ឆាប់ៗខាងមុខនេះ ប្រជាជន​កម្ពុជា​នឹង​អាចធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅដល់​ប្រទេស​ចិន

0

ភ្នំពេញ – ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​ផ្លូវដែក​កម្ពុជា​ទៅកាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន កម្ពុជា​គ្រោង​នឹង​សាងសង់​ផ្លូវដែក​ថ្មី​ពី​ស្ថានីយ​បាត់ដឹង ខេត្ត​កំពង់​ស្ពី ដើម្បី​ត​ភ្ជាប់​ទៅ​ប្រទេស​វៀតណាម និង​ឆ្ពោះទៅ​ប្រទេស​ចិន ដែល​ផ្លូវដែក​នេះ​នឹងធ្វើ​ការអភិវឌ្ឍ​ទៅតាម​លក្ខណៈ​ស្ដង់ដារ។

បើ​យោងតាម​លោក ចាន់ សំនៀង ប្រធាន​នាយកដ្ឋាន​ផ្លូវដែក​កម្ពុជា បាន​លើកឡើងថា មិនយូរប៉ុន្មាន​ទៀត​ទេ រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​កសាង​ផ្លូវដែក​ថ្មី​ពី​ស្ថានីយ​បាត់ដឹង ឆ្ពោះទៅ​ប្រទេស​វៀតណាម​ដែលមាន​ចម្ងាយ​ផ្លូវ 257គីឡូម៉ែត្រ​ដែល​ត្រូវ​ចំណាយ​ថវិកា​ច្រើន ដើម្បី​សាងសង់​ឱ្យ​ត្រឹមត្រូវ​តាម​ស្ដង់ដារ។

គម្រោង​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ត​ភ្ជាប់​កម្ពុជា​ទៅនឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងអស់ ឆ្ពោះទៅកាន់​ខេត្ដ​ឃុន​នី​ង នៃ​ប្រទេស​ចិន។ គម្រោង​នេះ​នឹងធ្វើ​ទៅតាម​ស្ដង់ដារ​ទំហំ​ហ្គេ​ដដែល​មាន​ទទឹង1,435 មី​ល្លី​ម៉ែត្រ ដែល​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​កំពុងតែ​អនុវត្ដ​ទៅតាម​ស្ដង់ដារ​នេះ​ទាំងអស់ ខណៈ​ប្រទេស​កម្ពុជា និង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​កំពុងតែបន្ដ​ប្រើប្រាស់​ទំហំ​ផ្លូវ​ក្នុង​ខ្នាត1,000មី​ល្លី​ម៉ែត្រ។

លោក​បន្ដថា ជាមួយគ្នានេះ​កម្ពុជា​ក៏​កំពុងតែ​ស្ដារ​ប្រព័ន្ធ​ផ្លូវដែក​កម្ពុ​ជាត​ភ្ជាប់​ទៅ​ប្រទេស​ថៃ​ដោយ​ជួសជុល​ផ្លូវដែក​ពី​ប៉ោយប៉ែ​តទៅ​មង្គលបុរី និង​ជួសជុល​ផ្លូវដែក​ពី​មង្គលបុរី​ទៅ​បាត់ដំបង ដែល​គ្រោង​នឹង​បញ្ចប់​ក្នុងឆ្នាំនេះ។ ជាមួយគ្នានេះ ការជួសជុល​ផ្លូវដែក​ពី​ខេត្ដ​ពោធិ៍សាត់​ទៅ​បាត់ដំបង​ក៏​គ្រោង​នឹង​បញ្ចប់​នៅ​ខែមេសា ឆ្នាំ2018ខាងមុខនេះ​ផងដែរ។ ក្នុងករណី​មាន​ថវិកា​គ្រប់គ្រាន់​កម្ពុជា​ក៏​នឹង​អាច​បញ្ចប់​ការជួស​ជុស​ផ្លូវដែក​ពី​ពោធិ៍សាត់​មក​ស្ថានីយ​បាត់ដឹង ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ និង​ដឹកទំនិញ​តាមផ្លូវ​ដែក​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ឡើង៕

ចែករំលែក