រោង​ម៉ាស៊ីន និង​អ្នក​នាំចេញ​អង្ករ​អាច​ខកខ្លួន​ក្នុងឆ្នាំនេះ

ក្រុមហ៊ុន ឬ​រោង​ម៉ាស៊ីន​ដែល​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ អាច​ប្រឈម​នឹង​ការលំបាក​ទាំង​បរិមាណ​នៃ​ការផ្គត់ផ្គង់ និង​ប្រាក់ចំណេញ ក្រោយពី​តម្លៃ​ស្រូវ​ហាក់​មិនមាន​ការធ្លាក់ចុះ និង​មាន​បរិមាណ​មិន​ច្រើន តែ​ក្រុមហ៊ុននាំចេញ​ខ្លះ​បែប​ជា​ចុះកិច្ចសន្យា​នាំចេញ​ក្នុង​បរិមាណ​ច្រើន ហើយ​ក្នុងតម្លៃ​ទាប​ទៀតផង។

ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ ដែលជា​ធនាគារ​រដ្ឋ​ដ៏​សំខាន់​មួយ​ក្នុង​ការផ្តល់​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប និង​លក្ខខណ្ឌ​ងាយស្រួល បាន​ពន្យល់ថា នៅក្នុង​រដូវ​កាល​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប​កន្លងមកនេះ តម្លៃ​ស្រូវ​បាន​ធ្លាក់ចុះ​តិចតួច​ប៉ុណ្ណោះ​នៅពេលដែល​ការប្រមូល​ផល​មមាញឹក។ ឯកឧត្តម​បាន​បន្តថា មាន​កត្តា​មួយចំនួន​ដែល​បណ្តាលឱ្យ​តម្លៃ​ស្រូវ​រក្សា​ស្ថិរ​ភាពល្អ ដែល​រួមមាន តម្រូវការ​ទីផ្សារ​ខាងក្រៅ​មាន​កាន់តែច្រើន ការប្រមើលមើល​គ្រោះធម្មជាតិ​នៅក្នុង​ពិភពលោក និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ដើម្បី​សម្រួល​ដល់​ការទិញ និង​លក់​ស្រូវ។ ទោះជា​បែបនេះ​ក្តី ក៏​នៅមាន​ឈ្មួញ​នាំចេញ​ខ្លះ​កំពុង​តែមាន​បញ្ហា​សម្រាប់​ការផ្គត់ផ្គង់​អង្ករ​ឱ្យ​ដៃគូ​របស់ខ្លួន​នៅក្រៅ​ប្រទេស​ផងដែរ ដោយសារតែ​ការ​បង្អង់​រង់ចាំ​ឱ្យ​ស្រូវ​ចុះថោក។

អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ថា៖“ខ្ញុំ​បាន​ប្រាប់​តាំងពី​ដំបូង​ហើយ​ថា សូម​រួសរាន់​ទិញស្រូវ​មក​ស្តុក ប៉ុន្តែ​អ្នកខ្លះ​នៅតែ​រង់​ចាំមើល​ស្រូវ​ធ្លាក់​ថ្លៃ។ ឈ្មួញ​ខ្លះ​ខំ​ដណ្តើម​គ្នា​យក​លេខ (យក​តួលេខ​នាំចេញ) ដោយ​រំពឹងថា​ស្រូវ​ឆ្នាំនេះ​ធ្លាក់​ថ្លៃ​ទៀត ប៉ុន្តែ​ស្ថានភាព​បែរជា​ផ្ទុយ​ពី​ការរំពឹងទុក​ទៅវិញ។ តម្លៃ​ស្រូវ​សែន​ក្រអូប​ក្នុងឆ្នាំនេះ​បានធ្វើឱ្យ​ស្ថានភាព​របស់​ប្រជាកសិករ​ប្រសើរឡើង ប៉ុន្តែ​អ្នក​ដែល​លំបាក​គឺ​រោង​ម៉ាស៊ីនកិនស្រូវ និង​បណ្តា​អ្នក​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

លោក ហេង ផេង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្មគោល​រ៉ា​យស៍ នៅក្នុង​ខេត្តបាត់ដំបង បានឱ្យដឹងថា តម្រូវការ​អង្ករ​សម្រាប់​នាំចេញ​នៅតែមាន​ចំនួន​ច្រើន ជាពិសេស​ទីផ្សារ​ប្រទេស​ចិន ខណៈដែល​វត្តមាន​ស្រូវ​សែន​ក្រអូប​មាន​តិចតួច​ប៉ុណ្ណោះ។

លោក ហេង ផេង បញ្ជាក់ថា៖“ពួកគេ​ជួបប្រទះ​ផល​លំបាក ដោយសារ​ស្រូវ​ឡើងថ្លៃ ហើយ​ឡស​ម្ងួ​ត​ពួកគាត់​មាន​កម្រិត និង​ទុន​បង្វិល​មាន​កម្រិត​ធ្វើឱ្យ​គាត់​ប្រមូល​មិនទាន់។ តាម​ការអះអាង​របស់ លោក ហេង ផេង ផល ស្រូប​សែន​ក្រអូប​នឹង​ចាប់​ដល់​ច្រើន​ម្តងទៀត​ចន្លោះ​ពី​ចុងខែ​តុលា នេះ​ដល់​ពាក់កណ្តាល​ខែវិច្ឆិកា។ មុនពេល​ការប្រមូល​ផល​ស្រូវ​មកដល់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ប្រកាសកែប្រែ​លក្ខខណ្ឌ​ខ្លះ​ក្នុងការ​សម្រួល​បើកផ្លូវ​ឱ្យ​រោង​ម៉ាស៊ីន និង​អ្នក​ទិញស្រូវ​មានលទ្ធភាព​ទទួលបាន​កម្ចី​បន្ថែម​សម្រាប់​ទិញស្រូវ​សែន​ក្រអូប ដើម្បី​រួមចំណែក​ក្នុងការ​ទប់​តម្លៃ​ស្រូវ​មិនឱ្យ​ធ្លាក់​ថ្លៃ​ខ្លាំង។

យោងតាម​ការ​ស្រង់តម្លៃ​ស្រូវ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បច្ចុប្បន្ននេះ​តម្លៃ​ស្រូវ​សែន​ក្រអូប លក់​នៅតាម​ស្រែ​មានតម្លៃ​ប្រមាណ1,010រៀល​ក្នុង​មួយ​គីឡូក្រាម។ តម្លៃ​នេះ​ប្រសើរ​ជាង​ពីរដង​បើ​ធៀប​នឹង​តម្លៃ​កាលពី​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ2016 ពេលដែល​ប្រជាកសិករ​ចេញ​តវ៉ា​ជា​លើកដំបូង​នៅ​ខេត្តបាត់ដំបង។

ឯកឧត្តម កៅ ថាច បាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​នៅតែ​បន្ត​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គាំទ្រ​ដល់​វិស័យ​ស្រូវ​អង្ករ​នេះ​បន្តទៀត។ របាយការណ៍​ផ្លូវការ​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​ការបំពេញ​បែបបទ​នៃ​ការនាំចេញ​អង្ករ បាន​បង្ហាញថា ក្នុង​រយៈពេល9 ខែ​នៃ​ឆ្នាំ2017 នេះ​កម្ពុជា​នាំចេញ​អង្ករ​បាន​ចំនួន421,966តោន ដែល​កើនឡើង16.70% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ2016។ ប្រទេស​ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ គឺ​ប្រទេស​ចិន បារាំង និង​ប្រទេស​ប៉ូឡូញ៕

Advertisement