តើ​គួរ​ទិញ​អចលនទ្រព្យ​មុនពេល​បោះឆ្នោត ឬ​ត្រូវ​រង់ចាំ​ក្រោយ​បោះឆ្នោត?

0

ជាទូទៅ​នៅពេល​ការបោះឆ្នោត​ជិត​ចូលមក​ដល់ម្តងៗគេ​សង្កេតឃើញថា សកម្មភាព​ក្នុង​វិស័យ​អចលនទ្រព្យ​តែងមាន​ការប្រែប្រួល​ដោយ​ចៀស​មិន​ផុត​នោះឡើយ។ នៅ​ឆ្នាំ2018 ខាងមុខ​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោតជាតិ​ម្តងទៀត។ តើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​អាច​នឹងមាន​ការប្រែប្រួល​បែបណា?

លោកស្រី តាំង ហួរ អគ្គនាយិកា​ក្រុមហ៊ុន អមតៈ​ប្រ​ផឹ​ធី សឺ​វី​ស បាន​ប្រាប់ថា នៅពេល​ការបោះឆ្នោត​ជិត​ចូល​មកដល់ មិន​ថា​ប្រទេស​ណា​នោះទេ​គឺ​តម្លៃ​អចលនទ្រព្យ​អាច​នឹង​ស្ថិតនៅ​ទ្រឹង​មួយរយៈ​ដោយសារតែ​គ្រប់គ្នា​សុទ្ធតែ​រង់ចាំ​មើល​ការបោះឆ្នោត​រួចរាល់។ បន្ទាប់ពី​ការបោះឆ្នោត​រួចរាល់ សកម្មភាព​ទិញ លក់ នឹងមាន​ភាព​មមាញឹក​ឡើងវិញ។

ករណីនេះ​លោកស្រី តាំង ហួរ បាន​អះអាងថា បើ​ក្រឡេកមើល​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​បច្ចុប្បន្ន​បើទោះបីជា​ការបោះឆ្នោត​ជិត​ឈានចូល​មកដល់​ក៏ដោយ ប៉ុន្តែ​សកម្មភាព​ទិញ លក់ ដីធ្លី និង​អចលនទ្រព្យ​នានា​នៅមាន​ភាព​ផុលផុស​នៅឡើយ​គ្រាន់តែ​ថា​ហាក់​ថយចុះ​ជាង​មុន​បន្តិច។ ចំណែក​ការប្រកួតប្រជែង​គឺមាន​យុទ្ធសាស្ត្ររៀងៗខ្លួន​ដោយ​ក្រុមហ៊ុន​ខ្លះ​លក់​ក្នុងតម្លៃ​សមរម្យ ហើយ​ក្រុមហ៊ុន​ខ្លះ​លក់​ក្នុងតម្លៃ​ខ្ពស់ ដើម្បី​ចាប់យក​អតិថិជន​លំដាប់ផ្សេងៗគ្នា។

ទោះបីជា​យ៉ាងណា លោកស្រី​អគ្គនាយិកា​ក្រុមហ៊ុន អមតៈ ប្រ​ផឹ​ធី សឺ​វី​ស បាន​បញ្ជាក់ថា៖“សម្រាប់​ក្រុមហ៊ុន​ដែល​លក់​ក្នុងតម្លៃ​សមរម្យ​នឹងមាន​ការគាំទ្រ​ច្រើនជាង​ក្រុមហ៊ុន​លក់​ក្នុងតម្លៃ​ខ្ពស់។

កន្លងមក​នៅពេល​ការបោះឆ្នោត​ជិត​ចូល​មកដល់​ប្រជាជន​ខ្មែរ​តែងមាន​ការយល់ឃើញផ្សេងៗគ្នា ដោយ​អ្នកខ្លះ​មិន​ហ៊ាន​ទិញ​ដីធ្លី ឬ​ផ្ទះ​នោះទេ ព្រោះ​ខ្លាច​មាន​បញ្ហា​អស្ថិរភាព​សង្គម ប៉ុន្តែ​អ្នកខ្លះ​ទៀត​បែរជា​គិតថា​ជា​ឱកាស​ទៅវិញ ដោយសារ​តម្លៃ​អចលនទ្រព្យ​មិនសូវ​ឡើង​ខ្លាំង។

លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន ឃី​រៀល​អុ​ី​ស្ទេ​ត បាន​និយាយថា នៅពេល​ការបោះឆ្នោត​ឆ្នាំ2018 កាន់តែ​ខិតជិត​មកដល់ គេ​សង្កេតឃើញថា​សកម្មភាព​នៃ​ការទិញ​លក់ ដីធ្លី អគារ ផ្ទះល្វែង នៅ​កណ្តាល​ក្រុង​ហាក់​មាន​សភាព​ស្ងាត់​ជាង​មុន​បន្តិច ដោយសារ​ពួកគេ​រង់ចាំ​មើល​សភាព​ការណ៍​ក្រោយពេល​បោះឆ្នោត។

