តើ​អង្គការ​ពាណិជ្ជកម្ម​ពិភព (WTO) ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា​ដូចម្តេចខ្លះ?

ភ្នំពេញ៖ ថ្ងៃទី13 តុលា ឆ្នាំ2018 ម្សិលមិញ​នេះ ជា​ថ្ងៃ​គម្រប់​ខូ​ប​លើក​ទី13 ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ក្នុង​រយៈពេល13ឆ្នាំ​កន្លងមកនេះ ក្នុងនាម​កម្ពុជា​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែលមាន​សមាជិក 164ប្រទេស និង​មាន​ប្រទេស​ចំនួន 33 ផ្សេងទៀត​កំពុង​តម្រង់​ជួរ​សុំចូល​ជា​សមាជិក។

បើតាម​សារ​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា សមិទ្ធផល​មួយចំនួន​ក្នុងចំណោម​សមិទ្ធផលធំៗជាច្រើន​ដែល​បានសម្រេច​ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​សមាជិកភាព​ក្នុង​រយៈពេល13ឆ្នាំ​កន្លងមកនេះ​រួមមាន៖

  1. រក្សា និង​បង្កើន​ការវិនិយោគ​លើ​វិស័យ​នានា ពិសេស​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ត្រឹមតែ 209រោងចក្រ​នៅក្នុង​ឆ្នាំ2003 និង​មាន​កម្មករ​ត្រឹមតែ25ម៉ឺន​នាក់ ហើយ​ប្រាក់​ឈ្នួល​អប្បបរមា​ត្រឹមតែ45ដុល្លារ​ក្នុង​មួយខែ​នោះ បច្ចុប្បន្ន​បាន​កើនឡើង​រហូតដល់556រោងចក្រ កម្មករ​កើនឡើង​ដល់65ម៉ឺន​នាក់ ជា​កម្មការិនី88% និង​ប្រាក់​ឈ្នួល​អប្បបរមា​កើនឡើង​ដល់ 170ដុល្លារ ដោយ​មិន​រួមបញ្ចូល​ប្រាក់​ថ្លៃ​ធ្វើដំណើរ និង​អត្ថប្រយោជន៍ផ្សេងៗចំនួន 17ដុល្លារ​ទៀតផង។
  2. WTO បាន​បើក​ច្រក​ទីផ្សារ​នាំចេញ​ជាច្រើន​ប្រទេស​ធ្វើឱ្យ​ការនាំចេញ​ទូទៅ​បាន​កើនឡើង2ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ2003 ទៅ​ចំនួន​ជាង10ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2017 (តាម​ស្ថិតិ​របស់​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ)។
  3. រក្សាបាន​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​ខ្ពស់​ជាងគេ ក្នុង​រង្វង់7% គិត​ជា​មធ្យម​ធៀប​នឹង​កំណើន​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួចផ្សេងៗ ក្នុង​ចន្លោះ​ពី2004 ដល់2017។
  4. អតិផរណា​បាន​ធ្លាក់ចុះ​ពី5.5%ក្នុង​ឆ្នាំ2011 មក​នៅត្រឹម1.2% នៅ​ឆ្នាំ2015ផងដែរ​ដោយសារ​មាន​គោលនយោបាយ​ជាតិ​ច្បាស់លាស់។
  5. អត្រា​នៃ​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ពី47.8% នៅ​ឆ្នាំ2007 មក​នៅ13.5%ក្នុង​ឆ្នាំ2014ហើយ​កម្ពុជា​ក៏​ទទួលបាន​នូវ​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ឆ្នាំ2015ផងដែរ ដែល​ក្នុងនោះ​មាន​ចំណូល​សរុប​ចំនួន 1,070 ដុល្លារ​សម្រាប់​ប្រជាជន​ម្នាក់។
  6. សមាជិកភាព​របស់​ក​ម្ពុ​ជា ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ផ្តល់នូវ​សិទ្ធិ​ស្មើគ្នា​ជាមួយ​ប្រទេស​ជា​សមាជិក​ទាំងអស់​ក្នុងការ​ពិគ្រោះ​យោបល់ ពិភាក្សា ដោះស្រាយ​វិវាទ និង​ធ្វើការ​សម្រេចចិត្ត​នានា​របស់​អង្គការ​នេះ។
  7. កម្ពុជា​ក៏​ទទួលបាន​ផងដែរ​នូវ​ជំនួយ​បច្ចេកទេស និង​ការបណ្តុះបណ្តាល ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ទទួលបាន​ជំនួយ​សម្រាប់​អភិវឌ្ឍ​ពាណិជ្ជកម្ម​ជាដើម។ល។
  8. បាន​ដើរតួនាទី​ជា​ប្រធាន​ក្រុម​សម្របសម្រួល នៃ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច កាលពី​ខែកុម្ភៈ ឆ្នាំ2017កន្លងទៅ ដែល​បាន និង​កំពុង​ជួយ​ជំរុញ​ដល់​ការចរចា​នានា ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

សូមជម្រាបថា ក្នុង​ចន្លោះ​ឆ្នាំ2007ដល់2017 កម្ពុជា​បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស កែទម្រង់​ស្ថាប័ន និង​រចនាសម្ព័ន្ធ កសាង​លិខិតបទដ្ឋាន​ច្បាប់ និង​សាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដែល​បាន​ជួយ​សម្របសម្រួល និង​ទាក់ទាញ​ការវិនិយោគ​ពី​បណ្តា​ប្រទេស​ជាច្រើន​មក​កម្ពុជា។ សមិទ្ធផល​ទាំងអស់នេះ​បាន និង​កំពុង​កំពុង​ជួយ​ដល់​ការពង្រីក​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុជា ព្រមទាំង​ជួយ​លើកតម្កើង​កិត្យានុភាព និង​កិត្តិនាម​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀតផង៕

Advertisement