កម្ពុជា-អាស៊ាន ព្រមព្រៀងគ្នា​លើ​ការតភ្ជាប់​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស

រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន-ចិន ដោយ​រួមមាន​រដ្ឋមន្ត្រីក្រសួង​សាធារណៈ និង​ដឹកជញ្ជូន​កម្ពុជា​ផង នៅ​ថ្ងៃទី12 ខែតុលា​ម្សិលមិញ​នេះ បានរៀបចំ​កិច្ចប្រជុំ​រួមគ្នា​មួយ​ថ្មី នៅ​ប្រទេស​សឹង្ហ​បូរី ដើម្បី​ពិភាក្សា​លើ​គម្រោង​ត​ភ្ជាប់​បណ្តាញ​ផ្លូវ​ដឹកជញ្ជូន​គ្នា​ទៅវិញទៅមក។

ឯកឧត្តម Khaw Boon Wan រដ្ឋមន្ត្រី​សម្របសម្រួល​ទទួលបន្ទុក​ហេដ្ឋារចនាសម្ព័ន្ធ និង​ជា​រដ្ឋមន្ត្រី​ដឹកជញ្ជូន​សឹង្ហ​បុរី ព្រមទាំង​ឯកឧត្តម Dai Dongchang អនុរដ្ឋមន្ត្រី​ដឹកជញ្ជូន​ចិន ជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ ក្នុងនោះ​រដ្ឋមន្ដ្រី​អាស៊ាន​បាន​គាំទ្រ​ការឯកភាព​គ្នា នៅក្នុង​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំតុមូល​ថ្នាក់ដឹកនាំ​ស្តីពី​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី14-15 ខែឧសភា ឆ្នាំ2017 នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​បង្កើន​ការតភ្ជាប់​រវាង​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

លោក​រដ្ឋមន្ដ្រី​បាន​ឯកភាព​ប្រគល់​ភារកិច្ច ជូន​ឯកឧត្តម​មន្ត្រី​ចិន-អាស៊ី និង​ក្រុមការងារ​ពាក់ព័ន្ធ​ធ្វើការ​ពិភាក្សា អំពី​សកម្មភាព​តាមដាន​របស់​ខ្លូន​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ផ្លូវ​សមុទ្រ និង​ផ្លូវអាកាស ដើម្បី​ជំរុញ​កំណើន​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ នៅក្នុង​តំបន់។

រដ្ឋមន្ត្រី​អាស៊ាន​ក៏បាន​ពិភាក្សា និង​ផ្តល់​អនុសាសន៍​ណែនាំ លើ​ការអនុវត្តន៍​ឯកសារសំខាន់ៗដូចខាងក្រោម៖ 1.កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាមផ្លូវ​អាកាស អាស៊ាន-ចិន 2.កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ អាស៊ាន-ចិន 3.យន្តការ​ពិគ្រោះ​យោបល់​លើ​បញ្ហា​ពាក់ព័ន្ធ​ផ្លូវ​សមុទ្រ អាស៊ាន-ចិន 4.ផែនការ​យុទ្ធសាស្ត្រ​កែសម្រួល​សម្រាប់​កិច្ចសហប្រតិបត្តិការ​ដឹក​ជញ្ជូន​អាស៊ាន-ចិន, និង 5.សកម្មភាព​រួម​អាស៊ាន-ចិន​សម្រាប់​ឆ្នាំ2018។


ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​អាស៊ាន​បានអនុម័ត​លើ អនុស្សរណៈ​យោគយល់ រវាង​អាជ្ញាធរ​ទទួលបន្ទុក​ស៊ើបអង្កេត​គ្រោះថ្នាក់​អាកាសយាន នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន ស្តីពី​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការទាក់ទង​នឹង​ការស៊ើបអង្កេត​ឧប្បត្តិហេតុ និង​គ្រោះថ្នាក់​អាកាសយាន ដែល​ត្រូវ​ចុះហត្ថលេខា​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ៕

Advertisement