Man City សម្លឹង​រក​ជ័យជម្នះ​លើក​ទី3 ពេល​ជួប​ក្រុម Napoli នៅ​រាត្រី​នេះ

ក្រុម​កំពុង​ឡើង​ទម្រង់​លេង Manchester City នឹង​សម្លឹង​រក​ការដណ្តើម​បាន​ជ័យជម្នះ​ជា​លើក​ទី3 ពី​ការប្រកួត​ក្របខ័ណ្ឌ Champions League ក្នុង​វគ្គ​ចែក​ពូ​ល​ទាំង3លើក នៅពេលដែល​ពួកគេ​បើកទ្វារ​ទទួល​ក្រុម​កំពុង​នាំមុខ​លើ​តារាង Serie A គឺ Napoli នៅ​រាត្រី​នេះ។

ក្រុម Man City របស់លោក Pep Guardiola នឹងត្រូវ​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ទាំង​ការជឿជាក់ ក្រោយពី​បាន​លត់​ក្រុម Stoke City យ៉ាងដំណំ​ក្នុង​លទ្ធផល 7-2 ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល​ក្រុម Napoli បាន​កត់ត្រា​ជ័យជម្នះ 1-០ នៅលើ​ទឹកដី​ក្រុម Roma កាលពី​ចុង​សប្តាហ៍ថ្មីៗនេះ។ ក្រុម​យក្ស​របស់​អង់គ្លេស​មួយ​នេះ​នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ ដោយ​ស្ថិតនៅលើ​កំពូល​តារាង​នៃ​ពូ​ល F ដោយមាន6ពិន្ទុ​ក្នុង 2ប្រកួត ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Feyenoord ក្នុង​លទ្ធផល 4-០ កាលពី​ថ្ងៃ​បើកឆាក មុននឹង​យកឈ្នះ​លើ​ក្រុម Shakhtar Donetsk 2-០ នៅលើ​ទឹកដី​ខ្លួនឯង កាលពី3សប្តាហ៍​មុន។

ដោយឡែក ក្រុម Napoli បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 2-1 នៅលើ​ទឹកដី​ក្រុម Shakhtar Donetsk កាលពី​ថ្ងៃ​បើកឆាក ប៉ុន្តែ ពួកគេ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ក្របខ័ណ្ឌ​របស់​អ៊ីតាលី ខណៈដែល​ការយក​ឈ្នះ​លើ​ក្រុម Roma 1-០ កាលពី​ថ្ងៃ​សៅរ៍ គឺជា​ជ័យជម្នះ​ជា​លើក​ទី8របស់​ពួកគេ​ពី​ការប្រកួត​ទាំង8លើក​ក្នុង​ក្របខ័ណ្ឌ Serie A។ ប៉ុន្តែ ក្រុម Napoli មិន​ធ្លាប់​ឈ្នះ​សោះ​ពី​ការធ្វើដំណើរ​ទៅ​ប្រកួត​នៅ​អង់គ្លេស​ចំនួន4លើក​កាលពីពេលមុនៗរបស់​ពួកគេ។ ទោះបីជា​យ៉ាងណា លោក Guardiola បាន​បញ្ជាក់ថា លោក​នឹងមិន​អនុញ្ញាត​ឲ្យ​កីឡាករ​នៃ​ក្រុម Man City របស់លោក​ធ្លាក់ចូល​អន្ទាក់​ដោយសារ​តែ​ការជឿជាក់​លើ​ខ្លួនឯង​ខ្លាំងពេក​នោះទេ។ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «ប្រសិនបើ​ពួកគេ​គិត​បែប​នោះ ពួកគេ​នឹង​ក្លាយជា​មនុស្ស​ល្ងង់។ ប៉ុន្តែ​បញ្ហា​នេះ​នឹងមិន​កើតមានឡើង​ទេ»។

លោក Guardiola បាន​ប្រាប់​បន្តថា៖ «ខ្ញុំ​នឹង​បង្ហាញ​ដល់​កីឡាករ​របស់ខ្ញុំ​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ ទៅលើ​របៀប​នៃ​ការប្រកួត​ដ៏​ល្អ​មួយ​ដែល​ក្រុម Napoli នឹងត្រូវ​លេង។ ខ្ញុំ​នឹង​បង្ហាញ​ពួកគេ ដូចដែល​ខ្ញុំ​បានបង្ហាញ​ពួកគេ​ពី​ទម្រង់​លេង​របស់​ក្រុម Shakhtar Donetsk អ៊ីចឹង»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 1:45ទៀបភ្លឺ៕

ប្រភពពី៖ Sport24

Advertisement