លោក​បាន​និយាយថា៖ “បច្ចុប្បន្ន​អ្នកមាន​លុយ​គេ​មាន​ទឹកមាត់​ក្នុង​ការចរចា បើ​គេ​ចង់​ទិញ​លុះត្រាតែ​មានការ​ទម្លាក់​ត​ម្លៃ​ចន្លោះ​ពី 20%ទៅ30% បើ​មិន​ដូច្នេះ​គេ​មិន​ទិញ​ទេ ដោយ​គេ​រង់ចាំ​ឱកាស​ចូលមក​ដល់។

អគ្គនាយក​ក្រុមហ៊ុន ឃី រៀល​អុ​ី​ស្ទេ​ត បាន​បន្តថា កត្តា​ដែល​ធ្វើឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កណ្តាល​ក្រុង​នាពេលនេះ​ហាក់​មាន​ភាព​ស្ងាត់​ជាង​មុននេះ​គឺ​ដោយសារ​កត្តា​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ច្រើន​និង​រដូវ​កាល​បោះឆ្នោត​ជិត​ចូលមក​ដល់។ តែ​យ៉ាងណា​សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​នៅ​តំបន់​ជាយក្រុង​នៅមាន​ភាពប្រសើរ​ដដែល ពិសេស​ភាគ​ខាងលិច​ឆៀង​ខាងជើង​នៃ​រាជធានី​នៅត្រង់ចំណុច​ផ្សារ​ទំនើប Aeon ទី2 និង​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ក៏មាន​សកម្មភាព​ស្ទុះ​ឡើង​គួរសម​ដែរ ខណៈ​រដ្ឋាភិបាល​ត្រៀម​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី3 ចេញពី​ផ្លូវ​ទំនប់​កប់​ស្រូវ កាត់​តាម​ខេត្តកណ្តាល ឆ្ពោះទៅ​កំពង់ផែ​នៅ​ផ្លូវជាតិ​លេខ1 ក្នុងស្រុក​កៀនស្វាយ។

លោក សន សៀ​ប បានលើកឡើង​ពីបទ​ពិសោធន៍​កន្លងមក​ថា នៅ​រដូវ​កាល​បោះឆ្នោត​ឆ្នាំ2003 វិស័យ​អចលនទ្រព្យ​មាន​ភាពល្អ​ប្រសើរឡើង​បន្តិចម្តងៗទាំង​មុន និង​ក្រោយពេល​បោះឆ្នោត រហូត

ដល់​ឆ្នាំ2008 វិស័យនេះ​បាន​ធ្លាក់ចុះ​មួយរយៈ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក។ បន្ទាប់ពី​ស្ទុះ​ងើបឡើង​វិញ​បាន​មួយរយៈ នៅ​ឆ្នាំ2013 ស្ថានភាព​វិស័យ​អចលនទ្រព្យ​បាន​ស្ងប់ស្ងាត់​សាជាថ្មី​ម្តងទៀត ដោយសារ​ឥទ្ធិពល​នយោបាយ។ ក្រោយពេល​ស្ថានភាព​នយោបាយ​មាន​ភាពល្អប្រសើរ វិស័យ​អចលនទ្រព្យ​ក៏​ចាប់ផ្តើម​មានដំណើរ​ការ​ល្អ​រហូតដល់​ពេលនេះ។

យ៉ាងណាក៏ដោយ លោក​អគ្គនាយក​ក្រុមហ៊ុន ឃី រៀល​អុ​ី​ស្ទេ​ត បាន​អះអាងថា ដោយសារ​កម្ពុ​ជាមាន​ភា​ព​ចាស់ទុំ​ផ្នែក​នយោបាយ​នោះ គេ​រំពឹងថា​សកម្មភាព​អចលនទ្រព្យ​នឹងមាន​ភាពប្រសើរ​ឡើងវិញ​នៅក្រោយ​បោះឆ្នោត​ឆ្នាំ2018។

សូមជម្រាបថា ទោះជា​វិស័យ​អចលនទ្រព្យ​នាពេលនេះ​ហាក់​មាន​ភាពស្ងប់ស្ងាត់​ជាង​មុន​បន្តិច ប៉ុន្តែ​សកម្មភាព​សាងសង់ផ្សេងៗនៅតែ​រីកចម្រើន​ទៅមុខ​គួរឱ្យកត់សម្គាល់៕

ចែករំលែក