិធី EIF ដែល​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា មាន​ទឹកប្រាក់​ឥត​សំណង​សរុប7.5លាន​ដុល្លារ ហើយ​បានធ្វើការ​លើ​គម្រោងធំៗរួមមាន​ការអភិវឌ្ឍ​ផលិតផល និង​សេវាកម្ម ការសម្របសម្រួល និង​ជំរុញ​នាំចេញ និង​ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ, សុវត្ថិភាព​ម្ហូបអាហារ និង​ភូតគាម​អនាម័យ។

ឯកឧត្តម​មានប្រសាសន៍​ថា “តាមរយៈ​ជំនួយ​នេះ កម្ពុជា​អាច​បន្ត​ដើរតួ​ជា​ប្រទេស​ជោគជ័យ​មួយ​សម្រាប់​កម្មវិធី EIF នៅលើ​ពិភពលោក។ យុទ្ធសាស្ត្រ​DTIS មិន​ត្រឹមតែ​បម្រើ​ដល់​ការរៀបចំ​វិស័យសំខាន់ៗប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កំណត់​ពី​ចំណុច​ខ្វះខាត​សមត្ថភាព ទាំង​នៅ​កម្រិត​ស្ថាប័ន និង​ធនធានមនុស្ស ដើម្បី​បម្រើការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម។

បន្ថែម​លើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​EIF បន្ត​ជួយ​ប្រទេស​កម្ពុជា និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ទាំងឡាយ ដើម្បី​ធានា​និរន្តរភាព​លទ្ធផល​ក្នុង​រយៈពេល​យូរអង្វែង​ដែល​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​សម្រេចបាន​និរន្តរភាព​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ។
ឯកឧត្តម ច​ច អេ​ត​ហ្គា ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បានលើកឡើង​ពី​សារៈសំខាន់​នៃ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម (AfT) ដើម្បី​ធានា​និរន្តរភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​ប្រទេស LDCs ហើយ​ចាប់តាំងពី​ឆ្នាំ2007 ដល់2015 សហគមន៍​អឺរ៉ុប និង​រដ្ឋ​សមាជិក បានផ្តល់ AfTដល់​ប្រទេស LDCs ចំនួន 96,8 ប៊ី​លាន​អឺរ៉ូ ដែល​ចំនួន​នេះ​ស្មើនឹង 1/3 នៃ​ទឹកប្រាក់ AfTពិភពលោក។ លើសពីនេះ សហគមន៍​អឺរ៉ុប​ក៏បាន​អនុញ្ញាតឱ្យ​ប្រទេស LDCs ចំនួន 47 រួមទាំង​កម្ពុជា​អាច​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA)” ចាប់តាំងពី​ឆ្នាំ 2001មក។

សម្រាប់​ប្រទេស​កម្ពុជា ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​គូសបញ្ជាក់ថា សហគមន៍​អឺរ៉ុប បានផ្តល់ AfTដើម្បី​គាំទ្រ​ចំពោះ​វិស័យសំខាន់ៗចំនួន 5 ដូច​បានកំណត់​នៅក្នុង DTIS គឺ៖ អង្ករ សូត្រ​ប្រណីត ដំឡូង​មី ជលផល​សមុទ្រ និង​បដិសណ្ឋារកិច្ច ហើយ​ទន្ទឹមគ្នា​សហគមន៍​អឺរ៉ុប នឹង​បន្ត​ជួយ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា និង​ប្រទេស​ជា​សមាជិក EIF តាមរយៈ​វិស័យ​ពាណិជ្ជកម្ម​ផងដែរ។

ទន្ទឹមគ្នានេះ ឯកឧត្តម អ៊ី​ឡយ ឡា​អ៊ូ​រូ ប្រធាន​ក្រុមប្រឹក្សាភិបាល​កម្មវិធី EIF និង​ជា​តំណាង​បេសកកម្ម​អចិន្ត្រៃយ៍​ប្រទេស​បេ​នី​ន ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​ទទួលស្គាល់ថា កម្ពុជា​គឺជា​ប្រទេស (EIF) ដែល​ទទួលបាន​ជោគជ័យ​ខ្លាំង ក្នុងការ​ប្រើប្រាស់​របៀប​វារៈ​ពាណិជ្ជកម្ម​ដើម្បី​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ដែលជា​លទ្ធផល​ចាក​ចេញពី​ប្រទេស​ដែលមាន “ប្រាក់​មាន​ចំណូល​ទាប” ទៅជា​ប្រទេស​ដែលមាន “ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប” ដោយ​ជោគជ័យ។ ហើយ​ក្រុមប្រឹក្សា EIF មក​ទីនេះ ក្នុង​គោលបំណង​រៀនសូត្រ​អំពី​ភាពជោគជ័យ​របស់​កម្ពុ​ជា ដើម្បី​ចែករំលែក​ជូន​ប្រទេស​ដែលជា​សមាជិក EIF ផ្សេងៗលើ​ពិភពលោក។

ឯកឧត្តម អ៊ី​ឡយ បាន​បន្តទៀតថា ក្រុមប្រឹក្សា EIF ក៏​នឹងធ្វើ​ការពិភាក្សា​ស្វែងរក​វិធីសាស្ត្រ​នានា​ដើម្បី​ជួយ​គាំទ្រ​ប្រទេស LDCs នៅឯ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី នៃ​អង្គការ WTO លើក​ទី11 ដែល​នឹង​រៀបចំឡើង​នៅក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ហ្ស៊ែ​រ ប្រទេស​អា​ហ្ស​ង់​ទីន ដើម្បី​ធ្វើ​សមាហរណកម្ម​ចូលទៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល និង​ទាញយក​អត្ថប្រយោជន៍​អតិបរិមា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​ការចូល​ទីផ្សារថ្មីៗ សំដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​សម្រេច​គោលដៅ​សហស​វត្សរ៍​ប្រកបដោយ​ចីរភាព៕

Advertisement