កូរ៉េ​ត្រៀម​សង់រោង​ចក្រ​ផលិត​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​កនៅ​កម្ពុជា​ជា​លើកដំបូង

ភ្នំពេញ៖ ព្រឹក​ថ្ងៃទី13 ខែតុលា ឆ្នាំ2017 នៅ​មជ្ឈមណ្ឌល​សួន​បច្ចេកវិទ្យា Technopark នៃ​សាធារណរដ្ឋ​កូរ៉េ​បានរៀបចំ​ពិធី​ផ្លូវការ​នៃ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា រវាង​ឯកឧត្តម ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាមួយ​លោក Bae,yung-Chan ប្រធាន​សួន​បច្ចេកវិទ្យា Gwangju Technopark ជាមួយ​លោក Park InCheol នាយក​សមាគម​ឧស្សាហកម្ម​ផលិត​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក នៃ​ខេត្ត Gwangju របស់​កូរ៉េ។

ស្មារតី​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់​គ្នា​បានចែង​អំពី​គោលបំណង​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ឧស្សាហកម្ម​បច្ចេកទេស​ជាន់ខ្ពស់​ផ្នែក​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​កនៅ​កម្ពុជា ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ដើរតួ​ជា​អ្នកសម្របសម្រួល​ផ្នែក​ច្បាប់ និង​រដ្ឋបាល ហើយ​ម​ជ្ឈ មណ្ឌល Technopark ជា​អ្នកផ្តល់ជំនួយ​បច្ចេកទេស ចំណែក​សមាគម​ឧស្សាហកម្ម​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​បច្ចេកទេស​ការចែករំលែក​បទពិសោធ ចែករំលែក​ព័ត៌មាន និង​ការផ្ទេរ​បច្ចេកវិទ្យា​រវាង​ប្រទេស​ទាំងពីរ។

ក្នុងឱកាស​នោះដែរ ឯកឧត្តម ហេង សុខ​គង់ បានធ្វើ​បទឧទ្ទេសនាម​ដល់​អ្នកវិនិយោគទុន​កូរ៉េ នៅ​ខេត្ត Gwangju អំពី​សក្តានុពល និង​លក្ខណៈ​អំណោយផល​របស់​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច និង​វិនិយោគ។ ក្នុងនោះ​មានដូចជា​ការរីកចម្រើន​សេដ្ឋកិច្ច សង្គម ទីតាំង​ភូមិសាស្ត្រ​អំណោយផល និង​សមិទ្ធផលសំខាន់ៗនៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ស្ថានភាព​ទូទៅ​នៃ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា ស្វែងយល់​ពី​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ពី​ឆ្នាំ 2015-2025 និង​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ដែល​កម្ពុ​ជាមាន។

បន្ទាប់ពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ខាងលើ ប្រតិភូ​កម្ពុជា​ក៏បាន​អញ្ជើញ​ចុះ​សិក្សា​ស្វែងយល់​នៅ​រោងចក្រ​ផលិត​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ដោយបាន​ពិភាក្សា​លើ​គម្រោង​បើក​រោងចក្រ​ប្រភេទ​នេះ​នៅ​កម្ពុជា​នាពេលឆាប់ៗខាងមុខនេះ។ បន្ទាប់មក​ក៏បាន​អញ្ជើញ​ចូលរួម​ការ​ប្រារព្វ​ពិធី​រំឭក​ខួប​ទី 27ឆ្នាំ នៃ​ការបង្កើត​ក្រុមហ៊ុន NuriElecom.Co,Ltd ក្នុង​ទឹកចិត្ត​រីករាយ ស្និទ្ធស្នាល​និង​មិត្តភាព​ខ្ពស់​ក្នុងនាម​ជា​ដៃគូ និង​ជា​ប្រទេស​ធ្លាប់មាន​ទំនាក់ទំនង​គ្នា​ជា​យូរលង់​មកហើយ៕

Advertisement