កូរ៉េ​បណ្តាក់ទុន 600លាន​ដុល្លារ​ធ្វើ​រោងចក្រ​ដំឡើងរថយន្ត​នៅ​ស្រុក​ខ្មែរ

ក្នុងការ​ចូលរួម​លើ​កម្ពស់​សេដ្ឋកិច្ច ក៏ដូចជា​ការចូលរួម​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ ក្រុម​វិនិយោគិន​កូរ៉េ បាន​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា 600លាន​ដុល្លារ​អាមេរិក​សម្រាប់​បង្កើត​រោងចក្រ​ផលិត​សម្លៀកបំពាក់ និង​ដំឡើងរថយន្ត (Hyundai) នៅ​កម្ពុជា។

គម្រោង​នេះ​បាន​លើក​មក​ពិភាក្សា ក្នុងជំនួប​រវាង​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ជាមួយ​ឯកឧត្តម Chan byoung Wan ប្រធាន​គណៈកម្មាធិការ​ផ្នែក​ពាណិជ្ជកម្ម ឧស្សាហកម្ម ថាមពល សហគ្រាស​ធុន​តូច និង​មធ្យម និង​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ នៅឯ​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ ក្នុងន័យ​ពង្រឹង​ចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត លើ​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​កូរ៉េ​មក​កម្ពុជា ឱ្យបាន​ទំហំ 1ពាន់​លាន​ដុល្លារ​នា​ឆ្នាំ​ខាងមុខ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​រំលឹកថា កន្លងមក​ការវិនិយោគ​របស់​កូរ៉េ​មក​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ចំនួន 600លាន​ដុល្លារ​អាមេរិក លើ​វិស័យ​ផលិត​សម្លៀកបំពាក់ និង​ដំឡើងរថយន្ត(Hyundai)។ ជាមួយគ្នានេះ ឯកឧត្តម​បានស្នើ​ឱ្យ​ភាគី​កូរ៉េ ចាប់អារម្មណ៍​វិនិយោគ​បន្ថែមទៀត ផ្នែក​ឧប្បករណ៍​អេ​ឡិច​ត្រូ​និ​ច និង​បរិក្ខា​អគ្គិសនី ជាដើម ដោយសារ​កម្ពុ​ជាមាន​ល​ក្ខ​ណៈ​អំណោយផល និង​ឱកាស​វិនិយោគ​ដ៏​ប្រសើរ មាន​សុខសន្តិភាព និង​ភាពអនុគ្រោះ​ពាណិជ្ជកម្ម ដែល​កម្ពុជា​ទទួលបាន​ពី​ប្រទេស​អភិវឌ្ឍ និង​ជា​ប្រទេស​ដៃគូ​ផ្សេង អនុញ្ញាតឱ្យ​ទំនិញ​រាប់ពាន់​មុខ​ពី​កម្ពុជា នាំចេញ​ដោយ​រួច​ពន្ធ​និង​មិន​ជាប់​កូតា រួមទាំង​នាំចេញ​ទៅ​ប្រទេស​កូរ៉េ​ផងដែរ ។

ឯកឧត្តម Chan byoung Wan បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ហើយ​កម្ពុជា-កូរ៉េ នឹង​ខិតខំ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ល្អ​នេះ​បន្ថែមទៀត និង​មាន​ច្រើន​វិស័យ​ដូចជា៖ថាមពល​កកើត​ឡើងវិញ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហការ​លើ​ជំនាញ​បច្ចេកទេស ការបង្កើត​សួន​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ជាពិសេស​ការអភិវឌ្ឍ​ន៍​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ភាគី​កូរ៉េ​ចាត់ទុកជា​អាទិភាព​សម្រាប់​គាំទ្រ ឧស្សាហកម្ម ធន់​ស្រាល និង​ធ្ងន់ និង​ជា​សរសៃឈាម​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ផងដែរ ។

ជាការ​កត់សំគាល់ កំណើន​ទេសចរណ៍​ជនជាតិ​កូរ៉េ​មក​កម្ពុជា មានការ​កើនឡើង​ដែល​ឆ្នាំ​កន្លងទៅ​មាន​ចំនួន 4សែន​នាក់ ដែល​ធ្វើឱ្យ​ជើងហោះហើរ​ដោយផ្ទាល់​ពី​កូរ៉េ​មក​កម្ពុជា មាន​ចំនួន35ជើង​ក្នុង​មួយ​សប្តាហ៍។ ដោយឡែក​ពលករ​កម្ពុ​ជា​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ប្រមាណ​ជិត 8ម៉ឺន​នាក់ ដែលជា​សក្តានុពល​មួយ ពីព្រោះ​ពួកគេ​បានទទួល​បទពិសោធន៍ ចំណេះដឹង និង​ការអនុវត្តន៍​ផ្ទាល់ នឹង​ក្លាយជា​កម្លាំង​ចូលរួម​យ៉ាងសំខាន់ ក្រោយ​ពួកគេ​ត្រឡប់មក​កម្ពុជា​វិញ ដែល​អាច​ចូលរួម​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន កូរ៉េ នៅ​កម្ពុជា នាពេល​អនាគត​បន្តបន្ទាប់៕

Advertisement