បណ្ឌិត​តាន់ មុនី​វណ្ណ៖ គ្រាន់តែ​មានទ្រព្យ​សម្បត្ដិ មិនទាន់​រាប់​ជា​បុគ្គល​ដ៏​អស្ចារ្យ​ទេ

បច្ចុប្បន្ន​មាន​បុគ្គល​ជាច្រើន​តែងតែ​ចង់​ក្លាយជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ។ លោក​បណ្ឌិត តាន់ មុនី​វណ្ណ លើកឡើងថា វា​មិនមែន​រឿង​ងាយស្រួល​នោះទេ ដើម្បី​ក្លាយជា​បុគ្គល​ដ៏​អស្ចារ្យ ក្រៅពី​ត្រូវមាន​គតិបណ្ឌិត​អស្ចារ្យ បុគ្គល​ម្នាក់​នោះ​ក៏​ត្រូវមាន​សកម្មភាព​អស្ចារ្យ ឬ​ល្អ​ជាង​អ្នកដទៃ​ផងដែរ។ តើ​ធ្វើ​ដូចម្ដេច​ដើម្បី​មាន​ចំណុច​ពិសេស​ទាំងនេះ?

លោក​បណ្ឌិត តាន់ មុនី​វណ្ណ បញ្ជាក់​ដើម្បី​ក្លាយខ្លួនជា​អ្នក​បុគ្គល​មាន​គតិបណ្ឌិត​អស្ចារ្យ និង​មាន​សកម្មភាព​អស្ចារ្យ មិនមែន​យើង​ត្រូវធ្វើ​នៅ​ពាក់កណ្ដាល​អាយុ​នោះទេ។ នៅ​ប្រទេស​ជឿនលឿន​នៅពេល​គេ​ឱ្យ​តម្លៃ​បុគ្គល​ម្នាក់​អស្ចារ្យ​គេ​ត្រូវ​ពិនិត្យមើល​ទង្វើរ​របស់​គាត់​តាំងពីក្មេង​មកម្ល៉េះ។ ប្រសិនបើ​យើង​ធ្វើ​អ្វី​មិនល្អ យើង​នឹង​មិនអាច​ក្លាយជា​បុគ្គល​ដ៏​អស្ចារ្យ​បានឡើយ ដូច្នេះ​អ្នកជំនាន់ក្រោយ​គួរតែ​សំអាត​គំនិត​ពី​ក្មេង​ឱ្យបាន​ល្អជា មុននឹង​ត្រូវ​គិត​លើ​បញ្ហា​នេះ​ឱ្យ​ច្បាស់លាស់។

លោក​បណ្ឌិត​បន្ដថា៖ «ដូចជា​រូបខ្ញុំ នៅ​ពី​ក្មេង​មិនមែនជា​មនុស្ស​ល្អ​ពេក​ទេ តែ​ខ្ញុំ​បានកំណត់​ខ្លួនឯង​តាំងពីក្មេង​មក​ថា មិន​ចង់​ធ្វើ​អ្វី​ខុស ហើយ​អ្វី​ធ្វើឱ្យ​ខ្ញុំ​មិនបាន​ល្អឥតខ្ចោះ​ពី​ក្មេង​នោះ មិនមែន​មកពី​ខ្ញុំ​មិនបាន​គិត​ទេ គឺ​ដោយសារតែ​ខ្ញុំ​មានការ​ចេះដឹង​តិច ឬ​កម្រិតជីវភាព​មានការ​ខ្វះចន្លោះ តែ​យ៉ាងហោចណាស់​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​អ្វី​មិនឱ្យ​រំលង​ផ្លូវច្បាប់​ដែរ»។

ទោះជា​យ៉ាងណា​លោក​បណ្ឌិត តាន់ មុនី​វណ្ណ បញ្ជាក់ថា យោងតាម​ស្ថា​ភាពបច្ចុប្បន្ន ពាក់ព័ន្ធ​សមត្ថភាព ប្រជាជន​កម្ពុជា​អាច​នឹង​ពិបាក​ក្លាយខ្លួនជា​បុគ្គល ឬ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​បាន​ណាស់។ ប៉ុន្ដែ​មិនមែន​មានន័យថា បុគ្គល​ទាំងអស់នោះ​មិនអាច​ធ្វើ​សម្ម​ភាពល្អ​បាន ឬ​មិនអាច​បំពេញ​នូវ​ចំណុច​ខាងលើ​មិនបាន​ខ្លះ​នោះទេ។ ឧ​ទារ​ហណ៍​ដូចជា​រូបលោក​រស់នៅ​ឈរលើ​គោលការណ៍​ត្រឹមត្រូវ​របស់ខ្លួន ដូច្នេះ​ទោះ​មាន​មិ​ត្ដ​ភ័ក្ដិ ឬ​អ្នកផ្សេង​ទាញ​លោក​ដើរ​ចេញពី​គោលការណ៍​ដែល​យល់ថា មិន​ត្រឹមត្រូវ​គឺ​លោក​មិន​ធ្វើជា​ដាច់ខាត ។ ប្រជាជន​កម្ពុជា​មិនទាន់​អាច​ក្លាយជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​បាន​គឺ​មិនមែនជា​កំហុស​របស់​នរណាម្នាក់។

ជាមួយគ្នានេះ​លោក​បណ្ឌិត​បញ្ជាក់ថា នៅក្នុង​ភាសា​ជា​សាកល​មនុស្ស ឬ​បុគ្គល​ដែល​អស្ចារ្យ​មិនមែន​សំដៅលើ​មនុស្ស​មានទ្រព្យ​សម្បត្ដិ​នោះទេ។  មនុស្ស​មាន​កន្លែង​រស់​នៅ​ល្អ មាន​ហូបចុក​គ្រប់គ្រាន់​នោះ​ជា​រឿង​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទៅហើយ។

លោក​បន្ដថា៖ «នៅក្នុង​សង្គមមនុស្ស​ប្រសិនបើ​យើង​យល់​ខុស​ថា លុយកាក់ អំណាច ឬអ្វី​ផ្សេង​អស្ចារ្យ​គឺ​សង្គម​គ្មាន​ក្ដី​សុខ​ទេ។ ភាព​អស្ចារ្យ​សម្រាប់​ខ្ញុំ ហើយ​សាកលលោក​ក៏ត្រូវ​ការ​ដែរនោះ​គឺ​សកម្មភាព​នៃ​ភាពត្រឹមត្រូវ និង​ក្រមសីលធម៌​របស់ខ្លួន​យើង។ ជា​ការគិត​សម្រាប់​ខ្ញុំ ខ្ញុំ​តែង​អភ័យទោស​ឱ្យ​អ្នកដទៃ​ច្រើន​បើ​គាត់​មិនចេះ​គឺ​គាត់​ធ្វើ​ខុស តែ​ចំពោះ​ខ្លួន​ខ្ញុំ គឺ​ខ្ញុំ​មិន​ងាយ​អភ័យទោស​ឱ្យ​ខ្លួនឯង​ទេ ប្រសិនបើ​ខ្ញុំ​ធ្វើ​ខុស​ប្រាប់​ខ្លួនឯង​ថា កំហុស​នេះ​មិន​គួរឱ្យ​កើតមាន​ម្ដង​ទៀតឡើយ »៕

Advertisement