Kane ប្រឈមមុខ​នឹង​ការសាកល្បង​ដ៏​ធំ ពេល Spurs ប៉ះ Real រាត្រី​នេះ

ខ្សែប្រយុទ្ធ Harry Kane ពិតជា​អ្នកដើរ​តាម​គន្លង​របស់​តារា​ឆ្នើម Cristiano Ronaldo មែន ខណៈដែល​រូបគេ​កំពុង​សម្លឹង​រក​ការកសាង​កេ​រិ៍្ត​ឈ្មោះ​ឱ្យ​ល្បីល្បាញ​ដូច​ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនោះ​ក្នុងនាម​ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ក្នុង​ពិភពលោក​ម្នាក់​ដែរ  ប៉ុន្តែ​សម្រាប់​ពេលនេះ Ronaldo គឺជា​អ្នក​ដែល​កំពុងតែ​ដេញតាម​ពីក្រោយ​រូបគេ​ក្នុងការ​ប្រជែង​ដើម្បី​ក្លាយជា​ខ្សែប្រយុទ្ធ​កំពូល​ក្នុង​ក្របខ័ណ្ឌ Champions League ។

Kane បាន​ផ្លាស់ប្តូរ​ទម្រង់​លេង​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​របស់​ក្រុម Tottenham Hotspur ពី​ការបរាជ័យ​កាលពី​រដូវ​កាល​មុន មក​ចាប់ផ្តើម​យ៉ាង​ល្អឥតខ្ចោះ តាមរយៈ​ការរកបាន​គ្រាប់​បាល់​បញ្ចូល​ទី5គ្រាប់​ក្នុងចំណោម​គ្រាប់​បាល់​សរុប​ទាំង6គ្រាប់​របស់​ក្រុម Spurs ក្នុងពេល​ពួកគេ​បាន​យកឈ្នះ​លើ​ក្រុម Dortmund 3-1 និង APOEL 3-។ ការសាកល្បង​ដ៏​ពិតប្រាកដ​សម្រាប់ Kane និង​មិត្ត​រួម​ក្រុម​របស់គេ នឹង​កើតឡើង​នៅ​កីឡដ្ឋាន Santiago Bernabeu នៅ​រាត្រី​នេះ ខណៈដែល​ក្រុម Real Madrid និង Ronaldo កំពុងតែ​រង់ចាំ​ពួកគេ ក្រោយពី​បាន​ផ្តួល​ក្រុម Dortmund និង APOEL ក្នុង​លទ្ធផល 3-1 និង 3-០ ដូចគ្នា ដោយ Ronaldo រកបាន4គ្រាប់​ពី​ការប្រកួត​ទាំងពីរ​នោះ។

លោក Mauricio Pochettino អ្នកចាត់ការ​ទូទៅ​រប​ស់ Spurs បាន​ប្រាប់​ស្ថានីយ​វិទ្យុ​របស់​អេ​ស្ប៉ា​ញ នៅ​សប្តាហ៍​នេះ​ថា៖ «ពិតណាស់ វា​គឺជា​ឱកាស​មួយ​ក្នុងការ​កំណត់​ពី​សមត្ថភាព​របស់​យើង។ យើង​នឹងត្រូវ​ជួប​ក្រុម​ខ្លាំង​បំផុត​ក្នុង​ពិភពលោក»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​គឺជា​ក្រុម​ប្រជុំ​ដោយ​កីឡាករ​វ័យក្មេង និង​កីឡាករ​អន្តរជាតិ​ជាច្រើន ប៉ុន្តែ​មិនមាន​បទពិសោធ​ច្រើន​ក្នុង​ការលេង​ក្នុង​ប្រភេទ​នៃ​ការប្រកួត​បែបនេះ​ឡើយ។ វា​ជាការ​សាកល្បង​ជា​មូលដ្ឋានគ្រឹះ​មួយ»។

លោក Pochettino បាន​បន្ថែមទៀតថា៖ «Kane គឺជា​ខ្សែប្រយុទ្ធ​ម្នាក់​ក្នុងចំណោម​ខ្សែប្រយុទ្ធ​ដែលមាន​ទម្រង់​លេង​ល្អ​បំផុត​ក្នុង​ពិភពលោក មាន​មនុស្ស​ជាច្រើន​និយាយ​ពី​ចំណុច​នេះ​រួចហើយ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

ប្រភពពី៖ Daily Stars

Advertisement