រកឱ្យឃើញ​សក្តានុពល​ពិត​របស់ខ្លួន​ជាមុនសិន សឹម​សម្រេចចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ

0

ការស្វែងរក​សក្តានុពល​ពិត​របស់​ខ្លួនឯង ជា​ធាតុ​សំខាន់​មួយ​ដែល​សិស្ស​ត្រូវតែ​ដឹង​មុនពេល​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​កម្រិត​មហាវិទ្យាល័យ តែ​គួរឱ្យ​សោកស្ដាយ​ណាស់​ដែលមាន​សិស្ស​ជាច្រើន​មិនសូវ​បាន​រកឃើញ​ក្តី​ស្រមៃ​ពិតប្រាកដ ដែល​កត្តា​នេះហើយ​ធ្វើឱ្យ​ពួកគេ​ជ្រើសរើស​ជំនាញ​ខុសពេល​សិក្សា​នៅ​មហាវិទ្យាល័យ។

ស្ថាប័ន​អប់រំ​សំខាន់​នានា​លើ​ពិភពលោក បានបង្ហាញ​ពី​វិធីផ្សេងៗគ្នា ដែល​សូម្បីតែ​គេហទំព័រ​អប់រំធំៗជាច្រើន​បានបង្ហាញ​នូវ​វិធីខុសៗគ្នា តែ​ជារួម​វិញ យើង​ឃើញថា វិធី​ស្វែងរក​សក្តានុពល​របស់​មនុស្ស​មាន​ដូចខាងក្រោម​នេះ៖

1. ស្វែងយល់​ខ្លួនឯង​ដោយ​យក​ទ្រឹស្តី​ពហុ​បញ្ញា​ជា​គោល

មនុស្សម្នាក់ៗមាន​សក្តានុពលផ្សេងៗគ្នា តែ​នៅ​ក្នុងនោះ​លោក Howard Gardner ដែលជា​អ្នក​ចិត្តសាស្ត្រ​ល្បីល្បាញ​មួយរូប បាន​សង្ខេប​ពី​សក្តានុពលសំខាន់ៗរបស់​មនុស្ស​ទាំងអស់​ជា 8 ផ្នែក​គឺ

ផ្នែក​ទី1 មនុស្ស​ពូកែ​ផ្នែក​ភាសា

ផ្នែក​ទី2 មនុស្ស​ពូកែ​ផ្នែក​តក្ក​វិទ្យា និង​គណិតវិទ្យា

ផ្នែក​ទី3 មនុស្ស​ពូកែ​ផ្នែក​តន្ត្រី

ផ្នែក​ទី4 មនុស្ស​ពូកែ​ផ្នែក​រាងកាយ និង​ចលនា

ផ្នែក​ទី5 មនុស្ស​ពូកែ​ក្នុងការ​ស្មាន​ពី​ទ្រង់ទ្រាយ​ក្នុង​លម្ហ

ផ្នែក​ទី6 មនុស្ស​ពូកែ​យល់​ពី​ខ្លួនឯង

ផ្នែក​ទី7 មនុស្ស​ពូកែ​ទំនាក់ទំនង​បុគ្គល​ដទៃ ឬ​ពូកែ​ស្វែងយល់​ពី​អ្នកដទៃ

និង​ផ្នែក​ទី8 គឺ​មនុស្ស​ពូកែ​ផ្នែក​ធម្មជាតិ។

នៅក្នុង​ផ្នែក​ទាំងអស់នេះ មនុស្សម្នាក់ៗតែងតែមាន​ជំនាញ ឬ​មាន​សក្តានុពល​ខ្លាំង​បំផុត 1 ហើយ​បូក​រួមទាំង​សក្តានុពល​បន្ទាប់បន្សំ​ដែល​បូក​បញ្ចូល​ជាមួយនឹង​ផ្នែកផ្សេងៗមួយចំនួនទៀត ដែល​ទាមទារ​ឱ្យ​មនុស្សម្នាក់ៗ ជាពិសេស​សិស្ស​ដែល​ត្រៀម​ជ្រើសរើស​ជំនាញ​សិក្សា​ត្រូវ​សង្កេត​ឱ្យបាន​ដិតដល់​ថា តើ​ខ្លួនឯង​ជា​មនុស្ស​ប្រភេទ​ណា។

