Vivo នាំយក​ស្មា​ត​ហ្វូ​ន V7 Plus កាមេរ៉ា​មុខ 24MP ដំបូង​គេ​បំផុត​មក​ទីផ្សារ​កម្ពុជា

ជាថ្មី​ម្ដងទៀត ក្រុមហ៊ុន Vivo ដែលជា​ស្លាក​សញ្ញា​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ពិភព​ស្មា​ត​ហ្វូ​ន​បានធ្វើ​ការដាក់​សម្ពោធ​នូ​វ​ទូរស័ព្ទ​ដ៏​ទំនើប​បំពាក់​កាមេរ៉ា​មុខ 24 MP អាច​ថតរូប Selfie ច្បាស់​កម្រិត​កាមេរ៉ា​អាជីព និង​មាន​សមត្ថភាព​ដំណើរ​ការល្អ ក្នុង​ទីផ្សារ​កម្ពុជា ជាមួយនឹង​តម្លៃ​សមរម្យ​នៅ​ផ្សារ​ទំនើប Aeon Mall ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី 13 ខែតុលា ឆ្នាំ 2017 ដោយមាន​តារាចម្រៀង លោក ព្រាប សុវត្ថិ ជា​អ្នកតំណាង​ផលិតផល។

ទូរស័ព្ទ Vivo V7+ ត្រូវបាន​ផលិតឡើង​ដោយ​លោហៈធាតុ ជា​ប្រភេទ Uni-body និង​ខ្សែ​អង់​តែ​ន ពណ៌​ប្រាក់ លើ​ក្រោម ឆ្នូត 2 ជាន់ និង​ផ្ទៃ​ខាង​មុន​មាន​អេក្រង់​លាត​ធំ 84.4% នៃ​ផ្ទៃ​ខាងមុខ ដែល Vivo ហៅថា FullView Display មាន​អេក្រង់ 5.99 អ៊ីង ជាមួយ​កម្រិត Aspect Ratio 18:9 ដូចដែល​មាន​លើ LG G6 និង Galaxy S8 ដែរ និង​មាន​សមត្ថភាព​អាច​បង្ហាញ​រូបភាព​បាន​កម្រិត HD+ 720×1440 ភិ​ច​ស៊ែ​ល ហើយ​មកលើ​បន្តិច មាន​កាមេរ៉ា​មុខ ហើយក៏​គ្មាន​ប៊ូ​តុង​ចុច រញ៉េរញ៉ៃ​ឡើយ។

កាមេរ៉ា​ជា​ចំណុច​លេចធ្លោ​បំផុត​ពី​ស្មា​ត​ហ្វូ​ន​នេះ គឺ​កាមេរ៉ា​ខាង​មុខជា​ប្រភេទ Moonlight Selfie ទំហំ 24MP ដែលមាន​ស៊ែ​ន​ស័​រ ធំ​ដល់ 1/2.78” ជាមួយ​កម្រិត Aperture f2.0 អាច​ថត រូបភាព Wide angle បាន​ទូលាយ​ល្អ ដូចជា GoPro អញ្ចឹង ព្រមទាំង​អាច​ថត Portrait ជាមួយ​កាមេរ៉ា​ខាងមុខ​ទៀតផង។ រីឯ​កាមេរ៉ា​ក្រោយ​ទំហំ 16MP ជា​ប្រភេទ PDAF ដែលមាន​កម្រិត Aperture f2.0 ដូច​ខាងមុខ​ដែរ Focus រូបភាព​បាន​រហ័ស និង​អាច​ថត រូបភាព Ultra HD ទំហំ 64MP ដែល​រក្សា​ឱ្យ​រូបភាព​ម៉ត់​ច្បាស់​ល្អ​មែនទែន។

ចំពោះ​កម្លាំង​ម៉ាស៊ីន​ទូរស័ព្ទ​នេះ បំពាក់​នូវ​បន្ទះ​ឈី​ប Qualcomm Snapdragon 450 ប្រើ CPU ប្រភេទ Octa-core 64-bit ល្បឿន 1.8 GHz ក្រា​ហ្វិ​ច Adreno 506 ហើយ​មាន Ram ទំហំ 4GB អង្គ​ផ្ទុក​ទិន្នន័យ 64GB អាច​បន្ថែម SD ក្រៅ​បាន​ដល់ 256GB ដំណើរការ​ដោយ Android 7.1 Nougat ស្រោប​ដោយ Funtouch OS 3.2 ថ្ម​ទំហំ 3225 mAh។

ក្រៅពីនេះ Vivo ក៏បាន​បន្ថែម​មុខងារពិសេសៗគួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន​នៅលើ ស្មា​ត​ហ្វូ​ន​នេះ ដូចជា ៖ Face Acess : ដោះ​សោរ​ដោយ​ប្រើប្រាស់​មុខ​មនុស្ស ប្រព័ន្ធ​តន្ត្រី Hi-Fi មុខងារ​ចែក​អេក្រង់​ជា 2, App Clone សម្រាប់​ចែក​កម្មវិធី​ជា 2, Game Mode អាច​កំណត់​មុខងារ​ជាច្រើន​ពេល​កំពុង​លេង​ហ្គេម និង​អាច​ប្រើ​មុខងារ Beauty នៅលើ Video Call បាន។ ចំពោះ​តម្លៃ ក្រុមហ៊ុន​ដាក់ចេញ​ក្នុងតម្លៃ 399ដុល្លារ​សម្រាប់​ទីផ្សារ​កម្ពុជា៕

Advertisement