ក្រសួង​ការងារ កំពុង​សាង​កម្លាំង​ពលកម្ម ដើម្បី​អាច​ទៅ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់

0

ភ្នំពេញ – ដើម្បី​កសាង​កម្លាំង​ជំនាញ និង​ឱ្យស្រប​ទៅតាម​ទីផ្សារការងារ  ថ្មីៗនេះ​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ ស្តីពី​ការអប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ2017-2025 ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​អាចមាន​កម្លាំង​ពលកម្ម​ជំនាញ​តម្រូវ​ទៅតាម​ទីផ្សារការងារ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន បាន​លើកឡើងថា ការបង្កើត​គោលនយោបាយ​ជាតិ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថ្នាក់ជាតិ 2017-2025 គឺជា​ដំណើរការ​នៃ​ការកសាង​កម្លាំង​ជំនាញ​ឱ្យមាន​សមត្ថភាព និង​លទ្ធភាព​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ដែលជា​កាតព្វកិច្ច​ដ៏​សំខាន់​ដើម្បី​ឈានទៅដល់​ការអភិវឌ្ឍ​កំណើនសេដ្ឋកិច្ច និង​ស្ថិរភាព​សង្គម​ប្រកបដោយ​ចីរភាព។

ជាមួយគ្នានេះ​សម្ដេច​ ហ៊ុន សែន បញ្ជាក់ថា ដើម្បី​ធានា​ឱ្យ​គោលនយោបាយ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស 2017-2025 អនុវត្ដ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ត្រូវ​បន្ដ​ពង្រឹង​ការអប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​បន្ដ​អនុវត្ដ​ប្រព័ន្ធ​ធានា​គុណភាព ពង្រឹង​គរុកោសល្យ និង​បច្ចេកទេស​របស់​គ្រូ​បណ្ដុះបណ្ដាល​ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង​ធនធាន​មូលដ្ឋាន​សម្រាប់​រៀន និង​បង្រៀន ដោយ​ឆ្លើយតប​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​សម្រាប់​តម្រូវការ​ទីផ្សារការងារ។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានលើកឡើង​ថា ការបង្កើត​គោលនយោបាយ​នេះ​បានបង្ហាញ​ពី​ភាពចាំបាច់​នៃ​ការបង្កើត​យុទ្ធសាស្ដ្រ​នៃ​ការអប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​កម្លាំង​ពលកម្ម​ធ្វើយ៉ាងណា​ឱ្យ​ឆ្លើយតប​ទៅនឹង​ទីផ្សារការងារ។ ពិសេស​វា​បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ដល់​វិស័យ​ឧស្សាហកម្ម​បង្កើត​ការងារ និង​ធានាបាន​គុណភាព​ផលិតភាព​ខ្ពស់​របស់​កម្លាំង​ពលកម្ម​ដែល​អាច​ប្រកួតប្រជែង​កាន់តែ​ប្រសើរ​ជាង​មុន​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់។ ក្នុងនោះ​ឯកឧត្ដម​បន្ដថា ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ឥតឈប់ឈរ និង​ស្វែងរក​ឧត្ដមភាព ទាមទារ​ឱ្យ​កម្ពុជា​កាន់តែ​ប្រឹងប្រែង​បង្កើន​គុណភាព​ក្នុង​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​ឱ្យបាន​កម្រិត​អតិបរមា៕

ចែករំលែក