ការ​ព្យាករ៖  វិស័យ​ឧស្សាហកម្ម​កាត់ដេរ ឆ្នាំ2017ធ្លាក់ចុះ​ជាង​ឆ្នាំមុន

0

ភ្នំពេញ៖ ការ​ព្យាករ​ថ្មី​មួយ​បាន​បង្ហាញថា កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំមុន​ដោយសារ​ការធ្លាក់ចុះ​នៃ​វិស័យ​កាត់ដេរ ដែល​កើតចេញពី​កត្តាផ្សេងៗមួយចំនួន ដូចជា​កត្តា​ប្រាក់​ឈ្នួល (ប្រាក់ខែ​កម្មករ) និង​ការបញ្ជាទិញ​របស់​វិនិយោគិន​ក្រៅប្រទេស ជាដើម។

របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រចាំឆមាស​ទី1 ឆ្នាំ2017នេះ បង្ហាញថា វិស័យ​ឧស្សាហកម្ម​ត្រូវបាន​ព្យាករ​ថា នឹងមាន​ការថយចុះ​បន្តិច​ក្នុង​អត្រា9.2% នៅ​ឆ្នាំ2017  ដោយសារ​ការធ្លាក់ចុះ​នៃ​កំណើន​ក្នុង​វិស័យ​កាត់ដេរ ដែល​ទាមទារ​ឱ្យ​មានការ​ប៉ះប៉ូវ​ឡើងវិញ​ពី​វិស័យ​ឧស្សាហកម្ម​ដែល​មិនមែន​កាត់ដេរ និង​វិស័យ​សំណង់​ជាដើម។

ការ​ព្យាករ​នេះ​បង្ហាញថា វិស័យ​កាត់ដេរ​រំពឹងថា​នឹង​ថយ​ចុះមក​នៅត្រឹម 5.8% ដែល​ស្តែងចេញ​តាមរយៈ​ការធ្លាក់ចុះ​នៃ​ការនាំចេញ​ផលិតផល​កាត់ដេរ និង​ការ​នាំចូល​វត្ថុធាតុដើម ដែល​រង​នូវ​សម្ពាធ​មួយចំនួន ដូចជា​ការបន្ត​កើនឡើង​នៃ​ប្រាក់​ឈ្នួល​អប្បបរមា ការប្រកួតប្រជែង​ខ្លាំង​ជាង​មុន​ពី​ប្រទេស​មី​យ៉ាន់​ម៉ា(ភូមា) បង់​ក្លា​ដែ​ស និង​វៀតណាម និង​ភាពស្ទាក់ស្ទើរ​នៃ​ការបញ្ជាទិញ​ផលិតផល​កាត់ដេរ​របស់​អ្នកវិនិយោគ​ក្រៅប្រទេស​មួយចំនួន​ដែល​ត្រូវ​ប្រើ​រយៈពេល​ផលិត​ខ្លី ដោយសារ​ការបារម្ភរ​បស់​អ្នកបញ្ជា​ទិញ និង​ភាពមិនប្រាកដប្រជា​នៃ​ការបញ្ជូន​ទំនិញ​ទាន់ពេលវេលា។

ចំណែក​វិស័យ​សំណង់​វិញ ទោះជា​មានការ​លើកឡើង​ពី​កំណើន​រឹងមាំ​មែន ប៉ុន្តែ​ធាតុពិត​បាន​ធ្លាក់​ចុះមក​នៅត្រឹម14.4% ដោយសារ​ឥរិយាបថ​រង់ចាំ​មើលរ​បស់​វិនិយោគិន​ចំពោះ​ព្រឹត្តិការណ៍​បោះឆ្នោត​ដែល​ខិតជិត​មកដល់ និង​វិធានការ​រឹតត្បិត​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។ ជាមួយគ្នានេះ​ការ​ថមថយ​នៃ​វិស័យ​ឧស្សាហកម្ម​ជារួម​ក៏បាន​បំពេញ​វិញ​ខ្លះ​ដែរ​ដោយ​កំណើន​ខ្ពស់​នៃ​វិស័យ​ឧស្សាហកម្ម​មិនមែន​កាត់ដេរ គ្រឿង​ផ្គុំ​អេឡិចត្រូនិក គ្រឿងបន្លាស់ ចំណីអាហារ និង​ភេសជ្ជៈ កង់ និង​គ្រឿងសង្ហារិម​ក្នុង​អត្រា​ប្រមាណ 12.5% ដែល​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​តម្លៃ​ផលិតកម្ម និង​ការនាំចេញ។

ទោះជា​វិស័យ​ឧស្សាហកម្ម​ធ្លាក់ចុះ​មែន ប៉ុន្តែ​បើ​ក្រឡេកមើល​ពី​វិស័យ​សេវាកម្ម​វិញ ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​ល្អប្រសើរ​ជាង​ឆ្នាំ2016 ដោយ​នឹង​អាច​សម្រេចបាន​ក្នុង​រង្វង់ 7.23% ក្នុង​ឆ្នាំ2017នេះ ដោយសារ​ភាពរឹងមាំ​នៃ​វិស័យ​ទេសចរណ៍ និង​វិស័យ​លក់ដុំ និង​លក់រាយ ទោះបីជា​វិស័យ​ដឹកជញ្ជូន និង​គមនាគមន៍ និង​វិស័យ​អចលនទ្រព្យ​មានការ​ធ្លាក់ចុះ​បន្តិច​ក៏ដោយ៕

ចែករំលែក