ពលរដ្ឋសប្បាយចិត្តដែរឬទេ នៅពេល​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ត្រូវបាន​លុបចោល?

ដោយ​មានការ​ត្អូញត្អែរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ និង​អ្នករស់នៅ​ម្ដុំ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ជុំវិញ​ផល​លំបាក​នៃ​ការធ្វើ​ចរាចរ​នៅ​ម្ដុំ​នោះ​ដែលមាន​ការកកស្ទះ​ខ្លាំង​ជា​រៀងរាល់ថ្ងៃ តែ​ពេលនោះ​សាលា​រាជធានី​ភ្នំពេញ​បាន និង​កំពុងដំណើរការ​លុបរ​ង្វ​ង់​មូល​នោះ​ចោល​ហើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​កើតមានឡើង​នៅ​ម្ដុំ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី មាន​ប្រជាពលរដ្ឋ​ជាច្រើន​ដែលមាន​ផ្ទះ​នៅ​ជិតខាង​នោះ ក៏ដូចជា​អ្នកធ្វើដំណើរ​ឆ្លងកាត់​ដែរ បាន​សម្ដែង​នូវ​អារម្មណ៍​ធុញថប់​ជាខ្លាំង ខណៈ​មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ និង​មាន​រយៈពេលយូរៗបង្កឱ្យមាន​ការខាតបង់​ថវិកា និង​ពេលវេលា​យ៉ាងច្រើន។ ពិសេស​ពួកគាត់​ក៏​ធ្លាប់បាន​សំណូមពរ​ដល់​អជ្ញាធរ ក៏ដូចជា​រដ្ឋបាល​សាលា​រាជធានី​ឱ្យ​គិតគូរ​ពី​បញ្ហា​នេះ​ជា​ច្រើនដង​រួចមកហើយ​ដែរ។

ជាក់ស្ដែង​នៅក្នុង​គេហទំព័រ​របស់​សាលា​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បានសរសេរថា៖«រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ដំណើរកា​រ​ការដ្ឋាន​លុប​រង្វង់​មូល​កាំ​កូ និង​ដាក់​ភ្លើងស្តុប​ជំនួស​វិញ» ដូច្នេះ​មិនយូរ​ទៀត​នោះទេ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ម្ដុំ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី និង​សប្បាយរីករាយ​ជាមិនខាន​ជាមួយនឹង​ការធ្វើដំណើរ​ទៅមក​យ៉ាង​រលូន តាមរយៈ​ការ​លុប​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ចោល​ទាំងស្រុង​នេះ៕

Advertisement