ចិន​នឹង​បោះទុន $700លាន សង់​មជ្ឈមណ្ឌល​ទេសចរណ៍​នៅ​កម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន​ចិន​ដ៍​ដំ​មួយ​គ្រោង​បោះទុន​វិនិយោគ​របស់ខ្លួន​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា 700លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ទេសចរណ៍ និង​វប្បធម៌​ដ៏​ធំ​មួយ​នៅក្នុង​ទឹកដី​ប្រាសាទ​អង្គរ ខេត្តសៀមរាប​នៅ​ដើមឆ្នាំ 2018 ខាងមុខ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន កាលពី​ថ្ងៃទី11 ខែតុលា ម្សិលមិញ​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​អញ្ជើញ​ទៅ​ទស្សនា​ផ្ទាល់​នៅ​ក្រុមហ៊ុន USunhome ដែល​ស្ថិតនៅក្នុង​ខេត្ត​Sichuan ប្រទេស​ចិន ដែល​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ក្រុមហ៊ុន​ចិន​បាន​ស្នើសុំ​សាងសង់​មជ្ឈមណ្ឌល​ទេសចរណ៍ និង​វប្បធម៌​ដ៍​ធំ​មួយ​ក្នុង​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា។

ឆ្លើយតប​សំណើ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើ​ទៅវិញ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​សាងសង់​គម្រោង​មជ្ឈមណ្ឌល​នេះ​ឱ្យបាន​ឆាប់ ដើម្បីឱ្យ​អ្នកទេសចរ​ចិន និង​អ្នកទេសចរ​បរទេសផ្សេងៗទៀត មក​ទស្សនា​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន។

ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា វិនិយោគិន​ចិន​នៅ​កម្ពុជា​ឈរលើ​លំដាប់​លេខ1ក្នុង​ឆ្នាំ2016 មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ11ពាន់​លាន​ដុល្លារ​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ថាមពល សេវាកម្ម សំណង់ និង​វិស័យផ្សេងៗទៀត ជាពិសេស​ក្នុង​ការកសាង​ផ្លូវថ្មីៗ និង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ព្រមទាំង​វា​រី​អគ្គិសនី​ជាច្រើន​ទៀត​ដែលនាំឱ្យ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​កាន់តែ​ចុះថោក។ ទន្ទឹមនឹងនេះ ចិន​ក៏បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ឥណទាន សម្បទាន និង​ជំនួយផ្សេងៗដ៏​ច្រើនសន្ធឹក​សន្ធាប់​ដល់ក​ម្ពុ​ជា​ផងដែរ។

គួររំឭកថា ក្នុង​ឆ្នាំ2016កន្លងទៅ កម្ពុជា​បានទទួល​អ្នកទេសចរ​ចិន​ចំនួន​ជាង 80ម៉ឺន​នាក់ ហើយ សង្ឃឹមថា នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ប្រមាណ 1លាន​នាក់ ក្នុង​ឆ្នាំ2017នេះ និង​ប្រមាណ 2លាន​នាក់​នៅ​ឆ្នាំ2020៕

Advertisement