ក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ សាទរ​អាកាសយានិក​ក​ម្ពុ​ជា ពី Viet Flight Training រួមជាមួយ​ការទទួលបាន​វិញ្ញាបនបត្រ​ពី IATA និង​កិច្ចសហការ​ដៃគូ​ជាមួយ​ក្រុមហ៊ុន E-money

ជាការ​បង្ហាញ​ពី​ការស្វាគមន៍​ចំពោះ​វត្តមាន​ថ្មី​របស់​អាកាសយានិក​ក​ម្ពុ​ជា ដែល​ចូលមក​បម្រើ​នៅក្នុង​វិស័យ​ហោះហើរ​លើ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​បន្ទាប់ពី​បានទទួល​ការបណ្តុះបណ្តាល​ពី Viet Flight Training ចំនួន4រូប និង​ការទទួលបាន​វិញ្ញាបនបត្រ​ផ្នែក​សុវត្ថិភាព សមត្ថភាព (IOSA) ពី​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ក៏ដូចជា​ការ​សាទរ​នូវ​កិច្ចព្រមព្រៀង (MOU) ជាមួយ​ក្រុមហ៊ុន E-money ផង​នោះ ក្រុមហ៊ុន អាកាសចរណ៍ អាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air) បានរៀបចំ​ពិធី​អបអរសាទរ​យ៉ាង​រីករាយ និង​អធិកអធម​បំផុត​នៅ​សណ្ឋាគារ អាំងទែ​កុងទីណង់តាល់(Intercontinental) ក្រោម​ការចូល​ពី​សំណាក់​ថ្នាក់ដឹកណាំ​ក្រុមហ៊ុន បណ្តា​បុគ្គលិក រួមទាំង​ភ្ញៀវ​ជាតិ-អន្តរជាតិ យ៉ាងច្រើន​កុះករ ។

ថ្លែង​ទៅកាន់​ពិធី​ទាំងមូល ឯកឧត្តម តឹក រ៉េ​ច​សំរេច រដ្ឋលេខាធិកា​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​អាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ បាន​លើកឡើងថា ៖ កម្ពុជា អង្គរ អ៊ែរ គឺជា​ក្រុមហ៊ុន​មួយ​ដែល​ទទួលបាន​ភាពជោគជ័យ​លើ​ការ​បម្រើសេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​គួរ​ជាទី​មោទន ។ ជាក់ស្ដែង នៅត្រឹម​រយៈពេល8ឆ្នាំ នៃប្រតិបត្តិ​ការណ៍​ក្នុងការ​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​ប្រកបដោយ​សុវត្ថិភាព និង​គុណភាព​នោះ គឺ​យើង​តែង​ទទួលបាន​ការកោតសរសើ​រ និង​ជឿទុកចិត្ត​ពី​សំណាក់​ភ្ញៀវ​ដែល​ធ្វើដំណើរ​ទៅលើ​ការយកចិត្តទុកដាក់​ទៅលើ​សេវាកម្ម​បម្រើ​ប្រកបដោយ​ភាពកក់ក្ដៅ។ លើសពីនេះទៅទៀត អ្វី​ដែលជា​មោទនភាព​បំផុត​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ គឺ​កាលពីពេល​កន្លងទៅថ្មីៗនេះ យើង​ទទួលបាន​វិញ្ញាបនបត្រ​ផ្នែក​សុវត្ថិភាព សមត្ថភាព (IOSA) ពី​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ដែល​វា​ជា​ប្រវត្តិសាស្ត្រ និង​ជា​លើកដំបូង​គេ​បំផុត​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា ។

ឯកឧត្តម​បាន​បន្តទៀតថា ៖ ជាមួយនឹង​ប្រតិបត្តិការ​យ៉ាងសកម្មរ​បស់ កម្ពុជា អង្គរ អ៊ែរ នាពេលនេះ អ្វី​ដែលជា​មោទនភាព​ធំ​បំផុត​ចំពោះ​កម្ពុជា​នោះ ថ្ងៃ​យើង​បាន​ស្វាគមន៍​វត្តមាន​ថ្មី​របស់​អាកាសយានិក​វ័យ​ក្មេង​របស់​កម្ពុជា​ចំនួន4នាក់ ដែល​បានបញ្ចប់​ការហ្វឹកហ្វឺន និង​បណ្តុះបណ្តាល​យ៉ាង​ត្រឹមត្រូវ​របស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ការហោះហើរ Viet Flight Training ហើយ​វា​ក៏​ជា​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ការបណ្តុះបណ្តាល​អាកាសយានិក​ជំនាន់​ក្រោយ​របស់​កម្ពុជា​ផងដែរ ។ ជាមួយគ្នានេះ យើង​នៅតែ​ប្តេជ្ញា​ពង្រឹង និង​ពង្រីក​សេវា​បម្រើ​លើ​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត ដែល​វា​ស្របទៅនឹង​ពាក្យស្លោក​របស់​ក្រុមហ៊ុន​អាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ ថា «បម្រើ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​មោទនភាព» ។

គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ឱកាស​នៃ​កិច្ច​ស្វាគមន៍​វត្ត​ថ្មី​របស់​អាកាសយានិក​វ័យ​ក្មេង​ទាំង4រូប ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នាពេល​នោះ ក្រុមហ៊ុន​អាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ ក៏បាន​ប្រកាស​ពី​ការធ្វើ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន E-money ដោយ​រាល់​ការទិញ​សំបុត្រ​យន្តហោះ អតិថិជន​អាចធ្វើ​ការបញ្ជាទិញ​ជាមួយ​គណនី E-money ឬ​តាមរយៈ​បញ្ជរ​នានា​ដែលជា​បណ្តាញ​របស់​ក្រុមហ៊ុន E-money បាន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ តាមរយៈ​កិច្ច​ហ​ការ​រវាង​ក្រុមហ៊ុន​ទាំង2 នេះ ពិតជា​បាន​បង្ក​ភាពងាយស្រួល និង​ផ្តល់​ជម្រើស​កាន់តែ​ប្រសើរ​ចំពោះ​អតិថិជន​ទូទៅ​ផងដែរ ៕

Advertisement