អាជីព​ចុងភៅ​មានឱកាស​បានការ​ងារ​ល្អ តែ​ខ្វះ​សាលា​បណ្តុះបណ្តាល

អ្នករៀន​អាជីព​ចុងភៅ​មាន​អត្រា​ការងារ​ខ្ពស់ តែ​កម្ពុជា​នៅ​មិនទាន់មាន​សាលា​បណ្តុះបណ្តាល​ផ្លូវការ​គ្រប់គ្រាន់ ដើម្បី​បំពេញ​ទីផ្សារ​ដែលមាន​តម្រូវការ​ខ្ពស់​នេះ​ទេ។ នេះ​បើតាម​ការអះអាង​របស់​លោក លូ ម៉េង ដែលជា​ម្ចាស់​ភោជនីយដ្ឋាន​ជាច្រើន​កន្លែង និង​ជា​សហប្រធាន​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា។

លោក លូ ម៉េង បាន​និយាយថា សាលា​បណ្តុះបណ្តាល​អាជីព​ចុងភៅ (លក្ខណៈ​ផ្លូវការ) មាន​តិច​ណាស់​នៅ​កម្ពុជា ដោយមាន​ប្រហែល2-3កន្លែង​ប៉ុណ្ណោះ​នៅក្នុង​រាជធានី​ភ្នំពេញ ចំណែក​ប្រហែល 5-6កន្លែង​ទៀត​មាននៅ​សៀមរាប តែ​ក្នុង​ទ្រង់ទ្រាយ​ជា​លក្ខណៈ​អង្គការ​តែប៉ុណ្ណោះ។

លោក បាន​បញ្ជាក់ថា៖“យើង​នៅ​ខ្វះ​សាលា​នេះ​ច្រើន! យើង​មានឱកាស​បង្រៀន​គាត់ តែ​យើង​រក​ទីតាំង​បង្រៀន​គាត់​មិនបាន។ នៅពេល​បច្ចុប្បន្ននេះ​សណ្ឋាគារ​លំដាប់ខ្ពស់ៗ និង​ភោជនីយដ្ឋានទំនើបៗបានកើត​ឡើង​យ៉ាង​ព្រោងព្រាត​នៅ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង តែ​ធនធានមនុស្ស​ក្នុង​វិស័យនេះ​មិនទាន់​អាច​ចាប់យក​អាជីព​កម្រិត​ខ្ពស់​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងសម័យ​ទំនើប​នេះ​បានទេ។

លោក លូ ម៉េង បញ្ជាក់ថា អ្នករៀន​អាជីព​នេះ​មាន​អត្រា​ការងារ​ធ្វើ​ខ្ពស់​ណាស់ ដោយ​អ្នករៀន​មិនទាន់​ទាំង​ចប់​ផង គឺមាន​គេ​ចុះកិច្ចសន្យា​ឱ្យបំពេញ​ការងារ ដោយ​មិនចាំបាច់​រង់ចាំ​រហូតដល់​រៀន​ចប់​នោះទេ។

កម្ពុជា​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ជាច្រើន​ដើម្បី​ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យមក​ទស្សនា​បាន​យ៉ាងហោចណាស់7លាន​នាក់​នៅ​ដំណាច់ឆ្នាំ2020 ដោយ​ក្នុងនោះ​ភ្ញៀវទេសចរ​ចិន នឹងមាន​ចំនួន​ច្រើនជាងគេ។

កម្ពុជា​នឹងត្រូវ​បណ្តុះបណ្តាល​អ្នកជំនាញ​ទេសចរណ៍​ថ្មី​បន្ថែមទៀត ចំនួន40ម៉ឺន​នាក់ ចាប់ពី​ឆ្នាំ2013 ដល់ 2020 ដើម្បី​ទ្រទ្រង់​កំណើន​ទេសចរ​ចំនួន7លាន​នាក់​នៅ​ឆ្នាំ2020៕

Advertisement