2. រកឱ្យឃើញ​នូវ​អ្វីដែល​ខ្លួន​ចូលចិត្ត​បំផុត

ការស្រឡាញ់ ជំ​រុញឱ្យ​មនុស្ស​មាន​សក្តានុពល ព្រោះ​នៅពេលដែល​មនុស្ស​ស្រឡាញ់​អ្វីមួយ​ខ្លាំង គេ​នឹង​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​សម្រេច ឬ​យក​ឱ្យបាន​នូវ​អ្វីដែល​ខ្លួន​ស្រឡាញ់​នោះ។ សម្រាប់​សិស្ស​និស្សិត​ក៏​ដូចគ្នា​ដែរ សូមអ្នក​ស្វែងរក​ឱ្យឃើញ​នូវ​ទម្លាប់សាមញ្ញៗទាំងឡាយណា​ដែល​អ្នក​គិតថា ធ្វើ​វា​ហើយ​សប្បាយចិត្ត​បំផុត ដូចជា​ការចូល​ចិត្ត​សរសេរ​ខ្លាំង ចូលចិត្ត​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ខ្លាំង ចូលចិត្ត​រៀបចំផ្ទះ​ខ្លាំង ចូលចិត្ត​អាន​សៀវភៅ​ខ្លាំង ចូលចិត្ត​ធ្វើ​លំ​ហាត់​ខ្លាំង ឬ​ចូលចិត្ត​ការនិយាយ​ខ្លាំង​ជាដើម។ បន្ទាប់មក​អ្នក​អាច​ស្វែងយល់​ឱ្យ​កាន់តែ​លម្អិត​លើ​ជំនាញ​មួយចំនួន​ថា មាន​ជំនាញ​អ្វីខ្លះ​ដែល​ត្រូវ​នឹង​ចំណូលចិត្ត ហើយ​ដែល​អ្នក​គិតថា បានធ្វើ​វា​ហើយនឹង​មិនចេះ​ធុញទ្រាន់​អស់​មួយជីវិត។

3. ព្យាយាម​ស្គាល់​អាជីព​ឱ្យបាន​ច្រើន

អាជីព​នៅលើ​ពិភពលោក​មាន​ច្រើនណាស់ ហើយ​ក៏មាន​អាជីព​ជាច្រើន​ដែល​មនុស្ស​មិនបាន​ដឹង​ពី​សារៈសំខាន់​របស់​វា ហេតុនេះហើយ​ទើប​មាន​អាជីព​ខ្លះ​មិនសូវ​សំខាន់​តែមាន​មនុស្ស​រៀន​ច្រើន ហើយ​ខ្លះទៀត​សំខាន់​ហើយ​ល្អ តែ​មនុស្ស​មិន​ព្រម​រៀន។ តាមពិតទៅ តាម​ការស្រាវជ្រាវ​រប​ស់​អ្នក​អប់រំ​នៅ​កម្ពុជា​ជាច្រើន​សុទ្ធតែ​បាន​សន្និដ្ឋាន​ដូចគ្នា​ថា ការជ្រើសរើស​មុខវិជ្ជា​ខុស​របស់​និស្សិត​កម្ពុជា​អាចមកពី​កត្តា​មិន​ស្គា​ល់ពី​គុណ​តម្លៃពិត​ប្រាកដ​របស់​មុខវិជ្ជា​ឱ្យបាន​ច្រើន ដែលជា​ហេតុ​ធ្វើឱ្យ​ពួកគេ​ខ្វះ​ជម្រើស​ក្នុងការ​សិក្សា​អ្វីដែល​ថ្មី ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត ហើយ​សង្គម​កំពុង​ត្រូវការ​ខ្លាំង៕

ចែករំលែក