George Weah អតីត​តា​រា​បាល់​ទាត់​ឆ្នើម កំពុង​​ប្រជែង​តំណែង​ប្រធា​នា​ធិបតី នៅ​លី​បេ​រី​យ៉ា

អតីត​តា​​រា​បាល់​ទាត់​ដ៏ឆ្នើម​លោក George Weah ដែល​​ក៏​​ធ្លាប់​បានឈ្នះ​​ពាន​​កីឡាករឆ្នើម Ballon d’Or ​ប្រចាំ​ឆ្នាំ​របស់ពិភព​លោកផង​ដែរនោះនឹង​ត្រូវ​​ឈ្នះ​​ការប្រកួត​ជុំ​ទី​1​នៃ​ការ​បោះឆ្នោត​ជ្រើសរើសប្រធា​នាធិប​តីក្នុង​ប្រទេស​លី​បេ​រី​យ៉ា ក្រោយ​ពីក្រុម​ប្រឹក្សា​រៀប​ចំ​ការ​បោះឆ្នោ​តបានបញ្ជាក់​កាល​ពីថ្ងៃអាទិត្យ​ថា លោក​កំពុង​តែ​នាំមុខ​ជាមួយ​នឹង​​សំឡេង​ឆ្នោត​39​ភាគ​រយ ខណៈ​សន្លឹក​ឆ្នោត​​​​ដែលមិន​ទាន់​រាប់​នៅ​​សល់​ត្រឹម​តែ​5​ភាគ​រយ​​ទៀត​ប៉ុណ្ណោះ​។

លោក Weah នឹង​ត្រូវ​ធ្វើ​ការ​ប្រជែង​ជាមួយនឹងអនុ​ប្រធា​នា​ធិបតី គឺ​លោក Joseph Boakai ដែលកំពុង​តែ​ស្ថិតក្នុង​​ចំណាត់​ថ្នាក់​លេខ​ 2​ជាមួយ​នឹង​សំ​ឡេង​ឆ្នោត ​29.1​ភាគ​​រយ ក្នុង​ការ​​បោះឆ្នោត​ជុំ​ទី​2 នៅ​ខែក្រោយ​នេះ​។ លោក Boakai មាន​សំឡេង​ឆ្នោត​ច្រើន​ជាង​បេក្ខ​ភាព​ឈរក្នុង​ចំណាត់ថ្នាក់​លេខ​3​គឺ​លោក​មេ​ធាវី ​​Charles Brumskine ចំនួន​២៨ម៉ឺន​សន្លឹក​។ លទ្ធផល​ចុង​ក្រោយ​​ ដែល​ត្រូវ​បាន​ផ្អែក​ទៅលើ​លទ្ធផល​ពីការ​បោះឆ្នោត​​កាល​ពីថ្ងៃអង្គារ នឹង​ត្រូវ​ប្រកាសនៅ​ត្រឹម​ថ្ងៃ​ទី​25 ខែ​តុលា ខាង​​មុខនេះ​។ បេក្ខ​ភាព​សរុប​ចំនួន​20​នាក់​បានចូល​រួម​ប្រកួត​ប្រជែងក្នុង​ការ​បោះឆ្នោត​កាលពីសប្តាហ៍​មុនដើម្បី​ប្រជែង​យក​​តំណែង​ពី​លោក Ellen Johnson Sirleaf ម្ចាស់​​ពាន​ណូ​បែល​សន្តិភាព​ពិភព​លោក ក្នុងការផ្លាស់ប្តូរ​របប​​នយោ​បាយ​ប្រជា​ធិ​ប​តេយ្យ​ជា​លើក​ទី​1​ក្នុង​ប្រទេស​លី​បេរីយ៉ា ក្នុង​រយៈ​​ពេលច្រើន​ជាង​70​ឆ្នាំ​មកហើយ​។

សូម​បញ្ជាក់​ថា លោក Weah គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​ម្នាក់​ ខណៈ​ដែល​លោក​បាន​ចាប់ផ្តើមអាជីព​ជាកីឡា​បាល់​ទាត់​របស់​​លោក​នៅក្នុង​​ទ្វីប​អឺ​រ៉ុប ​ជាមួយ​នឹង​ក្លិប Monaco របស់​​បារាំង ក្នុង​ឆ្នាំ​1988​។ ក្រោយ​មក លោក​បានផ្ទេរ​ទៅកាន់ក្លិប Paris Saint-German ក្នុង​ឆ្នាំ​1992 មុននឹង​​ផ្ទេរ​ទៅកាន់​ក្លិប AC Milan ក្នុង​ឆ្នាំ​1995​។ ជា​មួយនឹងក្លិប​យក្ស​របស់​អ៊ី​តាលី​មួយ​នេះ លោក​បាន​ជួយ​ឲ្យពួកគេឈ្នះពាន​ក្រប​ខ័ណ្ឌ Serie A ក្នុងរដូវកាល​ទី​1​របស់​លោក ខណៈ​ដែល​លោក​បាន​បញ្ចប់​ក្នុង​នាម​ជា​អ្នក​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​​គេ​នៅ​រដូវកាលនោះ​។

ក្រោយ​ពី​បាន​ឈ្នះពាន​ជា​បន្ត​បន្ទាប់​ និង​ទទួល​បាន​ភាព​ជោគ​ជ័យ​ដ៏អស្ចារ្យ​ក្នុងក្លិប AC Milan លោក Weah បាន​​ឈ្នះពាន Ballon d’Or និង​​ជាប់​ជាកីឡាករឆ្នើម​ប្រចាំ​ឆ្នាំ​ក្នុង​ពិភព​លោក​របស់ FIFA ក្នុងឆ្នាំ​1995 ដើម្បីក្លាយ​ជា​កីឡាករ​អា​ហ្វ្រិក​ដំបូង​គេក្នុងការ​ឈ្នះពាននេះ​៕

ប្រភព​ពី​៖ Sports.yahoo.com

Advertisement