USAID ផ្តល់ 3លាន​ដុល្លារ​សម្រាប់​គម្រោង​ទឹកស្អាត និង​អនាម័យ​នៅ​កម្ពុជា

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) បានប្រកាស​ផ្តល់ជំនួយ 3លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ដើម្បី​ជួយ​កសាង​សមត្ថភាព​នៃ​ការផ្គត់ផ្គង់​ទឹក និង​សេវា​អនាម័យ ក្នុងការ​បង្កើន​លទ្ធភាព​ប្រើប្រាស់​ទឹក​ដល់​ជនបទ។

គម្រោង​ផ្តួចផ្តើម​ថ្មី​មួយ​ដែលមាន​ឈ្មោះថា WASH-FIN Cambodia នឹងត្រូវ​អនុវត្ត​រយៈ​ពេល 3 ឆ្នាំ​ចាប់ពី ខែតុលា ឆ្នាំ2017 ហើយ​ប្រតិបត្តិ​ករ​ទឹក​ឯកជន នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​នេះ តាមរយៈ​ការកសាង​សមត្ថភាព​ចំណេះដឹង និង​ផែនការមេ​សម្រាប់​ការកសាង​អាង​ស្តុ​ប និង​ការតភ្ជាប់​ទុយោ​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​តាម​ជនបទ ដែល​នេះ​ជាការ​លើកឡើង​របស់​ទីប្រឹក្សា​គម្រោង។

លោក មិន មុន្នី មន្ត្រី​ទីប្រឹក្សា​គម្រោង​របស់ USAID មានប្រសាសន៍ថា «ថវិកា​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ពង្រឹងសមត្ថភាព​អ្នកប្រតិបត្តិ​ការ​ទឹក​ឯកជន នៅតាម​តំបន់​ជនបទ​ដែល​គ្មាន​លទ្ធភាព​ទទួល​បានកា​រ​ផ្គត់ផ្គង់​ទឹក​របស់​រដ្ឋ»។ តាមរយៈ​គម្រោង​នេះ ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​ទឹក​នៅក្នុង​តំបន់​គោលដៅ នឹង​អាចមាន​សមត្ថភាព​ពេញលេញ តាមរយៈ​ការបណ្តុះបណ្តាល​ដែល​ទីភ្នាក់ងារ USAID បានផ្តល់​ឱ្យ​លើ​សេវាកម្ម​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ដល់​ប្រជាជន​នៅតាម​ជនបទ។ លោក​បន្ថែមថា ប្រតិបត្តិ​ករ​ទាំងនោះ​ក៏​អាច​ស្នើសុំ​ប្រាក់កម្ចី​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ទទួលបាន​សេវា​ហិរញ្ញវត្ថុ សម្រាប់​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ថែមទៀត។

គូរ​បញ្ជាក់ថា​គោលបំណង​ចំបង​នៃ​គម្រោង WASH-FIN Cambodia គឺ​គាំទ្រ​ដល់​ប្រតិបត្តិ​ករ​ទឹក​ឯកជន ឱ្យ​ទទួលបាន​ប្រាក់​ដែល​ពួកគេ​ត្រូវការ ដើម្បី​ពង្រីក​និង​កែលម្អ​លទ្ធភាព​ទទួលបាន​ទឹក​និង​អនាម័យ​និង​សេវាកម្ម។ ហើយ​វា​នឹង​ផ្តល់ជំនួយ​បច្ចេកទេស និង​ជួយ​ពង្រឹង​ប្រតិបត្តិ​ករ​ទឹក​ឯកជន​នៅតាម​ខេត្ដ​ជាច្រើន, ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក្នុងស្រុក និង​តួអង្គផ្សេងៗទៀត​ក្នុង​វិស័យ​ទឹក​និង​អនាម័យ។ ហើយក៏​ជួយ​គាំទ្រ​ដល់​ការប្រើប្រាស់​ឥណទាន​បន្ថែម ដែលមាន​ដូចជា​មូលនិធិ​ឥណទាន​អភិវឌ្ឍន៍​របស់ USAID ដើម្បី​បង្កើន​ឱកាស​បន្ថែមទៀត​សម្រាប់​ហិរញ្ញវត្ថុ ពាណិជ្ជកម្ម។

លោកស្រី Polly Dunford នាយក​បេសកកម្ម USAID ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា “ទីភ្នាក់ងារ USAID មាន​មោទនភាព​ក្នុងការ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ក្នុងការ​ផ្តល់​កម្ចី​ដល់​វិស័យ WASH របស់​ប្រទេស​កម្ពុជា” ។ «ទឹកស្អាត​និង​អនាម័យ​ស្អាត គឺជា​កត្តា​សំខាន់​ចំពោះ​សហគមន៍ ហើយ​យើង​ជឿជាក់ថា វា​នឹង​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​ដ៏​ធំធេង​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​សុខភាព​ប្រជាពលរដ្ឋ​របស់ខ្លួន​ផងដែរ»។

លោក ហោ ឃី​កេង នាយក​ប្រតិបត្តិ​នៃ​សមាគម​ផ្គត់ផ្គង់​ទឹក​កម្ពុជា (CWA) បាន​មានប្រសាសន៍ថា ប្រតិបត្តិ​ករ​ទឹក​ឯកជន​នឹង​អាច​ពង្រីក​សមត្ថភាពរ​បស់​ខ្លួន ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ទូលំទូលាយ ពីព្រោះ​ឥឡូវនេះ​មាន​ចំនួន​សេវា​ទឹកស្អាត និង​ប្រតិបត្តិ​ករ​ទឹក​ឯកជន​នៅតាម​តំបន់​ជនបទ។ លោក​មានប្រសាសន៍ថា «ខ្ញុំ​ជឿជាក់ថា​ក្រោម​ការផ្តួចផ្តើម​នេះ​ប្រតិបត្តិ​ករ​ទឹក​ឯកជន​នៅ​តំបន់​ជនបទ នឹង​កសាង​សមត្ថភាព​របស់​ពួកគេ ក្នុងការ​កែលំអរ​ទឹក ជាពិសេស​ពួកគេ​អាចមាន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ដើម្បី​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន” ៕

Advertisement